ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃនេះបាននិយាយថា មេដឹកនាំលោក Kim Jong Un បានអំពាវនាវឱ្យយោធាមានការត្រៀមលក្ខណៈ ក្នុងករណីចាំបាច់ធ្វើការឆ្លើយតបទៅនឹងការបង្កហេតុណាមួយពីសំណាក់សត្រូវ។ លើសពីនេះទីក្រុងព្យុងយ៉ាងបានប្តេជ្ញាថានឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធខ្លាំងជាងមុន និងសព្វាវុធថ្មីនៅតាមព្រំដែនរបស់ខ្លួនជាមួយកូរ៉េខាងត្បូងផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានឱ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់ទីបញ្ជាការកងទ័ពអាកាស កាលពីថ្ងៃព្រហស្បតិ៍ លោក គីម បានដាក់ចេញនូវគោលការណ៍ណែនាំយុទ្ធសាស្ត្រប្រតិបត្តិការ ដើម្បីបង្កើនការត្រៀមខ្លួន និងសមត្ថភាពធ្វើសង្គ្រាមរបស់យោធា។
KCNA បានបញ្ជាក់ថា លោក គីម បានវាយតម្លៃខ្ពស់នូវការត្រៀមខ្លួនដ៏តឹងតែងរបស់ក្រុមអ្នកបើកយន្តហោះក្នុងការអនុវត្តបេសកកម្មប្រយុទ្ធតាមផ្លូវអាកាសដោយមិនគិតពីឧបសគ្គ ឬដែនកំណត់ណាមួយដែលមិនអំណោយផលនោះទេ។
គួរជម្រាបថា កាលពីសប្តាហ៍មុនប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដំបូងរបស់ខ្លួនដោយជោគជ័យ ដែលវាអាចជួយសម្រួលយ៉ាងខ្លាំងដល់ទីក្រុងព្យុងយ៉ាងក្នុងការតាមដានចលនាយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ក្រោយការបាញ់បង្ហោះនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានថ្កោលទោសយ៉ាងខ្លាំងនិងថាជា ការរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ជុំវិញការថ្កោលទោសនេះដែរ ទីក្រុងព្យុងយ៉ាងឯណោះបានឆ្លើយតបថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបបន្ថែមទៀត ដោយហៅវាថាជាការអនុវត្តសិទ្ធិការពារខ្លួន។
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ក៏បានកំណត់គោលដៅលើកូរ៉េខាងជើងជាមួយនឹងទណ្ឌកម្មថ្មីជុំវិញការបាញ់បង្ហោះផ្កាយរណបនេះដែរ។
ចំណែកកូរ៉េខាងត្បូងដែលជាសត្រូវធំ បានផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះផ្កាយរណបកូរ៉េខាងជើង ព្រមទាំងបានបង្កើនការឃ្លាំមើលនៅតាមព្រំដែនជាមួយកូរ៉េខាងជើង៕