ខណៈពេលកញ្ចប់ជំនួយពីសហរដ្ឋអាមេរិក នៅមិនច្បាស់លាស់ អ៊ុយក្រែន បានងាកទៅរកកម្ចីសម្បទានពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមានតម្លៃជិត ១ ពាន់លានដុល្លារ ក្នុងអំឡុងដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី១២ ខែធ្នូ បានអនុម័តការផ្តល់ហិរញ្ញប្បទានចំនួន ៩០០លានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ពីកម្មវិធីកម្ចីចំនួន ១៥,៦ ពាន់លានដុល្លាររបស់ខ្លួន ប៉ុន្មានម៉ោងមុនពេលប្រធាន IMF KristalinaGeorgieva បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរហ្សេឡេនស្គី (VolodymyrZelensky)។
ក្នុងជំនួបជិត ១ ម៉ោងនៅទីស្នាក់ការ IMF ក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ប្រធាន IMF បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន ថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF មានការឯកភាពគ្នាជាឯកច្ឆន្ទក្នុងការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្រៅពីប្រទេសមួយ។ មន្ត្រី IMF បាននិយាយដោយយោងយ៉ាងច្បាស់ទៅកាន់ប្រទេសរុស្ស៊ី។
ក្រុមប្រឹក្សាភិបាលបានយល់ព្រមលើកិច្ចព្រមព្រៀងបុគ្គលិកដែលសម្រេចបានកាលពីខែមុនជាមួយអាជ្ញាធរអ៊ុយក្រែនបន្ទាប់ពីការពិនិត្យឡើងវិញលើកទី២នៃដំណើរការរបស់ទីក្រុងកៀវលើប្រាក់កម្ចីបន្ថែមមូលនិធិ (EFF) រយៈពេល ៤ឆ្នាំ (EFF) ដែលបានអនុម័តកាលពីដើមឆ្នាំនេះ។
ការអនុម័តនោះបើកផ្លូវសម្រាប់ការទូទាត់ចំនួន ៩០០លានដុល្លារអាមេរិក ដែលនាំឱ្យមូលនិធិ IMF សរុបសម្រាប់អ៊ុយក្រែនក្នុងឆ្នាំនេះឡើងដល់ទៅ ៤,៥ពាន់លានដុល្លារ។
IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «EFF បន្តផ្តល់យុថ្កាដ៏រឹងមាំសម្រាប់កម្មវិធីសេដ្ឋកិច្ចរបស់អាជ្ញាធរ ហើយការអនុវត្តរបស់កម្មវិធីនោះបានដំណើរការយ៉ាងទូលំទូលាយ ទោះបីជាមានការប្រឈមខ្លាំងលើការធ្លាក់ចុះក្ដី»។
លោកស្រី Georgieva បាននិយាយថាសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន បានបង្ហាញពីភាពធន់ ទោះបីជាមានការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ និង «ការចំណាយសង្គម និងសេដ្ឋកិច្ចដ៏ធំសម្បើម» ដែលវាបានបង្កឡើង។
លោកស្រី Georgieva បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សម្លឹងមើលទៅមុខ ខណៈពេលដែលការងើបឡើងវិញត្រូវបានគេរំពឹងថានឹងបន្ត ទស្សនវិស័យមានហានិភ័យសំខាន់ៗដែលបណ្តាលមកពីភាពមិនប្រាកដប្រជាដែលទាក់ទងនឹងសង្គ្រាមកម្រិតខ្ពស់»។
«វាមានសារៈសំខាន់ផងដែរដែលការផ្តល់ហិរញ្ញប្បទានពីខាងក្រៅលើលក្ខខណ្ឌសម្បទាននៅតែបន្តទាន់ពេលវេលា និងអាចព្យាករបាន»។
លោក ហ្សេឡេនស្គី ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) និងមន្ត្រីសភាកំពូល ខណៈដែលលោកស្វែងរកការគាំទ្រ សម្រាប់ការបន្តជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីជួយទីក្រុង កៀវបន្តការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ទិន្នន័យក្រសួងហិរញ្ញវត្ថុបង្ហាញថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយថវិកាជាង ៦៨,៥ ពាន់លានដុល្លារ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
រដ្ឋាភិបាលអ៊ុយក្រែនរំពឹងថានឹងមានឱនភាពថវិកាប្រហែល ៤៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ហើយគ្រោងនឹងគ្របដណ្តប់វាជាមួយនឹងការខ្ចីក្នុងស្រុក និងជំនួយហិរញ្ញវត្ថុពីដៃគូលោកខាងលិចរបស់ខ្លួន។
ប៉ុន្តែមន្ត្រីអ៊ុយក្រែនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពជាក់លាក់នៃហិរញ្ញប្បទាន ហើយអ្នកវិភាគមួយចំនួនបានព្យាករថា ជំនួយរបស់លោកខាងលិចអាចចាប់ផ្តើមថយចុះនៅឆ្នាំក្រោយ។
លោក Gavin Gray ប្រធានបេសកកម្មរបស់ IMF សម្រាប់អ៊ុយក្រែនបានអំពាវនាវឱ្យអ៊ុយក្រែនធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលពាណិជ្ជកម្មខាងក្រៅ «ប្រកបដោយមហិច្ឆតា»នៅក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ដើម្បីជួយស្ដារឡើងវិញនូវនិរន្តរភាពបំណុល៕