​ទីប្រឹក្សា​មូលនិធិ​កុមារ​ យុវជន​ និង​គ្រួសារ​ថៃ​ លោក​ស្រី​ ធីឆា​ ណាណាខន​ (ThichaNanakorn) បាន​​ឱ្យ​ដឹង​ថា​ គ្រូ​បង្រៀង​ ៤ នាក់​ និង​សិស្ស​ ២ នាក់​ផ្សេង​ទៀត​​ រងការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ ក្រោម​បទ​​​​ចោទ​ប្រកាន់​​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​សិស្ស​ស្រីៗ​​ចំនួន​៣​នាក់ក្នុង​ខេត្ត​មុក្ដាហារ​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​នា​ថ្ងៃ​អាទិត្យ​ ទី​១០ធ្នូនេះ​។ 

លោក​ស្រី​ ធីឆា បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក​ថា​ ​ ក្នុង​ឆ្នាំ​ ២០២០ ​​មូលនិធិ​​ និង​ដៃគូ​ក្នុ​ង​ស្រុក​ផ្សេង​ទៀត ​បាន​ចាប់​ផ្តើម​ជួយ​ជន​រងគ្រោះ​ដើម្បី​​ចោទ​ប្រកាន់​ពី​​បទ​​ឧក្រិដ្ឋ​​និ​ង​​រដ្ឋប្បវេណី​ប្រឆាំង​នឹង​គ្រូ​បង្រៀន​ ៦ នាក់​ និង​សិស្ស​ ២នាក់​ រហូត​ដល់​តុលាការ​ខេត្ត​មុក្ដាហារ ​​យល់​ព្រម​បើក​សវនាការ​លើ​ករ​ណី​​នេះ​​នៅ​ថ្ងៃ​ទី​ ១ ​ខែ​កក្កដា​ ឆ្នាំ​ ២០២០។

លោក​​​ស្រី​​បាន​​លើក​​ឡើង​​ពី​​សេចក្តី​​សម្រេច​​​របស់​​តុលាការ​ខេត្ត​មុក្ដាហារ​ ដែល​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​​ថា​ កុ​មា​រី​ជន​រង​គ្រោះ​ទាំង​អស់​ មាន​អាយុ​ក្រោម​ ១៥ ឆ្នាំ​ នៅ​ពេល​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ពួក​គេ​បាន​កើត​ឡើង​។ ​​​ការ​​រំលោភ​​បំពា​ន​​លើ​ជន​រង​គ្រោះដដែល​ ​បាន​កើត​ឡើង​​​​ម្តង​​ហើយ​​ម្តង​​ទៀត​ ចាប់​តាំង​ពី​​​​​ថ្ងៃ​​ទី​​១៦​ ខែ​​ឧសភា ​ឆ្នាំ​​២០១៩ ​រហូត​​ដល់​​ថ្ងៃ​​ទី​​៤​ ខែ​​មីនា​ ឆ្នាំ​​២០២០ ​​ក្នុង​​ផ្ទះ​​គ្រូ​​​​ជាប់​​ចោទ​​ម្នាក់​​។

គេ​មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ពី​សិស្ស​២​នាក់​ ដែល​​រង​ការ​ចោទ​ប្រកាន់ និងការ​​កាត់​ទោស​​នោះ​ទេ​ ខណៈ​គ្រូ​បង្រៀន​២​នាក់​ទៀត​ត្រូវ​បាន​រួច​ខ្លួន​ ដោយ​សារ​តែ​គ្មាន​​​ភស្តុតាង​គ្រប់​គ្រាន់​ ដើម្បី​ដាក់​ប​ន្ទុក​ថា​ ពួក​គេ​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​រំលោភ​បំពាន​នោះ​។ ​

​លោក​​ស្រី​ ធីឆា បាន​បន្តផង​ដែរ​​ថា​ តាម​​បញ្ជា​របស់​តុលាការ​ ជន​ជាប់​ទោស​ទាំង​ ៦ រូប​ ​​ត្រូវ​​​ផ្ដល់​សំណង​ជា​​ប្រាក់​ចំនួន​ ៣ លាន​បាត​​រួម​គ្នា​ ជា​មួយ​នឹងអត្រា​​ការ​ប្រាក់​ ៧,៥ ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​​ ទៅ​ជន​រង​គ្រោះ​។

ជុំវិញ​បញ្ហា​នេះ​ ​លោក​ស្រី​ ធីឆា បាន​និយាយ​ថា​ ​លោក​ស្រី​មាន​គម្រោង​ជួប​​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ថៃ​ លោក ​​Permpoon Chidchob​ អំពី​វិធី​ទប់​ស្កាត់​ការ​រំលោភ​ផ្លូវ​ភេទ​ស្រដៀង​គ្នា​នេះ​ កុំ​ឱ្យ​កើត​ឡើង​ម្តង​ទៀត​។​