អ្នកគាំទ្រគណបក្សជាតិនិយមបង់ក្លាដែសរាប់រយនាក់ បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើបាតុកម្មប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខណៈបក្សប្រឆាំងដ៏ធំមួយនេះ ទាមទារឱ្យមានរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលមិនលម្អៀង ជាអ្នករៀបចំការបោះឆ្នោត។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
គណបក្សប្រឆាំង ដែលដឹកនាំដោយលោកស្រីអតីតនាយករដ្ឋមន្ត្រី Khaleda Zia មួយនេះនឹងធ្វើពហិការមិនចូលរួមការបោះឆ្នោត ដោយទុកឱ្យអ្នកបោះឆ្នោតនៅបង់ក្លេដែស ដែលមានប្រជាជនជាង ១៦៦ លាននាក់ មានជម្រើសតិចក្នុងការសម្រេចចិត្ត។ លោកស្រីនាយករដ្ឋមន្រ្តីបច្ចុប្បន្ន Sheikh Hasinaមកពីគណបក្ស Awami League រំពឹងថានឹងជាប់អាណត្តិទី ៤ របស់ខ្លួន។
ក្នុងការជួបប្រជុំគ្នានៅថ្ងៃអាទិត្យនៅកណ្តាលក្រុងដាកា សកម្មជនបក្សប្រឆាំងបាននិយាយថា ពួកគេមិនគិតថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ក្រោមការរៀបចំរបស់រដ្ឋាភិបាលរបស់លោកស្រី Hasina នោះទេ។
ការប្រមូលផ្តុំដដែលនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណេះ បន្ទាប់ពីបាតុកម្មរបស់គណបក្សប្រឆាំងដដែលកាលពីចុងខែតុលា បានប្រែក្លាយជាហិង្សា ក្រោមការបង្រ្កាបរបស់ប៉ូលិស។ ក្រុមបាតុករកាលពីថ្ងៃអាទិត្យ បានកាន់បដាផ្សេងៗ ដែលរួមមានទាំងការសរសេរថាទាមទារឱ្យដោះលែងអ្នកទោសនយោបាយ។
ការសម្រេចចិត្តរបស់គណបក្សជាតិនិយមបង់ក្លេដែស ក្នុងការធ្វើពហិការការបោះឆ្នោត កើតឡើងចំពេលមានការបង្រ្កាបអស់រយៈពេលជាច្រើនខែលើសម្លេងប្រឆាំងពីសំណាក់រដ្ឋាភិបាល ដែលចាប់អ្នកនយោបាយជាច្រើននាក់ដាក់គុក ហើយបំបិទមាត់ពួកគេតាមមធ្យោបាយផ្សេងៗ។
ក្នុងរបាយការណ៍កាលពីខែមុន អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយថា សកម្មជនប្រឆាំងប្រមាណ ១០ ០០០ នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃបាតុកម្មចុងខែតុលា។
ខណៈក្រុមអ្នករិះគន់និយាយថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយការលួចបន្លំ រដ្ឋាភិបាលលោកស្រី Hasina បានច្រានចោល ដោយនិយាយថា វានឹងប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យ និងការរួមបញ្ចូលពីគ្រប់ភាគី៕