ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នឹងជួបប្រជុំគ្នានៅសេតវិមាននាថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នាលើការបន្តផ្ដល់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ចំពេលដែលកងទ័ពឈ្លានពានរុស្ស៊ីបង្កើនការវាយប្រហារក្នុងរដូវរងា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ជំនួបនេះ ធ្វើឡើងខណៈរដ្ឋបាលរបស់លោក បៃដិន បង្កើនសម្ពាធឱ្យសភាអនុម័តការផ្តល់ជំនួយរាប់ពាន់លានដុល្លារបន្ថែមដល់អ៊ុយក្រែន ទោះបីមានការប្រឆាំងពីសមាជិកសភា និងព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋមួយចំនួន។
សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោក ហ្សេឡេនស្គី ទៅអាមេរិកលើកនេះ មានបំណងបញ្ជាក់ពីការប្តេជ្ញាចិត្តដែលមិនអាចរង្គោះរង្គើបានរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន ដែលកំពុងការពារខ្លួនប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី។
សេតវិមានបន្តថា៖ «ពេលដែលរុស្ស៊ីបង្កើនការវាយប្រហារដោយមីស៊ីល និងដ្រូនប្រឆាំងនឹងអ៊ុយក្រែន មេដឹកនាំ២នឹងពិភាក្សាគ្នាអំពីតម្រូវការបន្ទាន់របស់អ៊ុយក្រែន និងសារៈសំខាន់ដ៏សំខាន់នៃការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងពេលបែបនេះ»។
ការិយាល័យរបស់លោក ហ្សេឡេនស្គី ឯណោះវិញ បានបញ្ជាក់ថា លោក ហ្សេឡេនស្គី បានទទួលយកការអញ្ជើញរបស់លោក បៃដិន ខណៈមេដឹកនាំអ៊ុយក្រែនដដែល ក៏នឹងត្រូវនិយាយទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិកទាំងអស់ផងដែរ។
កន្លងមក លោក បៃដិន បានស្នើសុំកញ្ចប់ថវិកាចំនួន ១១០ប៊ីលានដុល្លារពីសភា ដើម្បីផ្ដល់ជាមូលនិធិក្នុងសម័យសង្គ្រាម សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែលរួមជាមួយនឹងអាទិភាពសន្តិសុខជាតិផ្សេងៗទៀត ប៉ុន្តែសំណើនេះ ត្រូវជាប់គាំងដោយការជជែកដេញដោលគ្នា ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក និងសន្តិសុខតាមព្រំដែន។
មកទល់ពេលនេះ សភាអាមេរិកបានអនុម័តថវិកាចំនួន ១១១ប៊ីលានដុល្លារដើម្បីជួយអ៊ុយក្រែនរួចទៅហើយ ដោយក្នុងនោះមានជំនួយផ្នែកយោធាចំនួន ៦៧ប៊ីលានដុល្លារ, ជំនួយសេដ្ឋកិច្ច និងស៊ីវិល ២៧ប៊ីលានដុល្លារ និងជំនួយមនុស្សធម៌ ១០ពាន់លានដុល្លារ។
យ៉ាងណាមិញ កាលពីសប្ដាហ៍មុន ប្រធានផ្នែកគ្រប់គ្រងថវិកានៃរដ្ឋបាលបៃដិន លោកស្រី Shalanda Young បាននិយាយក្នុងលិខិតមួយទៅកាន់មេដឹកនាំសភា និងព្រឹទ្ធសភាថា សហរដ្ឋអាមេរិកនឹងអស់ថវិកា ដើម្បីផ្គត់ផ្គង់អាវុធ និងជំនួយទៅឱ្យអ៊ុយក្រែននៅចុងបញ្ចប់នៃឆ្នាំនេះ ដែលអាចនឹងធ្វើឱ្យអ៊ុយក្រែនចាញ់ក្នុងសមរភូមិប្រយុទ្ធឈ្លានពានរបស់រុស្ស៊ី៕