ប្រធានាធិបតីតួកគី លោក រ៉េស៊ីប តៃយីប អេរដូហ្គែន (Recep Tayyip Erdogan) កាលពីថ្ងៃសៅរ៍ទី ៩ ខែធ្នូ បានចោទប្រកាន់លោកខាងលិចថា គាំទ្រអំពើព្រៃផ្សៃនៅតំបន់ហ្គាហ្សា តាមរយៈជំហររបស់ពួកគេលើជម្លោះអ៊ីស្រាអែល-ហាម៉ាស់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP។
ក្នុងកិច្ចប្រជុំ ១ ដែលធ្វើឡើង ១ ថ្ងៃមុនខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នាទីក្រុងអ៊ីស្តង់ប៊ុល លោក អេរដូហ្គែន បានថ្លែងថា៖«អ៊ីស្រាអែលបានប្រព្រឹត្តអំពើឃោរឃៅ និងការសម្លាប់រង្គាលដែលធ្វើឱ្យមនុស្សជាតិទាំងមូលអាម៉ាស់»។
លោកបន្តថា៖ «តម្លៃទាំងអស់ទាក់ទងនឹង មនុស្សជាតិ ត្រូវបានកប់ចោលនៅហ្គាហ្សា។ នៅចំពោះមុខភាពឃោរឃៅបែបនេះ ស្ថាប័នអន្តរជាតិ និងអង្គការ សិទ្ធិមនុស្ស មិនចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីទប់ស្កាត់ការរំលោភបំពានបែបនេះឡើយ»។
សេចក្តីប្រកាសសិទ្ធិមនុស្ស ដែលប្រកាសដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងប៉ារីស ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ កំណត់ស្តង់ដាសិទ្ធិមនុស្ស និងសេរីភាពសម្រាប់មនុស្សគ្រប់រូប។
មេដឹកនាំតួកគីដដែលបានបន្ថែមថា តម្លៃតែ ១ គត់ដែលលោកខាងលិចប្រកាន់ខ្ជាប់ គឺភាពព្រៃផ្សៃរបស់ពួកគេ។ គេអាចបានឃើញឧទាហរណ៍នៃភាពព្រៃផ្សៃរបស់បស្ចិមប្រទេសទាំងនោះ នៅក្នុងព្រឹត្តិការណ៍ដ៏អកុសលទាំងអស់ដែលពួកគេបានគាំទ្រ ឬប្រព្រឹត្ត»។
លោក អេរដូហ្គែន បានលើកយកអំណះអំណាងពីការវាយប្រហារលើវិហារអ៊ិស្លាមនៅក្រុង Christchurch នៃប្រទេសនូវែលសេឡង់ក្នុងឆ្នាំ ២០១៩ ដែលខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សចំនួន ៥១ នាក់។ លោកនិយាយថា លោកខាងលិចចាត់ទុកការវាយប្រហារ «ប្រឆាំងនឹងសាសនាអ៊ិស្លាម» នោះថា ស្របច្បាប់ ហើយថែមទាំងបានលើកទឹកចិត្តលើការវាយប្រហារនោះទៀតផង។
លោក អេរដូហ្គែន ថ្លែងថា យោងតាមការយល់ដឹងរបស់លោកខាងលិច ពួកដែលមិនមែនជាលោកខាងលិច គ្មានសិទ្ធិនឹងប្រើសិទ្ធិមនុស្សជាសកលនោះទេ។
ភ្ជាប់នឹងបញ្ហានេះ លោកអេរដូហ្គែន បាននិយាយថា ពិភពលោកដែលប្រកបដោយយុត្តិធម៌ជាងនេះ អាចកើតមាន ប៉ុន្តែ វាមិនអាចកើតមានជាមួយអាមេរិកទេ ដោយសារប្រទេសនេះគាំទ្រអ៊ីស្រាអែល។ លោកបន្តថា៖ «ចាប់ពីពេលនេះតទៅ មនុស្សជាតិនឹងមិនគិតថា អាមេរិកគាំទ្រសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សទេ»។
ការថ្លែងយ៉ាងបែបនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានវេតូលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា។ អាមេរិកដែលជាសម្ព័ន្ធអ៊ីស្រាអែល ជឿថា បទឈប់បាញ់នៅហ្គាហ្សា នឹងផ្ដល់ប្រយោជន៍ឱ្យតែក្រុមហាម៉ាស់ ដែលខ្លួនចាត់ទុកថាជាក្រុមភេរវករប៉ុណ្ណោះ។
កាលពីខែតុលា លោក អេរដូហ្គែន បានប្រាប់ហ្វូងបាតុករដ៏ធំនៅទីក្រុងអ៊ីស្តង់ប៊ុលថា រដ្ឋាភិបាលរបស់លោកកំពុងរៀបចំ ដើម្បីប្រកាសអ៊ីស្រាអែលជា «រដ្ឋប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម» ដោយសារតែសកម្មភាពរបស់ប្រទេសនេះនៅតំបន់ហ្គាហ្សា។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយជា ខ្លួននឹងវាយតម្លៃឡើងវិញពីទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយតួកគី។
ការរិះគន់របស់លោក អេរដូហ្គែន ជុំវិញបញ្ហាសិទ្ធិមនុស្សរបស់លោកខាងលិច ធ្វើឡើងខណៈកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសតួកគី ក្នុងអំឡុងពេលកាន់អំណាចរយៈពេល ២ ទសវត្សរ៍របស់លោក ស្ថិតនៅក្រោមការរិះគន់យ៉ាងខ្លាំងពីសំណាក់បស្ចិមលោក ជាពិសេសសហភាពអឺរ៉ុប៕