សារព័ត៌មានអាមេរិក បានរាយការណ៍នៅថ្ងៃទី១០ ខែធ្នូ ឱ្យដឹងថា បុគ្គលិកសិក្សារាប់រយនាក់នៃសាកលវិទ្យាល័យ Harvard បានចុះហត្ថលេខាលើលិខិតមួយគាំទ្រប្រធានសាកលវិទ្យាល័យនេះ បន្ទាប់ពីមានការឱ្យលាលែងពីតួនាទី ក្រោយការផ្តល់សក្ខីកម្មរបស់គាត់នៅក្នុងសវនាការសភាស្តីពីការកើនឡើងនៃការប្រឆាំងពួកយូដានៅក្នុងបរិវេណសាកលវិទ្យាល័យ ដែលបានរុញឱ្យមានសម្ពាធលើអ្នកគ្រប់គ្រងរូបនេះលាលែងពីដំណែង។
ការគាំទ្រនេះក៏កើតមានបន្ទាប់ពីសាកលវិទ្យាធិការនៃសកលវិទ្យាល័យផ្សេងទៀត បានលាលែងពីតួនាទីក្នុងមូលហេតុដូចគ្នានេះ បន្ទាប់ពីមានសាររើសអើងនិងបង្កឱ្យមានហេតុទៅរកអំពើប្រល័យពូជសាសន៍ដោយសារជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន។
សារព័ត៌មាន Boston Globe បានរាយការណ៍ថា លិខិតដែលគាំទ្រសាកលវិទ្យាធិការ លោកស្រី Claudine Gay នៃសាកលវិទ្យាល័យ Hardvard បានកើតឡើង បន្ទាប់ពីសមភាគីរបស់លោកស្រីនៅសាកលវិទ្យាល័យ Ivy League មួយផ្សេងទៀតបានលាលែងពីតំណែងកាលពីថ្ងៃទី៩ខែធ្នូ ប្រឈមមុខនឹងការរិះគន់ និងសម្ពាធនយោបាយដ៏ក្រៀមក្រំចំពោះការបង្ហាញខ្លួនរបស់ពួកគេនៅក្នុងសវនាការនៅថ្ងៃទី៥ខែធ្នូ។
សំបុត្រនិងសវនាការទាំង ២នេះ កើតឡើងដោយសារការកើនឡើងនៃការវាយប្រហារស្អប់ និងវោហារស័ព្ទវាយលុកសំដៅលើជនជាតិយូដា និងមូស្លីម ចាប់តាំងពីការផ្ទុះនៃជម្លោះបច្ចុប្បន្ននៅហ្គាហ្សា ជំរុញឱ្យមានការជជែកវែកញែកអំពីព្រំដែននៃការនិយាយដោយសេរីនៅក្នុងសហរដ្ឋអាមេរិក។
លិខិតនេះព្រមានថាការជំរុញផ្នែកនយោបាយដើម្បីដកលោកស្រីសាស្ត្រាចារ្យ Gay គឺ «ផ្ទុយនឹងការប្តេជ្ញាចិត្តរបស់ Harvard ចំពោះសេរីភាពនៃការសិក្សា» នេះបើយោងតាម Globe ហើយអំពាវនាវឱ្យអ្នកគ្រប់គ្រង«ការពារឯករាជភាពរបស់សាកលវិទ្យាល័យ» ។
អ្នកគ្រប់គ្រងស្ថាប័នឧត្តមសិក្សាចំនួន៣ រួមមាន សាស្ត្រាចារ្យ Claudine Gay នៃសាកលវិទ្យាល័យ Hardvard,សាស្ត្រាចារ្យ Elizabeth Magill នៃសាកលវិទ្យាល័យ Pennsylvania និង Sally Kornbluth នៃវិទ្យាស្ថាន Massachusett Institute of Technology បានផ្តល់ចម្លើយយ៉ាងយូរ និងតាមផ្លូវច្បាប់ នៅពេលត្រូវបានសួរថាតើសិស្សដែលអំពាវនាវឱ្យ «មានអំពើប្រល័យពូជសាសន៍នៃពួកយូដា» នៅក្នុងបរិវេណសាលារបស់ពួកគេបំពានលើក្រមសីលធម៌របស់សិស្ស។
