ទីក្រុងវែលីងតុន៖ ទូរស័ព្ទ (Smart Phone) នឹងត្រូវហាមឃាត់នៅក្នុងសាលារៀន ទូទាំងប្រទេសនូវែលសេឡង់តែម្ដង។ នេះបើតាម ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីអភិរក្សនិយម Christopher Luxon ថ្លែងនាថ្ងៃទី១ ធ្នូ ក្រោយកត់សម្គាល់ឃើញអត្រាអក្ខរកម្មមានការធ្លាក់ចុះ។
សាលារៀនរបស់ប្រទេសនូវែលសេឡង់ដែលធ្លាប់តែឈរនៅលំដាប់ថ្នាក់ល្អ ជាសាលារៀនដែលមានអត្រាអក្ខរកម្មខ្ពស់មួយរបស់ពិភពលោក បានធ្លាក់ដល់ចំណុចគួរឱ្យព្រួយបារម្ភមួយ។
កម្រិតនៃការអាន និងសរសេររបស់សិស្សបានធ្លាក់ចុះ ដែលនាំឱ្យក្រុមអ្នកស្រាវជ្រាវភ័យខ្លាចថា នេះអាចជាវិបត្តិសម្រាប់វិស័យអប់រំទាំងមូល។
ក្រោមហេតុផលនេះ លោកនាយករដ្ឋមន្ត្រី Christopher Luxon បានប្រកាសអំពីវិធានការហាមប្រាម ទូរស័ព្ទចេញពីសាលារៀន ដោយចាប់អនុវត្តក្នុងរយៈពេល ១០០ ថ្ងៃដំបូង ដោយលោកសង្ឃឹមថា វិធានការនេះនឹងបញ្ឈប់នូវការរំខានមួយចំនួន និងអាចជួយឱ្យសិស្សមានការផ្ដោតអារម្មណ៍ជាងមុន។
លោក Christopher Luxon បានមានប្រសាសន៍ថា៖«យើងនឹងហាមប្រាមទូរស័ព្ទចេញពីសាលារៀននៅទូទាំងប្រទេស ព្រោះយើងចង់ឱ្យសិស្សផ្ដោតលើការសិក្សា និងចង់ឱ្យគ្រូផ្ដោតលើការបង្រៀន»។
ទន្ទឹមគ្នានេះ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលអប់រំសប្បុរសធម៌នូវែលសេឡង់ ក៏បានព្រមានអំពីវិបត្តិអក្ខរកម្មកាលពីឆ្នាំ ២០២២ ដោយរបាយការណ៍បានរកឃើញថា ក្មេងអាយុ ១៥ ឆ្នាំច្រើនជាង ១ ភាគ ៣ មិនអាចអាន ឬសរសេរបាន។
ក្រុមអ្នកស្រាវជ្រាវបានបន្ថែមដែរថា ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃអត្រាអក្ខរកម្មនេះ អ្នកពាក់ព័ន្ធត្រូវតែមានការចាត់វិធានការជាបន្ទាន់។
យ៉ាងណាមិញ បញ្ហានេះអាចជាបន្ទុកដ៏ធ្ងន់មួយសម្រាប់រដ្ឋាភិបាលដែលទើបនឹងស្បថចូលកាន់តំណែងកាលពីថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅ ពោលគឺលោក Christopher Luxon ទើបកាន់តំណែងបានមួយសប្ដាហ៍ប៉ុណ្ណោះ។
ក្រៅតែពីបញ្ហាក្នុងវិស័យអប់រំនេះ រដ្ឋាភិបាលទើបចូលកាន់តំណែងនេះក៏កំពុងតែដោះស្រាយនូវបញ្ហាចម្រូងចម្រាសជាមួយសាធារណជន ចំពោះការសម្រេចដកចេញនូវច្បាប់ហាមឃាត់ការជក់បារីរបស់លោកផងដែរ។
ការហាមឃាត់ការជក់បារីនេះ គឺជាគោលនយោបាយរបស់នាយករដ្ឋមន្ត្រីចាស់ សំដៅលើកស្ទួយសុខភាពសាធារណៈ។ ក្រោមគោលនយោបាយនេះ អត្រានៃការជក់បារីរបស់ប្រជាជនបានធ្លាក់ចុះយ៉ាងគំហុក ដែលនាំឱ្យមានការកោតសរសើរពីសាធារណជន ក៏ដូចជាអន្តរជាតិ៕