ការបោះឆ្នោតក្រុមប្រឹក្សាស្រុកនៅទីក្រុងហុងកុង កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ មានអត្រាអ្នកទៅចូលរួមបោះឆ្នោតទាបបំផុត ពោលគឺត្រឹមតែ ២៧,៥% ប៉ុណ្ណោះ។
អត្រាអ្នកទៅបោះឆ្នោតដ៏ទាបមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះ ត្រូវបានគេមើលឃើញថាដោយសារការរារាំងក្រុមអ្នកប្រជាធិបតេយ្យរបស់គណបក្សប្រឆាំង មិនឱ្យឈរឈ្មោះបោះឆ្នោត ក្រោមហេតុផលព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។
ការថយចុះនៃការចូលរួមរបស់អ្នកបោះឆ្នោតនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញច្បាប់ស្តីពីសន្តិសុខជាតិដ៏តឹងរ៉ឹង និងបានផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតដើម្បីរារាំងអ្នកប្រជាធិបតេយ្យ និងបុគ្គលសេរីនិយមផ្សេងទៀតមិនឱ្យចូលរួម។ ការណ៍នេះបានធ្វើឱ្យមនុស្សជាច្រើនមិនសូវមានឆន្ទៈក្នុងការចូលរួមបោះឆ្នោតឡើយ។
លោក ឡេម៉ុន វ៉ុង (Lemon Wong) ដែលជាអ្នកប្រជាធិបតេយ្យ និងដែលនៅបន្តចូលរួមក្នុងវិស័យនយោបាយក្នុងស្រុកបានលើកឡើងថា៖«ប្រជាជនកំពុងមានអារម្មណ៍ថាការបោះឆ្នោតនេះគឺគ្មានន័យនិងគ្មានសារៈសំខាន់អ្វីទាំងអស់។ សូម្បីតែអ្នកគាំទ្រគណបក្សកាន់អំណាច ក៏បានចោទសួរដែរថា តើហេតុអ្វីពួកគេចាំបាច់ទៅបោះឆ្នោត ព្រោះនៅទីបំផុត លទ្ធផលនៃការបោះឆ្នោតមិនមានការប្រែប្រួលអ្វីសោះឡើយ»។
នៅឆ្នាំ ១៩៩៩ អ្នកទៅបោះឆ្នោតនៅហុងកុងមានចំនួន ៣៥,៨% ដែលជាកម្រិតទាបបំផុតដែលបានកត់ត្រានៅពេលនោះ។ យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលបោះឆ្នោតចុងក្រោយកាលពី ៤ ឆ្នាំមុន ដែលបានប្រព្រឹត្តទៅក្នុងអំឡុងពេលនៃបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ មានអ្នកទៅចូលរួមយ៉ាងច្រើនរហូតដល់ទៅ ៧១% ដោយគណបក្សប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។
ការបោះឆ្នោតនៅឆ្នាំនេះ ចំនួនអាសនៈជាប់ឆ្នោតដោយផ្ទាល់ត្រូវបានកាត់បន្ថយរហូតដល់ទៅជិត ៨០%។ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិផ្នែកសន្តិសុខជាតិ និងត្រូវទទួលបានការតែងតាំងពីគណៈកម្មាធិការចំនួន ២ ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល។
ការណ៍នេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមមិនចំណុះគណបក្សរួមទាំងក្រុមអព្យាក្រឹត ហើយសូម្បីតែបុគ្គលមួយចំនួនដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង ក៏ពិបាកក្នុងការដែលអាចឈរឈ្មោះបោះឆ្នោតដែរ។
ក្នុងអំឡុងពេលដំណើរការបោះឆ្នោត បញ្ហាបច្ចេកទេសបានកើតឡើង បណ្ដាលឱ្យមានការផ្លាស់ប្តូរទៅរកការបោះឆ្នោតដោយដៃនិងពន្យារពេលបោះឆ្នោត៕