យោងតាមការផ្សាយរបស់ AFP ការវាយបកចំពោះសក្ខីកម្មរបស់ពួកគេរីករាលដាលលឿន និងខ្លាំងក្លា ដោយម្ចាស់ជំនួយបានគំរាមដកប្រាក់រាប់លានដុល្លារដល់ស្ថាប័ន ហើយការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
សមាជិកសភាចំនួន ៧៤ នាក់បានសរសេរលិខិតទាមទារឱ្យមានការផ្លាស់ប្តូរចេញជាបន្ទាន់។
សាស្ត្រាចារ្យ Magill បានលាលែងពីតំណែងជាក្រុមប្រឹក្សាភិបាលរបស់ MIT កាលពីថ្ងៃទី៩ ខែធ្នូ បាននិយាយថា ខ្លួននឹងគាំទ្រលោក DrKornbluth។
ក្រោយមក លោកស្រីសាស្ត្រាចារ្យ Gay បានសុំទោសចំពោះការខកខានក្នុងការថ្កោលទោសយ៉ាងខ្លាំងទៅលើការគំរាមកំហែងនៃអំពើហឹង្សាប្រឆាំងនឹងពួកយូដានៅក្នុងបរិវេណសាលារបស់លោកស្រី។
នៅក្នុងសវនាការកាលពីថ្ងៃទី៥ ខែធ្នូ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ Elise Stefanik បានសួរថ្នាក់ដឹកនាំនីមួយៗ ថាតើការអំពាវនាវឱ្យមានការប្រល័យពូជសាសន៍សាសន៍យូដាបានបំពានច្បាប់ ឬក្រមសីលធម៌របស់សាកលវិទ្យាល័យឬយ៉ាងណា។
ដោយយោងតាមសារដែលបានបង្ហោះនៅលើគេហទំព័ររបស់ការិយាល័យរបស់លោកស្រី Stefanik លោកស្រីសាស្ត្រាចារ្យ Gay បានឆ្លើយតបថា៖«ច្បាប់ជុំវិញការគំរាមកំហែង និងការយាយីគឺជាក់លាក់ណាស់។ ហើយប្រសិនបើបរិបទដែលភាសានោះត្រូវបានប្រើប្រាស់ស្មើនឹងការគំរាមកំហែង និងការយាយី នោះយើងចាត់វិធានការប្រឆាំងនឹងវា»។
លោកស្រីសាស្ត្រាចារ្យ Gay បានយល់ស្របថា ការអំពាវនាវឱ្យមានការប្រល័យពូជសាសន៍សាសន៍យូដាគឺជាការប្រឆាំងនឹងពួកសាសន៍យូដា ហើយបានប្រាប់លោកស្រី Stefanik ថា "នៅពេលដែលសុន្ទរកថាឆ្លងកាត់ការប្រព្រឹត្ត យើងចាត់វិធានការ" ។
នៅពេលដែលលោកស្រី Stefanik បានឮចម្លើយស្រដៀងគ្នាពីអ្នកផ្សេងទៀត លោកស្រីបានផ្ទុះឡើងថា “វាមិនអាស្រ័យលើបរិបទទេ...ចម្លើយគឺ«មែន» ហើយនេះជាមូលហេតុដែលអ្នកគួរលាលែងពីតំណែង»។
បន្ទាប់ពីសាស្ត្រាចារ្យ Magill បានលាលែងពីតំណែង លោកស្រី Stefanik បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “១ចុះចេញហើយ២ទៀតត្រូវតែទៅ»៕