នាវាចម្បាំងបារាំងមួយ ឈ្មោះថា ឡាងហ្គោដុក (Lauedngoc) បានបាញ់បំផ្លាញយន្តហោះគ្មានមនុស្សបើក ឬហៅថា ដ្រូន ចំនួន ២ គ្រឿង នៅលើសមុទ្រក្រហម។ យោងតាមសម្ដីរបស់ក្រុមយោធាបារាំងបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកទាំង ២នេះបានហោះមកពីឆ្នេរសមុទ្រប្រទេសយេម៉ែន ហើយយោធាបារាំងក៏បានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍។
ការបាញ់ស្ទាក់ដ្រូនទាំងពីរនេះបានធ្វើឡើងនៅម៉ោង ២ កន្លះយប់មួយគ្រឿង និងម៉ោង ១០ កន្លះយប់មួយគ្រឿងទៀត ដែលមានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រយេម៉ែន។ គួរដឹងដែរថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅប្រទេសយេម៉ែនបានគំរាមថា ពួកគេនឹងវាយប្រហារកប៉ាល់ណាដែលចង់ធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល លើកលែងតែជាកប៉ាល់ផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្រទៅកាន់តំបន់ហ្កាហ្សា។
តំបន់ហ្កាហ្សាបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជាងពីរខែកន្លងមកនេះ។
ក្រុមឧទ្ទាមហ៊ូទីបានប្រកាសថា កប៉ាល់ទាំងឡាយណាដែលមានទាក់ទងជាមួយអ៊ីស្រាអែល ឬដឹកទំនិញទៅកាន់កំពង់ផែអ៊ីស្រាអែល គឺមិនស្វាគមន៍នោះទេនៅក្នុងសមុទ្រក្រហម ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយតភ្ជាប់ទៅកាន់ព្រែកជីកស៊ុយអេ (Suez Canal)។ ពួកគេបានព្រមាននាវាទាំងអស់ និងជាពិសេសនាវាក្រុមហ៊ុនឯកជន កុំឲ្យចូលកំពង់ផែអ៊ីស្រាអែល។
ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅថ្ងៃទី៧ ខែតុលាមក ក្រុមឧទ្ទាមហ៊ូទីបានធ្វើការវាយប្រហារនាវានៅលើសមុទ្រក្រហមជាច្រើនគ្រឿង។ ជាក់ស្ដែង កាលពីសប្តាហ៍មុន ពួកគេបានវាយប្រហារលើនាវាចំនួន ២ គ្រឿង រួមទាំងកប៉ាល់ដែលមានទង់ជាតិបាហាម៉ាស (Bahamas) ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីខែមុន ពួកគេបានថែមទាំងបានរឹបអូសយកកប៉ាល់ដឹកទំនិញដែលជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែលទៀតផង។ ការធ្វើបែបនេះ បានបង្កឱ្យមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំង។
មនុស្សជាច្រើននៅតំបន់ហ្កាហ្សាកំពុងស្ថិតនៅក្នុងស្ថានភាពតស៊ូជាមួយភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ បានបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងច្រើន ជាពិសេសស្ត្រី និងកុមារ ហើយបានបណ្តាលឱ្យមនុស្សជាច្រើនជាប់ក្នុងអគារបាក់រលំ។
កន្លងមក ក្រុមឧទ្ទាមហ៊ូទី មិនត្រឹមតែវាយប្រហារនៅតំបន់សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីល តម្រង់គោលដៅទៅកាន់អ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។
ថ្មីៗនេះ នាវាពិឃាតរបស់អាមេរិកបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងផងដែរ ដែលជារបស់ប្រទេសយេម៉ែនក្នុងសមុទ្រក្រហម ខណៈពេលដែលកំពុងកំពុងផ្ដល់ជំនួយដល់នាវាពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកបានអះអាងថា ទង្វើរបស់យេម៉ែននេះគឺជារឿងដ៏គ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់សុវត្ថិភាពដែនសមុទ្រ។
ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក តាឈី ហេនេកប៊ី (TzachiHanegbi) បានបញ្ជាក់ថា អ៊ីស្រាអែលបដិសេធមិនទទួលយកទង្វើឡោមព័ទ្ធផ្លូវទឹកបែបនេះដាច់ខាត ហើយថាលោកនាយករដ្ឋមន្ត្រី បេនចាមិន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងមេដឹកនាំអឺរ៉ុបជួយចូលធ្វើអន្តរាគមន៍។
លោក ហេនេកប៊ី បានព្រមានថា ប្រសិនបើសហគមន៍អន្តរជាតិមិនចាត់វិធានការទេ អ៊ីស្រាអែលអាចនឹងចាត់វិធានការដោយខ្លួនឯង ដើម្បីបញ្ចប់បញ្ហាមួយនេះ។
នៅតំបន់មជ្ឈិមបូព៌ា ក្រុមដែលពាក់ព័ន្ធជាមួយអ៊ីរ៉ង់ ដូចជាក្រុមហេសបូឡានៅលីបង់ និងក្រុមប្រដាប់អាវុធនៅស៊ីរី និងអ៊ីរ៉ាក់ បាននិងកំពុងវាយប្រហារទីតាំងរបស់អាមេរិក ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមទម្លាក់គ្រាប់បែកកាលពីថ្ងៃទី៧ ខែតុលា។ ទន្ទឹមនឹងនោះ អ៊ីស្រាអែលនៅតែទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា បើទោះបីជាសហរដ្ឋអាមេរិកបានចេញជំហររារាំងក៏ដោយ៕