អ្នកគាំទ្រលោក អាឡេកស៊ី ណាល់វ៉ានី (Alexei Navalny) ដែលជាមេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ី បានរាយការណ៍ថា ពួកគេមិនបានឃើញវត្តមានរបស់លោក ណាល់វ៉ានី និងមិនដឹងថាលោកនៅទីកន្លែងណាអស់រយៈពេលជិតមួយសប្តាហ៍មកហើយ។
លោក ណាល់វ៉ានី ត្រូវបានតុលាការរុស្ស៊ីចោទប្រកាន់ពីបទចោទជាច្រើន និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ទៅ ៣០ ឆ្នាំ។
អ្នកនាំពាក្យរបស់លោក លោកស្រី គីរ៉ា យ៉ាមីស (Kira Yarmysh) បានលើកឡើងថាលោក ណាល់វ៉ានី មិនមានវត្តមាននៅក្នុងពន្ធនាគារ IK-6ដែលជាពន្ធនាគារមានចម្ងាយប្រហែលជា ២២៥ គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ និងជាកន្លែងដែលលោកត្រូវបានគេឃុំឃាំងនាពេលថ្មីៗនេះ។
លោក ណាល់វ៉ានី ត្រូវបានកាត់ទោសពីបទជ្រុលនិយម ហើយត្រូវបានគេសន្មតថាលោកត្រូវបានបញ្ជូនទៅពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់ ប៉ុន្តែអាជ្ញាធររុស្ស៊ីមិនបានប្រាប់មេធាវី ឬក្រុមគ្រួសាររបស់លោកអំពីទីតាំងដែលពួកគេបញ្ជូនទៅនោះទេ។ ទន្ទឹមនឹងនេះ សេតវិមានអាមេរិកក៏បានស្នើឱ្យមានការដោះលែងលោក ណាល់វ៉ានី ហើយក៏បានបង្ហាញពីការព្រួយបារម្ភអំពីការរបាយការណ៍ដែលថាមានការបាត់ខ្លួនរបស់លោក។
លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានលើកឡើងថា ខ្លួនកំពុងធ្វើការជាមួយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូ ដើម្បីស្វែងយល់បន្ថែមអំពីមូលហេតុជុំវិញបញ្ហាបាត់ខ្លួននេះ។
មេធាវីរបស់លោក ណាល់វ៉ានីក៏បានព្យាយាមទៅសួរសុខទុក្ខគាត់នៅក្នុងពន្ធនាគារពីរផ្សេងគ្នាកាលពីពេលថ្មីៗនេះ ប៉ុន្តែមិនបានឃើញគាត់នៅកន្លែងទាំងពីរនោះទេ។
លោកស្រី យ៉ាមីស បាននិយាយថា ទាំងពន្ធនាគារ IK-6 និង IK-7 មិនបានធ្វើការឆ្លើយតបទៅនឹងការសាកសួរអំពីវត្តមានរបស់លោកនោះទេ កាលពីថ្ងៃសុក្រ ពោលគឺបានបាត់ខ្លួនអស់រយៈពេល ៦ ថ្ងៃមកហើយ។បើតាមកាលវិភាគ លោកត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅតុលាការតាមរយៈវីដេអូនៅថ្ងៃចន្ទ ប៉ុន្តែលោកមិនបានបង្ហាញខ្លួននោះទេ។ អាជ្ញាធរពន្ធនាគារបានលើកហេតុផលថា ពន្ធនាគារបានជួបនឹងបញ្ហាអគ្គិសនីខាងក្នុងអគារ។
លោកស្រី យ៉ាមីសបានសរសេរនៅលើបណ្ដាញសង្គម X ថាស្ថានភាពសុខភាពមិនល្អរបស់ លោក ណាល់វ៉ានី នាពេលថ្មីៗនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីកន្លែងដែលគាត់កំពុងស្នាក់នៅ។ លោកស្រី បានរៀបរាប់ថា គាត់បានមានអារម្មណ៍មិនស្រួលនៅក្នុងបន្ទប់របស់គាត់កាលពីសប្តាហ៍មុន ដោយមានអារម្មណ៍វិលមុខ ហើយដេកនៅលើឥដ្ឋ។
លោក ណាវ៉ាល់នីដែលមនុស្សប្រឆាំងដ៏មានឥទ្ធិពលខ្លាំងបំផុតរបស់លោក ពូទីនបានបាត់ខ្លួនបន្ទាប់ពីពូទីនបានប្រកាសថាគាត់នឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។
លោក ណាល់វ៉ានី បានរួចរស់មានជីវិតពីការពុល និងបានរៀបចំការបោះឆ្នោតដើម្បីប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់លោក ពូទីន។ គិតមកទល់ពេលនេះ ក្រុមនយោបាយរបស់លោក ណាល់វ៉ានី ត្រូវបានរំសាយចោលដោយរដ្ឋាភិបាលក្រឹមឡាំង ហើយបច្ចុប្បន្ន ភាគច្រើនពួកគេកំពុងរស់នៅក្រៅប្រទេសរុស្ស៊ី។
លោក ណាល់វ៉ានី ត្រូវបានចាប់ខ្លួននៅឆ្នាំ២០២១ បន្ទាប់ពីត្រលប់មកពីព្យាបាលនៅប្រទេសអាល្លឺម៉ង់។ លោកធ្លាប់បានដឹកនាំការតវ៉ាដ៏ធំមួយប្រឆាំងនឹងវិមានក្រឹមឡាំង និងលាតត្រដាងអំពើពុករលួយរបស់រដ្ឋាភិបាល រួមទាំងទ្រព្យសម្បត្តិរបស់លោកពូទីនទៀតផង។ ក្នុងពេលជាប់ពន្ធនាគារ លោកបានរិះគន់យ៉ាងខ្លាំងចំពោះការធ្វើសង្គ្រាមនៅអ៊ុយក្រែនរបស់លោកពូទីន ដោយទាមទារឲ្យដកទ័ពរុស្ស៊ីចេញ៕