សន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចចិត្តថ្មីមួយទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្គាហ្សា ចំពេលដែលមានរបាយការណ៍ដែលថា អ៊ីស្រាអែលបានចាប់ផ្តើមបូមទឹកពន្លិករូងក្រោមដីដែលប្រើប្រាស់ដោយក្រោមហាម៉ាស់ក្នុងសង្គ្រាមលើកនេះ។
បន្ទាប់ពីការព្រមានយ៉ាងខ្លាំងពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិអំពីវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅនៅហ្គាហ្សា មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៩៣ កាលពីថ្ងៃទី ១២ ខែធ្នូ បានអនុម័តដំណោះស្រាយមួយដោយអំពាវនាវឱ្យមានបទឈប់បាញ់។
សមាជិកអង្គការសហប្រជាជាតិ បីភាគបួននៃរដ្ឋជាសមាជិកទាំងអស់១៩៣ប្រទេសបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តនោះ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រទេសអ៊ីស្រាអែលប្រឈមមុខនឹងភាពឯកោខាងការទូតកាន់តែខ្លាំងឡើងនៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់ ដែលបានផ្តើមសង្គ្រាមដំបូងកាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្ស១២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៤០ នាក់។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ក៏បានប្រាប់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់ខ្លួនថា ការទម្លាក់គ្រាប់បែក «មិនបែងចែក»លើជនស៊ីវិលកំពុងធ្វើឱ្យប៉ះពាល់ដល់ការគាំទ្រអន្តរជាតិ។
យោងតាមការដក់ស្រង់របស់រ៉យទ័រ មេដឹកនាំនៃប្រទេសកាណាដា អូស្ត្រាលី និងនូវែលសេឡង់បាននិយាយដោយឡែកពីគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមានបទឈប់បាញ់គ្នាថា "តម្លៃនៃការកម្ចាត់ក្រុមហាម៉ាស់មិនអាចជាការឈឺចាប់បន្តរបស់ជនស៊ីវិលប៉ាឡេស្ទីនទាំងអស់នោះទេ»។
សារព័តមានអាមេរិក The Wall Street Journal បានរាយការណ៍ថា យោធាអ៊ីស្រាអែលបានចាប់ផ្តើមបូមទឹកសមុទ្រចូលទៅក្នុងរូងក្រោមដីដែលប្រើប្រាស់ដោយក្រុមហាម៉ាស់។ រូងក្រោមដីនោះហើយ ដែលត្រូវបានគេជឿថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រើប្រាស់ដើម្បីលាក់ទុកចំណាប់ខ្មាំងដែលខ្លួនចាប់យកទៅកាលពីថ្ងៃទី៧ខែតុលា។
ក្រោមកិច្ចព្រមព្រៀងដោះដូរអ្នកទោសនិងចំណាប់ខ្មាំងកាលពីចុងខែវិច្ឆិកា ចំណាប់ខ្មាំងប្រមាណ១០០នាក់ត្រូវបានដោះលែងក្រោមបទឈប់បាញ់ចំនួន ៤ ថ្ងៃ និងពង្រីក២ថ្ងៃ បន្ថែម សរុប ៦ ថ្ងៃ ដែលបញ្ចប់កាលពីថ្ងៃទី១ខែធ្នូ៕