អង្គការសហប្រជាជាតិ បាននិយាយក្នុងរបាយការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអង្គារទី១២ ខែធ្នូថា មីយ៉ាន់ម៉ាបានក្លាយជាដាំអាភៀនដ៏ធំបំផុតរបស់ពិភពលោក ដោយវ៉ាដាច់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
របាយការណ៍ពីការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយថា ការដាំដុះអាភៀននៅប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ចុះប្រមាណ ៩៥ ភាគរយ បន្ទាប់ពីពួកតាលីបង់ចេញការហាមឃាត់ក្នុងឆ្នាំ ២០២២។ ការណ៍នេះ ធ្វើឱ្យការផ្គត់ផ្គង់អាភៀនទូទាំងពិភពលោក មានប្រភពពីមីយ៉ាន់ម៉ាទៅវិញ។
របាយការណ៍បន្តថា អស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលកើតឡើងក្រោយរដ្ឋប្រហារឆ្នាំ ២០២១ បានជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ាជាច្រើននាំគ្នាដាំអាភៀន។ ដោយសារតែតម្រូវការខ្ពស់ តម្លៃអាភៀនជាមធ្យមបានកើនឡើងដល់ ៣៥៥ ដុល្លារ/គីឡូក្រាម ដែលធ្វើឱ្យកសិករមីយ៉ាន់ម៉ារកបានច្រើនជាងមុនប្រហែល ៧៥ ភាគរយពីការធ្វើកសិកម្មអាភៀន។
ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ផ្ទៃដីដាំដុះអាភៀននៅមីយ៉ាន់ម៉ា បានកើនឡើង ១៨ ភាគរយបើប្រៀបធៀននឹងឆ្នាំមុន ពី ៤០ ១០០ ហិកតា ដល់ ៤៧ ០០០ ហិកតា។ ទោះបីជាវាមិនឡើងដល់កម្រិតខ្ពស់ដូចនៅឆ្នាំ ២០១៣ (៥៨ ០០០ ហិកតា) ក៏ដោយ ការចំនួននេះបង្ហាញកើនឡើងខ្ពស់ដ៏សកម្មមួយផងដែរ។
អ្នកតំណាងប្រចាំតំបន់របស់ UNODC លោក Jeremy Douglas បាននិយាយថា៖ «ការរំខានផ្នែកសេដ្ឋកិច្ច សន្តិសុខ និងអភិបាលកិច្ច ដែលកើតមានបន្ទាប់ពីក្រុមយោធាឡើងកាន់អំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១ បន្តជំរុញកសិករនៅតំបន់ដាច់ស្រយាល ឱ្យដាំអាភៀនដើម្បីចិញ្ចឹមជីវិត»។
បើតាមរបាយការណ៍ដដែល តំបន់ដាំដុះអាភៀនមានការរីករាលដាលភាគច្រើននៅក្នុងតំបន់ព្រំដែនរួមមានរដ្ឋShan បន្ទាប់មករដ្ឋ Chin និងរដ្ឋ Kachin ខណៈទិន្នផលកើនឡើងដល់ ២២,៩ គីឡូក្រាម/ហិកតា ដោយសារតែភាពទំនើបក្នុងការអនុវត្តកសិកម្ម។
លោក Douglas បាននិយាយថា ការកើនឡើងនៃការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ទំនងជានឹងពន្លឿនការពង្រីកការដាំដុះអាភៀនថែមទៀត។ជុំវិញរបាយការណ៍នេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានចេញប្រតិកម្មយ៉ាងណាភ្លាមៗនោះទេ។
ការពង្រីកការដាំដុះអាភៀន គឺជាផ្នែកមួយនៃសកម្មភាពសេដ្ឋកិច្ចខុសច្បាប់ដែលកំពុងរីករាលដាលក្នុងប្រទេសមីយ៉ាន់ម៉ាដែលរួមមានទាំងការផលិត និងការជួញដូរគ្រឿងញៀនសំយោគកម្រិតខ្ពស់៕