សមាជិកចំនួន ១៩៣ រូប តំណាងឱ្យប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិទំនងជានឹងបោះឆ្នោតនៅថ្ងៃទី ១២ ខែធ្នូនេះលើសេចក្តីព្រាងនៃសេចក្តី សម្រេចចិត្តទាមទារឱ្យមានបទឈប់បាញ់ និងបង្កើនការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើតាមអ្នកការទូតដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ចំណាត់ការដែលដាក់ចេញថ្មីនេះ កើតមានឡើងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលទើបបរាជ័យក្នុងការដាក់ចេញសេចក្តីសម្រេច តាមរយៈក្រុមប្រឹក្សាសន្តិសុខដោយសារការជំទាស់ (វេតូ) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៨ ខែធ្នូ លើការទាមទាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់បទឈប់បាញ់មនុស្សធម៌ ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា។
មហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែតុលាបានអនុម័តដំណោះស្រាយមួយ ដោយមាន ១២១ សំឡេងគាំទ្រ ១៤ សំឡេងប្រឆាំង និង ៤៤ សំឡេងអនុប្បវាទ ដែលជាការអំពាវនាវលើកដំបូងក្នុងស្ថាប័នកំពូល ឱ្យមាន «បទឈប់បាញ់មនុស្សធម៌ភ្លាមៗ យូរអង្វែង និងនិរន្តរភាពដែលនាំទៅដល់ការបញ្ឈប់អរិភាព» ប៉ុន្តែការសម្រេចនាពេលនោះគ្មានបានការឡើយដោយសារសង្គ្រាមទើបឆាបឆេះ ហើយអ៊ីស្រាអែលបង្កើនការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់ដែលបានវាយឆ្មក់យ៉ាងឃោរឃៅចូលទឹកដីរបស់ខ្លួនកាលពីថ្ងៃទី ៧ ខែតុលា ដោយសម្លាប់មនុស្សអស់ជាង ១ ២០០ នាក់ ចាប់ចំណាប់ខ្មាំងប្រមាណ ២៤០ នាក់ពីអ៊ីស្រាអែល។
ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង មានតែកិច្ចព្រមព្រៀងបទឈប់បាញ់លើការដោះដូររវាងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសហាម៉ាស់ប៉ាឡេស្ទីនមួយប៉ុណ្ណោះក្រោមការសម្របសម្រួលរបស់ប្រទេសកាតា ត្រូវបានអនុវត្តរយៈពេល ៦ ថ្ងៃហើយសង្គ្រាមបានផ្ទុះឡើងជាថ្មីដោយអ៊ីស្រាអែលបានពង្រីកសង្គ្រាមពីភាគខាងជើងចូលទៅភាគខាងត្បូងតំបន់ហ្គាហ្សា។
យោងសេចក្តីរាយការណ៍រ៉យទ័រ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុងសំខាន់របស់ហ្គាហ្សាភាគខាងត្បូងកាលពីថ្ងៃទី ១១ ខែធ្នូ បន្ទាប់ពីក្រុមហាម៉ាស់បានព្រមានថា គ្មានចំណាប់ខ្មាំងអ៊ីស្រាអែលណាម្នាក់នឹងចាកចេញពីទឹកដីនេះឡើយ លុះត្រាតែមានការទាមទារឱ្យមានការដោះលែងអ្នកទោស។
ក្នុងសង្គ្រាមរយៈពេល ៩ សប្តាហ៍មកនេះអ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយលុកសងសឹកដោយមិនអើពើទាល់តែសោះជាមួយការអំពាវនាវនានារួមទាំងស្ថាប័នតំបន់ និងស្ថាប័នកំពូល គឺអង្គការសហប្រជាជាតិ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ ៩៩៧ នាក់ដែលភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។
អ៊ីស្រាអែលវាយប្រហារនៅថ្ងៃទី ១១ ខែធ្នូ លើទីក្រុង Khan Yunis ដោយអ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មកពីក្រុមជីហាតអ៊ិស្លាមដែលជាក្រុមដាច់ដោយឡែកបាននិយាយថា ពួកគេបានបំផ្ទុះផ្ទះមួយដែលទាហានអ៊ីស្រាអែលកំពុងស្វែងរកផ្លូវរូងក្រោមដី។
ក្រុមហាម៉ាស់កាលពីថ្ងៃទី ១០ ខែធ្នូបានព្រមានថា អ៊ីស្រាអែលនឹងមិនទទួលបាន «អ្នកទោសនៅរស់ដោយគ្មានការផ្លាស់ប្តូរនិងការចរចា និងបំពេញតាមការទាមទាររបស់ពួកគេ» ។
អ៊ីស្រាអែល និយាយថា នៅតែមានចំណាប់ខ្មាំង ១៣៧ នាក់ទៀត នៅតំបន់ហ្គាហ្សា ខណៈដែលអ្នកទោសប៉ាឡេស្ទីនប្រហែល ៧ ០០០ នាក់កំពុងស្ថិតនៅក្នុងគុកអ៊ីស្រាអែល។
អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ១,៩ លាននាក់នៃប្រជាជន ២,៤ លាននាក់ត្រូវបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេ ហើយប្រហែលពាក់កណ្តាលនៃពួកគេគឺជាកុមារ។
ប្រទេសតំបន់អារ៉ាប់ក៏បង្កើនសកម្មភាពចោទអ៊ីស្រាអែលជុំវិញឧក្រិដ្ឋកម្មសង្គ្រាម៕