សហរដ្ឋអាមេរិក និងចិន នៅមិនទាន់បានបើកឱ្យមានកិច្ចសន្ទនាផ្នែកយោធា ដែលមេដឹកនាំរបស់ពួកគេបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែមុននោះទេ។ នេះបើយោងតាមសេតវិមានអាមេរិក។
ការលើកឡើងនេះ ហាក់ដូចជាសហរដ្ឋអាមេរិកកំពុងមានបំណងចង់ចាប់ផ្តើមពិភាក្សាផ្នែកយោធាជាមួយចិនឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹងដែលកំពុងកើតមាន។
លោក ចន ឃើប៊ី (John Kirby) អ្នកនាំពាក្យរបស់សេតវិមានអាមេរិកបានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះប្រភេទ Air Force One ថា ការបើកកិច្ចពិភាក្សាយោធាឡើងវិញនឹងអាចកាត់បន្ថយកំហុសឆ្គង និងការយល់ច្រឡំរវាងគ្នាបានច្រើន។
ប៉ុន្តែលោកបានបន្ថែមថា កិច្ចចរចានេះប្រហែលជាមិនទាន់អាចធ្វើទៅបានទេ ដោយសារតែប្រទេសចិនមិនទាន់បានតែងតាំងអ្នកជំនួសតំណែងលោកឧត្តមសេនីយ៍ លី សាងហ្វ៊ូ (Li Shangfu) ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិចិន ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែតុលា និងដែលជាសមភាគីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin)។
លោក ឃើប៊ី និយាយថា៖ «ខ្ញុំយល់ថា ទំនាក់ទំនងផ្នែកយោធាមិនទាន់ត្រូវបានស្ដារឡើងវិញទេ នេះគឺប្រហែលជាដោយសារតែអវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិចិន»។ លោកបានបន្តថា៖«យើងសូមជំរុញឱ្យមានការតែងតាំងអ្នកណាម្នាក់ក្នុងពេលឆាប់ៗ ដើម្បីចាប់ផ្ដើមដំណើរការកិច្ចចរចា»។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ធ្លាប់បានសម្រេចថា ពួកគេនឹងចាប់ផ្តើមស្ដារទំនាក់ទំនងយោធាឡើងវិញអំឡុងពេលដែលមេដឹកនាំទាំង ២ មានជំនួបក្នុងកិច្ចប្រជុំកំពូល APEC នៅរដ្ឋ California កាលពីខែមុន។
ទំនាក់ទំនងយោធារវាងប្រទេសទាំង ២ ត្រូវបានផ្អាក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ក្នុងខែសីហា ឆ្នាំ ២០២២ ដែលបានធ្វើឱ្យប្រទេសចិនដែលតែងតែទាមទារអធិបតេយ្យភាពលើកោះមួយនេះ មានការខឹងសម្បាយ៉ាងខ្លាំង។
កាលពីថ្ងៃទី ៨ ខែធ្នូ តៃវ៉ាន់បានរាយការណ៍ថា យន្តហោះចម្បាំងរបស់ចិនចំនួន ១២ គ្រឿង និងបាឡុងអាកាសធាតុមួយ បានហោះឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៅក្នុងច្រកសមុទ្រតៃវ៉ាន់។ សកម្មភាពនេះបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង ខណៈដែលតៃវ៉ាន់ បាននិងកំពុងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយនេះ។
ការបោះឆ្នោតនៅថ្ងៃទី ១៣ ខែមករា ខាងមុខរបស់តៃវ៉ាន់ ក៏ជំរុញពួកគេឱ្យបង្កើតទំនាក់ទំនងយោធាដោយផ្ទាល់រវាងភាគីទាំងនៅក្នុងតំបន់មួយចំនួន ដែលជម្លោះអាចកើតមាន។
ក្នុងឆ្នាំ ២០២៣ នេះ សហរដ្ឋអាមេរិក និងចិនបានជួបប្រទះនឹងបញ្ហាចម្រូងចម្រាសជាច្រើន ជាពិសេសជុំវិញការធ្វើសមយុទ្ធយោធារៀងៗខ្លួនក្នុងតំបន់ រួមមានដូចជានៅតំបន់ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនជាដើម៕