ប្រទេសជិត ២០០ ដែលជួបជុំគ្នានៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួមសម្រាប់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិ នាពេលនេះកំពុងពិភាក្សាថាតើគួរយល់ព្រមលើកិច្ចព្រមព្រៀងសំដៅបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាលើកដំបូងរបស់ពិភពលោកដែរឬទេ។ ដោយកិច្ចព្រមព្រៀងនេះជាដំណោះស្រាយដ៏សំខាន់មួយក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុដែលពិភពលោកទាំងមូលកំពុងជួបប្រទះ។
ក្នុងនោះយ៉ាងហោចណាស់មានប្រទេសចំនួន៨០រួមទាំងសហភាពអឺរ៉ុបសហរដ្ឋអាមេរិកនិងដែនកោះដែលងាយរងគ្រោះដោយសារកត្តាអាកាសធាតុមួយចំនួនកំពុងទាមទារឱ្យមានកិច្ចព្រមព្រៀង COP28 ដើម្បីលុបបំបាត់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
ប៉ុន្តែយ៉ាងណា អគ្គលេខាធិការអង្គការ OPEC គឺ លោក Haitham Al Ghais បានជំរុញឱ្យប្រទេសផ្សេងទៀតដែលជាសមាជិកក្រុម OPEC+ បដិសេធកិច្ចព្រមព្រៀងចេញពីកិច្ចប្រជុំ COP28 ទាំងឡាយណាដែលពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីល។
ក្រោយការជំរុញបែបនេះពីសំណាក់លោក Haitham Al Ghais អង្គការអាកាសធាតុបានរិះគន់យ៉ាងខ្លាំងនិងចាត់ទុកថានេះជាការប៉ុនប៉ងរបស់អង្គការ OPECលើការបង្អាក់កិច្ចព្រមព្រៀង COP28 ស្តីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីលទៅកាន់ប្រទេសជាសមាជិកផ្សេងទៀត។
លោក Wopke Hoekstra ដែលជាប្រធានអង្គការអាកាសធាតុសហភាពអឺរ៉ុបបានមានប្រសាសន៍ថា៖«នៅទីនេះយើងមិនផ្ដោតការយកចិត្តទុកដាក់ទៅលើប្រយោជន៍ជាតិរៀងខ្លួនឬប្រយោជន៍ផ្នែកហិរញ្ញវត្ថុនោះទេពួកយើងនៅទីនេះដើម្បីធ្វើអ្វីដែលល្អសម្រាប់អនាគតពិភពលោករបស់យើង»។
លោក Wopke Hoekstra បានបន្តថា៖ «នេះគួរតែជាការចាប់ផ្ដើមនៃសកម្មភាពបញ្ឈប់ឥន្ធៈហ្វូស៊ីលបើទោះជាយើងជាប្រទេសផលិតប្រេងឬជាអ្នកប្រើប្រាស់ប្រេងក៏ដោយ»។
លោកបន្តថានេះអាចជាបរាជ័យដ៏ធំធេងមួយប្រសិនបើកិច្ចប្រជុំ COP28 មិនអាចបង្កើតកិច្ចព្រមព្រៀងសំដៅកាត់បន្ថយការឡើងកម្ដៅផែនដីនៅក្នុងកម្រិតមួយដែលអាចបញ្ចៀសនូវមហន្ដរាយនាថ្ងៃខាងមុខ។
យ៉ាងណាមិញក្រុមអ្នកសង្កេតការណ៍និងអ្នកចរចានៅក្នុងកិច្ចប្រជុំ COP28 បាននិយាយថាបណ្តាប្រទេសដូចជាអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីដែលជាសមាជិកនៃអង្គការ OPEC និង OPEC+ គឺជាអ្នកប្រឆាំងដ៏ធំបំផុតសម្រាប់កិច្ចព្រមព្រៀងបញ្ឈប់ឥន្ធនៈ។
ធ្យូងថ្មប្រេងនិងឧស្ម័នមានច្រើនជាង៧៥% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលដែលកំពុងជំរុញឱ្យមានផលប៉ះពាល់អាកាសធាតុកាន់តែអាក្រក់រួមមានការឡើងកម្ដៅគ្រោះរាំងស្ងួតនិងការកើនឡើងកម្រិតទឹកសមុទ្រជាដើម។
ឥន្ធនៈហ្វូស៊ីលដូចជាធ្យូងថ្ម ប្រេងនិងហ្គាសជាដើមបានក្លាយជាតម្រូវការដ៏ចាំបាច់សម្រាប់ជីវិតក្នុងសង្គមបច្ចុប្បន្ន។រីឯប្រទេសកំពុងអភិវឌ្ឍន៍វិញក៏កំពុងទាមទារការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដើម្បីជួយពួកគេវិនិយោគលើថាមពលស្អាត។
ទោះបីជាមានការកើនឡើងនៃថាមពលកកើតឡើងវិញក៏ដោយប៉ុន្តែឥន្ធនៈហ្វូស៊ីលបានគ្របដណ្ដប់ប្រហែល៨០% នៃថាមពលរបស់ពិភពលោកទៅហើយដូច្នេះវាជារឿងមួយដ៏លំបាកដែលពិភពលោកត្រូវដាក់គោលដៅឈានទៅបញ្ឈប់ការប្រើប្រាស់ទាំងស្រុង៕