ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​ព្រមាន​កាលពីពេល​ថ្មី​នេះ​ថា ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ខ្លះ អាច​នឹង​ស្លាប់​ក្នុង​លក្ខខណ្ឌ​ដ៏​អាក្រក់​នៃ​រដូវរងា​នេះ ប្រសិនបើ​ពួកគេ​គ្មាន​ជម្រក​នៅក្រោយ​រដ្ឋាភិបាល​​ប៉ា​គី​ស្ថាន​បណ្ដេញ​ចេញពី​ប្រទេស​ទេនោះ​។ យោងសេចក្តី​រាយ​ការណ៍​នៃ​សារព័ត៌មាន AP​។​

​ការព្រមាន​នេះ​ធ្វើឡើង​ក្រោយ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជិត​កន្លះ​លាន​នាក់ បាន​ចាក​ចេញពី​ប្រទេស​ប៉ា​គី​ស្ថាន​រាប់​តាំងពីដើម​ខែតុលា​មក ពោលគឺ​បន្ទាប់​​ពី​រដ្ឋាភិបាល​ក្រុង​អ៊ិ​ស្លា​ម៉ា​បាដ ចេញ​ការប្រកាស​ចាប់ និង​និរទេស​ខ្លួន​ជនបរទេស​ណា ដែល​រស់​នៅក្នុង​ប្រទេស​របស់ខ្លួន​ដោយ​ខុសច្បាប់​។​

​ប៉ា​គី​ស្ថាន​និយាយ​ការពារ​ខ្លួន​ថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​មិន​កំណត់​គោលដៅ​លើ​ជនបរទេស​ណាមួយ​ជាក់​នោះទេ ទោះបីជា​គេ​ដឹង​ហើយ​ថា ជនជាតិ​បរទេស​ខុសច្បាប់​នៅ​ប៉ា​គី​ស្ថាន​ភាគច្រើន គឺជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

​ការធ្វើ​មាតុភូមិនិវត្តន៍​ដ៏​ច្រើនសន្ធឹក​បែបនេះ កំពុង​ដាក់​សម្ពាធ លើ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ភ្នាក់ងារ​ជំនួយ​ផ្សេងៗ ដែល​កំពុងផ្ដល់​សេវាកម្ម​សំខាន់ៗ​ជាច្រើន រួមមាន​ការថែទាំ​សុខភាព​ជាដើម ហើយ​ការធ្លាក់ចុះ​នៃ​សីតុណ្ហភាព​នា​រដូវរងា កំពុងតែ​ដាក់បន្ទុក​បន្ថែមទៀត​ដល់​ស្ថានភាព​តាម​បណ្ដោយ​ព្រំដែន ដែល​អាក្រក់​រួច​ស្រាប់​ទៅហើយ​។​

​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា​៖«​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន ដែល​ត្រឡប់មក​ប្រទេស​វិញ គឺ​ងាយ​រងគ្រោះ រួមទាំង​ស្ត្រី និង​កុមារ ដែល​អាច​បាត់​បង់ជីវិត​របស់​ពួកគេ​ក្នុង​រដូវរងា​ដ៏​អាក្រក់​នេះ ប្រសិនបើ​គ្មាន​ជម្រក​គ្រប់គ្រាន់​ទេនោះ​»​។​

​ទីភ្នាក់ងារ​បន្តថា​៖«​ប្រជាជន​ដែល​មកដល់​ព្រំដែន​អស់កម្លាំង ហើយ​ត្រូវការ​ជំនួយ​ជាបន្ទាន់ រួមទាំង​ការលើកទឹកចិត្ត​»​។​

​ក្រុមគ្រួសារ​ខ្លះ បាន​ប្រាប់ថា ពួកគេ​ព្រួយបារម្ភ​ថា សីតុណ្ហភាព​រដូវរងា​កាន់តែ​ត្រជាក់​នៅ​តំបន់​ខ្លះ​ជាពិសេស​តំបន់ភ្នំ​ដែល​អាច​រារាំង​ពួកគេ​មិនឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ភ្លាមៗ​។​

 AP កាលពី​ថ្ងៃអាទិត្យ​ដោយ​ដកស្រង់​ទីភ្នាក់ងារ​របស់​​ UN​ ដែលថា​៖«​មនុស្ស​ជាច្រើន​មាន​ជំងឺ ឧទាហរណ៍​ដូចជា​ជំងឺ​រលាក​ទងសួត ដោយសារ​អាកាសធាតុ​ត្រជាក់ និង​ការធ្វើដំណើរ​ដ៏​លំបាក​ពី​ប៉ា​គី​ស្ថាន​»​។​

​ទីភ្នាក់ងារ​បន្តថា​៖«​ពួកគេ​ខ្លះ អត់​មាន​របស់របរ រួមទាំង​សម្លៀក​បំពាក់ ដូច្នេះហើយ ពួកគេ​មិនអាច​ការពារ​ខ្លួន​ពី​បញ្ហា​ទាំង​នោះបានទេ​»​។​ 


​លើសពីនេះទៅទៀត ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ខ្លះ​ដែល​វិល​ចូល​ស្រុក​នាពេលនេះ មិន​ធ្លា​ប់រស់​​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ បើ​គិត​ទៅតាម​ជំនាន់ៗ​។ បែបនេះហើយ ពួកគេ​គ្មាន​ផ្ទះ​សំបែង​កន្លែង​សម្រាប់​រស់នៅ ឬ​បាត់បង់​ក្រុមគ្រួសារ​សាច់​ញាតិ ដែល​ពួកគេ​អាច​ពឹងពាក់​អាស្រ័យ​បាន​៕​