ប្រទេស​ហ្វីលីពីន ​កាលពី​ថ្ងៃទី១១ ខែធ្នូ​បានចាត់ទុក​សកម្មភាព​នាវា​ចិន ​ប្រឆាំងនឹង​ទូក​របស់ខ្លួន ​ដែល​កំពុង​បំពេញបេសកកម្ម​ផ្គត់ផ្គង់​អាហារ​ជូន​កងទ័ព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថា​ ជាការ​បំពាន​ដ៏​ធ្ងន់ធ្ងរ។ នេះ​ក៏​ដោយសារតែ​ ក្នុងចំណោម​ទូក​ដែល​កប៉ាល់​ចិន​ បាន​បាញ់​នោះ មាន​វត្តមាន​របស់​ប្រមុខ​យោធា​ជាន់ខ្ពស់​របស់​ហ្វីលីពីន១ រូប​ ផងដែរ។

យ៉ាងណាមិញ​នេះ​ មិនមែនជា​លើក​ទី១ទេ ​ដែល​កប៉ាល់​ឆ្មាំ​សមុទ្រ​របស់​ចិន​ ធ្វើ​សកម្មភាព​បាញ់កាំភ្លើង​ទឹក​ទៅលើ​ទូក​ហ្វីលីពីន​ប៉ុន្តែ​ឧបទ្ទវហេតុ​ចុងក្រោយ​នេះ​បាន​បណ្តាលឱ្យ​ខូចខាត​ម៉ាស៊ីន​ទូក​របស់​ហ្វីលីពីន​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​ត្រូវ​អូស​ត្រឡប់​ទៅកាន់​កំពង់ផែ​វិញ​ដោយ​ខកខាន​បំពេញបេសកកម្ម​ផ្គត់ផ្គង់​អាហារ​ដល់​កងទ័ព។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទីក្រុង​ម៉ានីល​ និង​ទីក្រុង​ប៉េកាំង ​តែង​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់ Thomas Shoal ខណៈដែល​ចិន​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​ការទាមទារ​ដែនសមុទ្រ​របស់ខ្លួន។

ប្រទេស​ចិន​បានទាមទារ​អធិបតេយ្យភាព​សឹងតែ​លើ​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​តែម្ដង​ដោយ​ផ្អែកលើ​ផែនទី​របស់ខ្លួន​ដែល​កាត់​ចូលទៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់​វៀតណាម​ហ្វីលីពីន​ម៉ាឡេស៊ី​ប្រ៊ុយណេ​និង​ឥណ្ឌូនេស៊ី​និង​កោះ​តៃវ៉ាន់​ទាំងមូល។

ការប៉ុនប៉ង​ម្តង​ហើយ​ម្តងទៀត​របស់​ប្រទេស​ចិន​ក្នុង​ការបិទ​ផ្លូវទឹក​តំបន់ Thomas Shoal ដែលមាន​ចម្ងាយ​តិចជាង ២០០ ម៉ា​យល៍ ពី​ខេត្ត Palawan របស់​ប្រទេស​ហ្វីលីពីន​បានធ្វើឱ្យ​តំបន់​នេះ​ក្លាយជា​ចំណុចក្ដៅ​សម្រាប់​ជម្លោះ​រវាង​ទីក្រុង​ម៉ានីល​និង​ទីក្រុង​ប៉េកាំង។

ដោយ​ភ័យខ្លាច​ថា​ទីក្រុង​ប៉េកាំង​កំពុង​រៀបចំ​ផែនការ​ដើម្បី​កាន់កាប់​តំបន់​នេះ​ហ្វីលីពីន​បានដាក់​កងទ័ព​នៅ​យាម​ហើយ​ដែលជារឿយៗតែងមាន​ទូក​ដឹក​អាហារ​និង​សម្ភារផ្សេងៗយកទៅ​ផ្គត់ផ្គង់​ដល់​កងទ័ព​ទាំងនោះ។

លោក Jonathan Malaya មន្ត្រីជាន់ខ្ពស់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ហ្វីលីពីន​បាន​និយាយថា៖ «តំបន់ Thomas Shoal គឺជា​ទីតាំង​ដ៏​ល្អ​សម្រាប់​តាំង​មូលដ្ឋាន​យោធា​ដូច្នេះហើយ​ទើប​មិន​ចម្លែក​ទេ​ដែល​ប្រទេស​ចិន​ចង់បាន​វា»។

ការប្រឈមមុខ​ដាក់គ្នា​ចុងក្រោយ​នេះ​ទំនងជា​ធ្វើឱ្យ​ទំនាក់ទំនង រវាង​ហ្វីលីពីន​ក្រោម​ការដឹកនាំ​របស់លោក Marcos និង​ទីក្រុង​ប៉េកាំង​ កាន់តែ​តានតឹង​ជាង​មុន​មួយកម្រិត​ទៀត។លោក Marcos បាន​ចោទប្រកាន់​ចិន​ពី​អាកប្បកិរិយា​ដ៏​គឃ្លើន​ខណៈដែល​លោក​បាននិងកំពុង​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក។

ប៉ុន្តែ​យ៉ាងណាក្ដី មន្ត្រី​ហ្វីលីពីន​ក៏បាន​និយាយ​ដែរ​ថា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​មិន​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​មួយ​របស់​ហ្វីលីពីន​នោះទេ។

មិន​ឆ្លុះបញ្ចាំង​ព្រោះ​លោក Marcos នៅតែ​រក្សា​ការសន្ទនា​ជាមួយ​សម​ភាគី​ចិន​នៅក្រៅ​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​នៅ​ទីក្រុង San Francisco កាលពី​ខែ​មុន​ដើម្បី​ចរចា​រក​ដំណោះស្រាយ​រួម​នៅ​សមុទ្រ​ចិន​ខាងត្បូង៕