អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានចេញរបាយការណ៍ចុង-ក្រោយរបស់ខ្លួនកាលពីថ្ងៃចន្ទដោយបង្ហាញថា ១ ភាគ៤ នៃប្រភេទត្រីទឹកសាបនៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងការផុតពូជ ដោយសារតែផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពមនុស្សទៅលើសត្វព្រៃរបស់ភពផែនដី។
របាយការណ៍វាយតម្លៃនេះ មានក្នុងបញ្ជីក្រហមដែលធ្វើបច្ចុប្បន្នភាពចុងក្រោយស្ដីពីប្រភេទសត្វដែលកំពុងរងការគំរាមកំហែង របស់អង្គការ IUCN ដែលចេញផ្សាយ ចំពេលដែលតំណាងពីប្រទេសផ្សេងៗជុំវិញពិភពលោក ជួបប្រជុំគ្នាសម្រាប់សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាស-ធាតុ COP28 នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។
បើតាម IUCN ក្នុងចំណោមប្រភេទត្រីទឹកសាបជិត១៥ពាន់ ប្រភេទ ដែលអង្គការបានវាយតម្លៃមាន ២៥ ភាគរយកំពុងរងហានិភ័យនៃការផុតពូជ។ ក្នុងចំណោម២៥ ភាគរយនោះ មាន ១៧ ភាគរយ ជួបប្រទះនូវផលវិបាកបែបនេះ ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលរួមទាំងការឡើងចុះនៃកម្រិតទឹក និងការផ្លាស់ប្តូររដូវកាលជាដើម។
អគ្គនាយិការអង្គការ IUCN លោកស្រី Grethel Aguilar បាននិយាយនៅក្នុងសេចក្តីថ្លែង-ការណ៍មួយថា៖«ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងដល់ជីវៈចម្រុះលើភពផែនដីរបស់យើង និងធ្វើឱ្យខូចសមត្ថភាពធម្មជាតិ ក្នុងការបំពេញតម្រូវ-ការជាមូលដ្ឋានរបស់មនុស្ស»។
លោកស្រី Razan Al Mubarak ប្រធាន IUCN ទាមទារឱ្យមានការដោះស្រាយវិបត្តិអាកាសធាតុនិងជីវៈចម្រុះឱ្យបានដាច់ខាត។
បញ្ជីក្រហមរបស់អង្គការ IUCN ឥឡូវនេះរួមមានសត្វចំនួន ១៥៧ ១៩០ ប្រភេទ ដែលក្នុងនោះ មាន ៤៤ ០១៦ ប្រភេទ រងការគំរាមកំហែងជាមួយនឹងការផុតពូជ៕