ហ្វីលីពីន និងចិន បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកនាថ្ងៃអាទិត្យទី១០ ខែធ្នូនេះ ជុំវិញការប៉ះទង្គិចគ្នារវាងនាវារបស់ប្រទេសទាំង២ ក្នុងដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈភាពតានតឹងក្នុងតំបន់កើនឡើង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានចោទប្រកាន់ចិនថាបានបាញ់ទឹកដោយប្រើកាណុងបាញ់ទឹក និងរារាំងដោយកម្លាំងលើនាវាដឹកគ្រឿងផ្គត់ផ្គង់ និងនាវាឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន ដែលជាសកម្មភាពគ្រោះថ្នាក់ បណ្តាលឱ្យមានការខូចខាតម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែឆ្មាំឆ្នេរសមុទ្រចិនឯនោះវិញ បាននិយាយថា នាវាហ្វីលីពីនមានចេតនារារាំងកប៉ាល់របស់ខ្លួនមុន។ ចិននិយាយថា នាវាហ្វីលីពីនចំនួន២ ចូលក្នុងដែនទឹកដែលនៅជាប់នឹងឆ្នេរប៉ប្រះទឹក Ren'ai (គេស្គាល់ជាទូទៅ Second Thomas Shoal)ក្នុងប្រជុំកោះ Nansha(ស្ព្រាតលី) ដោយខុសច្បាប់ គ្មានការយល់ព្រមពីរដ្ឋាភិបាលចិន។
ប្រទេសចិនទាមទារដែនទឹកសមុទ្រចិនខាងត្បូងថាជារបស់ខ្លួនស្ទើរទាំងស្រុង ដែលបង្កជាជម្លោះជាមួយប្រទេសផ្សេងទៀត រួមមានហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ។តុលាការអន្តរជាតិ ចាត់ទុកការទាមទាររបស់ចិនថាគ្មានបានការ ប៉ុន្តែចិនច្រានចោល ហើយបង្កើនសកម្មភាពលើដែនទឹករបស់ខ្លួន។
ចិន និងហ្វីលីពីន ប៉ះទង្គិចគ្នាជារឿយៗជុំវិញតំបន់ឆ្នេរប៉ប្រះទឹក Second Thomas Shoal ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីនរាល់ពេលឆ្មាំសមុទ្រហ្វីលីពីនដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់រួមមានទាំងស្បៀង ឱ្យទាហានហ្វីលីពីនលើនាវាចម្បាំងចាស់មួយ ដែលឈរជើងក្នុងតំបន់ ដើម្បីការពារការទាមទារដែនទឹករបស់ខ្លួន។ ឆ្នេរប៉ប្រះទឹក Second Thomas Shoal ស្ថិតនៅក្នុងប្រជុំកោះជម្លោះស្ព្រាតលី។
ការចោទប្រកាន់គ្នាទៅវិញទៅមក នាថ្ងៃអាទិត្យនេះ ធ្វើឡើងបន្ទាប់ពី ហ្វីលីពីនបានចោទប្រកាន់ចិនកាលពីថ្ងៃសៅរ៍ថា បានធ្វើ «សកម្មភាពខុសច្បាប់ និងគឃ្លើន» ដោយប្រើកាណុងបាញ់ទឹកទៅលើកប៉ាល់នេសាទរបស់រដ្ឋាភិបាល ដែលជនស៊ីវិលកំពុងប្រើការ។ ប៉ុន្តែចិនអះអាងថា ខ្លួនធ្វើការត្រួតពិនិត្យ ហើយសកម្មភាពរបស់ខ្លួនគឺស្របតាមច្បាប់»៕