តុលាការ​​ព្រះរាជាណាចក្រថៃ​ កាលពី​ថ្ងៃទី 13 ខែធ្នូ បាន​កាត់ទោស​សមាជិក​សភា​មកពី​គណបក្ស ឆ្ពោះ​ទៅមុខ (Move Forward Party (MFP)) ឱ្យ​ជាប់ពន្ធនាគារ​​សរុប ​​៦ ឆ្នាំ​ ពីបទ​ប្រមាថ​ព្រះមហាក្សត្រ និង​​​សន្តិសុខ​តាមប្រព័ន្ធ​​បច្ចេកវិទ្យា​​។

យោង​សេចក្តីរាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​អ្នក​នាង Rukchanok Srinork ​ជាសមាជិកសភា​មក​ពី​គណបក្ស​ឈ្នះឆ្នោតប៉ុន្តែ​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល ត្រូវបាន​រកឃើញថា​មានទោស​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ និង​បំពាន​ច្បាប់​ឧក្រិដ្ឋកម្ម​តាមប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ​ដោយសារ​ការ​បង្ហោះ​សារ​ពីរ​លើបណ្តាញ​សង្គម«X» ដែលជា​អតីត Twitter។

គណបក្ស MFP បានឈ្នះ​អាសនៈ​ច្រើនជាងគេ​នៅក្នុង​ការបោះឆ្នោត​សកល​ខែឧសភា ប៉ុន្តែ​ត្រូវបាន​រារាំង​ពី​ការបង្កើត​រដ្ឋាភិបាល​ដោយ​កងកម្លាំង​អភិរក្ស​ដែល​ប្រឆាំងនឹង​ការសន្យា​របស់ខ្លួន​ក្នុងការ​ធ្វើកំណែទម្រង់​ច្បាប់​បរិហារកេរ្តិ៍​ដ៏​តឹងរឹង​របស់​ព្រះរាជាណាចក្រ។

មេដឹកនាំ MFP Chaithawat Tulaton បាន​ប្រាប់ AFP ថា៖«​អ្នក​នាង Rakchanok Srinork ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​បី​ឆ្នាំ​ពីបទ​ប្រមាថ​ព្រះ​មហាក្សត្រ ក្រោម​ការ​​ចោទប្រកាន់ ​តាមមាត្រា ១១២ ដែល​ចេញ​អំពី​​ការ​ប្រមាថ​ព្រះមហាក្សត្រ និង​បី​ឆ្នាំ​លើ​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ។

លោក Chaithawat បាន​និយាយថា តំណាង​រាស្រ្ត​វ័យ​ក្មេង ​អាយុ២៩​ឆ្នាំ​បានដាក់​ពាក្យសុំ​នៅក្រៅ​ឃុំរួចរាល់​ហើយ​បាន​តម្កល់​ប្រាក់​៣០០ពាន់​បាត ជិត​១ម៉ឺន​ដុល្លារ ជា​ទ្រព្យ​ធានា។ 

តុលាការ​ត្រូវគេ​រំពឹងថា​នឹង​សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃទី ១៣ ខែធ្នូ ប៉ុន្តែ​ប្រសិនបើ​លោកស្រី​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ស្នើ​សុំ​នៅក្រៅ​ឃុំ​ទេនោះ នាង​នឹងត្រូវ​ដក​អភ័យ​ឯកសិទ្ធិ​ពី​​សមាជិកសភា​ដោយ​ស្វ័យប្រវត្តិ។

Rukchanok ​ទទួលបាន​ភាព​ល្បីល្បាញ​ដោយសារ​ការ​​ជិះ​កង់​ជុំវិញ​ផ្លូវ​ដែល​ស្ទះចរាចរណ៍​ក្នុង​ទីក្រុង​បាងកក ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខែឧសភា។

ប្រទេស​ថៃ​មានច្បាប់​ស្តីពី​ការប្រមាថ​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​បំផុត​មួយចំនួន​របស់​ពិភពលោក ដែល​ការពារ​ព្រះមហាក្សត្រ Maha Vajiralongkorn និង​ក្រុមគ្រួសារ​ជិតស្និទ្ធ​របស់គាត់​ពី​ការរិះគន់ ប៉ុន្តែ​អ្នក​រិះគន់​និយាយថា​មាន​អាវុធ​ដើម្បី​បំបិទមាត់​អ្នកប្រឆាំង។

ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​ក៏ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​រិះគន់ថា បានផ្តល់​អំណាច​យ៉ាង​ទូលំទូលាយ​ដល់​អាជ្ញាធរ​ក្នុងការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ។

មានការ​កើនឡើង​នៃ​ការចោទប្រកាន់​ក្រោម​ច្បាប់ ដែល​ត្រូវបាន​គេ​ស្គាល់​នៅក្នុង​ប្រទេស​ថៃ​ថា មាត្រា​១១២ បន្ទាប់ពី​ផ្នែក​ពាក់ព័ន្ធ​នៃ​ក្រមព្រហ្មទណ្ឌ ចាប់តាំងពី​ការតវ៉ា​តាម​ដងផ្លូវ​ដែល​ដឹកនាំ​ដោយ​យុវជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ២០២០។

យោង​តាម​ AFP អាជ្ញាធរ​បាន​ចោទប្រកាន់​សកម្មជន​ជាង ​២៥០នាក់​ជាមួយនឹងមាត្រា​១១២ ​និង​ដាក់គុក​មេដឹកនាំ​កំពូល​មួយចំនួន​រួមទាំង​លោក Anon Numpa ដែលជា​មេធាវី​សិទ្ធិមនុស្ស​ដែល​ពីមុន​តំណាងឱ្យ Rukchanok៕​