ប្រទេសចិន និងវៀតណាម ត្រូវបានកំណត់យល់ព្រមក្នុងសប្តាហ៍នេះ លើគម្រោងការអភិវឌ្ឍន៍ផ្លូវដែកឱ្យកាន់តែប្រសើរឡើងរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលអាចធ្វើទៅបានរួមទាំងគម្រោងឌីជីថលផងដែរ ក្នុងគោលដៅធ្វើឱ្យទីក្រុងហាណូយខិតទៅជិតក្រុងប៉េកាំងស្របពេលដែលមហាអំណាចគូប្រជែងកំពុងចោមរោមដណ្តើមឥទ្ធិពលគ្នានៅវៀតណាម។
សេចក្តីប្រកាសនេះ ត្រូវបានរំពឹងថា នឹងបញ្ចេញជាសាធារណៈក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីង ( Xi Jinping) ទៅកាន់ទីក្រុងហាណូយចាប់ពីថ្ងៃអង្គារនេះ ដែលនេះជាលើកទី១ ក្នុងរយៈពេល ៦ ឆ្នាំដែលលោកទៅកាន់ប្រទេសជិតរបស់ខ្លួនខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដំណើរទស្សនកិច្ចក៏ធ្វើឡើងភ្លាមៗ បន្ទាប់ពប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden០ បានធ្វើដំណើរទៅកាន់រដ្ឋធានីវៀតណាមក្នុងខែកញ្ញាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ។
បើតាមកាសែតរដ្ឋវៀតណាម Tuoi Tre បានរាយការណ៍ដោយដកស្រង់សម្តីឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោកXiong Bo បាននិយាយថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយដល់ប្រទេសវៀតណាមដើម្បីជំរុញផ្លូវរថភ្លើងរវាងទីក្រុងគុនមីងនិងទីក្រុងកំពង់ផែ Haiphong របស់វៀតណាមរួមទាំងបណ្តាញដឹកជញ្ជូនផ្សេងទៀតពីភាគខាងត្បូងប្រទេសចិនទៅកាន់ទីក្រុងហាណូយ។
លោក Xiong Bo បានបន្ថែមថាប្រទេសចិននឹងផ្តល់ «ជំនួយឥតសំណង» សម្រាប់គម្រោងទាំងនេះខណៈកាសែត Tuoi Tre បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យថាប្រសិនបើវាជាជំនួយឥតសំណងពិតប្រាកដនោះវានឹងក្លាយជាសម្បទានដ៏សំខាន់មួយដល់ប្រទេសវៀតណាមដែលជាប្រទេសមានទម្លាប់ស្អប់ខ្ពើមក្នុងការខ្ចីប្រាក់ពីប្រទេសដទៃ។
ការផ្តល់ជំនួយក្នុងទំហំធំធេងបែបនេះរបស់ចិនក៏អាចត្រូវបានគេយល់ថាជាការវាយប្រហារដល់សហរដ្ឋអាមេរិក និងប្រទេសគាំទ្រលោកខាងលិចផ្សេងទៀតដែលព្យាយាមជួយគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសវៀតណាមតាមរយៈផែនការអាកាសធាតុដែលអាចនឹងផ្តល់ប្រាក់កម្ចី ច្រើនសន្ធឹកសន្ធាប់ដើម្បីជួយវៀតណាមកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។
ផែនការធ្វើឱ្យប្រសើរឡើងផ្លូវដែក Kunming-Haiphong ដែល Reuters បានរាយការណ៍ជាលើកដំបូងនៅដើមខែធ្នូគឺជាគម្រោងមួយដែលឆ្លងកាត់តំបន់អណ្តូងរ៉ែកម្រដ៏ធំបំផុតដែលវៀតណាមខ្លួនឯងមិនទាន់មានលទ្ធភាពទាញយកប្រយោជន៍ពីវានៅឡើយពោលគឺដោយសារតែខ្វះបច្ចេកវិទ្យាកែច្នៃ។
រហូតមកដល់ពេលនេះ ប្រទេសចិន គឺជាប្រទេសផលិតដ៏ធំបំផុតរបស់ពិភពលោកនិងជាប្រទេសចម្រាញ់រ៉ែកម្រប៉ុន្តែសម្រាប់ចិន និងវៀតណាម គេមិនច្បាស់ថាតើកិច្ចព្រមព្រៀងអ្វី ដែលអាចសម្រេចបាននោះទេនៅថ្ងៃទស្សនកិច្ចរបស់លោក Xi ដ្បិតអីទីក្រុងប៉េកាំងតែងតែស្ទាក់ស្ទើរក្នុងការចែករំលែកបច្ចេកវិជ្ជាចម្រាញ់រ៉ែរបស់ខ្លួនហើយទីក្រុងហាណូយភាគច្រើនរារាំងការនាំចេញរបស់កម្រដែលមិនទាន់កែច្នៃ។
ក្រសួងការបរទេសវៀតណាមមកទល់ពេលនេះមិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានឡើយពីជំនួយចិនដែលអាចធ្វើទៅបាននោះទេក៏ប៉ុន្តែនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីខែវិច្ឆិកាបានប្រកាសគាំទ្រការអភិវឌ្ឍន៍ផ្លូវដែក Kunming-Haiphong៕