អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី ១២ ខែធ្នូ ថា មនុស្សចំនួន ៤៩,៥ លាននាក់នៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្ដាល នឹងប្រឈមភាពអត់ឃ្លាននាឆ្នាំក្រោយ ដោយសារតែកត្តារួមបញ្ចូលគ្នាជាច្រើន រួមមាន ជម្លោះ ការប្រែប្រួលអាកាសធាតុ និងតម្លៃអាហារខ្ពស់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
របាយការណ៍វិភាគសន្តិសុខស្បៀងរបស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) រួមគ្នាជាមួយភ្នាក់ងារមនុស្សធម៌ផ្សេងៗទៀត បានបង្ហាញថា តួលេខនេះ មានការកើនឡើងខ្ពស់ជាងតួលេខឆ្នាំ ២០២៣ រហូតដល់ ៤ភាគរយ។
នៅក្នុងបណ្ដាប្រទេសអាហ្វ្រិកខាងលិច មានមនុស្សប្រមាណ ៦,២ លាននាក់ រំពឹងនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅឆ្នាំ២០២៤ ដែលជាការកើនឡើង ១៦ភាគរយធៀបនឹងឆ្នាំ ២០២៣។
លោកស្រី Margot Vandervelden នាយិកាប្រចាំតំបន់របស់ WFP នៅអាហ្វ្រិកខាងលិច បាននិយាយថា៖«ភាពអត់ឃ្លានធ្ងន់ធ្ងរនៅតែស្ថិតក្នុងកម្រិតខ្ពស់ក្នុងតំបន់នៅឡើយ ប៉ុន្តែការផ្តល់មូលនិធិដែលត្រូវការដើម្បីឆ្លើយតប គឺមិនគ្រប់គ្រាន់នោះទេ»។
លោកស្រី បាននិយាយថា៖«ការផ្តល់មូលនិធិមិនគ្រប់គ្រាន់ មានន័យថា អ្នកស្រេកឃ្លានកម្រិតមធ្យមនឹងបង្ខំចិត្តមិនបរិភោគអាហារ ហើយទទួលទានអាហារដែលមិនសូវមានជីវជាតិ ដែលធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងដំណាក់កាលវិបត្តិ ឬដំណាក់កាលសង្គ្រោះបន្ទាន់ ហើយធ្វើឱ្យវដ្តនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភចេះតែបន្តទៅមុខទៀត»។
របាយការណ៍វិភាគបានរកឃើញថា ២ក្នុងចំណោម ៣គ្រួសារនៅអាហ្វ្រិកខាងលិច និងកណ្តាល មិនអាចមានលទ្ធភាពទទួលបានរបបអាហារ ដែលល្អសម្រាប់សុខភាពនោះទេ។
របាយការណ៍បន្តថា របបអាហារប្រចាំថ្ងៃដែលមានជីវជាតិ នៅក្នុងបណ្តាប្រទេសនៃតំបន់សាហែលភាគកណ្ដាល រួមមាន ប្រទេស បួរគីណាហ្វាសូ ម៉ាលី និងនីហ្សេ មានតម្លៃខ្ពស់ជាងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរបស់តំបន់រហូតដល់ទៅ ១១០ភាគរយ។
បច្ចុប្បន្ន បណ្ដាប្រទេសតំបន់សាហែលអាហ្វ្រិក កំពុងប្រឈមមុខនឹងការបះបោររបស់រដ្ឋអ៊ិស្លាម ដែលធ្វើឱ្យប្រជាជនប្រហែល ៤លាននាក់ជម្លៀសចេញពីផ្ទះ និងកសិដ្ឋានរបស់ពួកគេ។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោឯណោះវិញ ក៏មានជម្លោះជាបន្តបន្ទាប់ជាច្រើន ដែលធ្វើឱ្យមនុស្ស ៧ លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនផងដែរ។
វិបត្តិនៅតំបន់ហាហែល បានរុញច្រានប្រជាជនឱ្យស្វែងរកការជ្រកកោននៅប្រទេសជិតខាងតាមតំបន់ឆ្នេរនៃអាហ្វ្រិកខាងលិច ដូចជាប្រទេសកូដឌីវ័រ តូហ្គូ និងហ្គាណា ដែលកំពុងតែកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរួចទៅហើយ។
ទីប្រឹក្សាស្រាវជ្រាវជាន់ខ្ពស់របស់ WFP លោក Ollo Sib បាននិយាយថា៖«ស្ទើរតែ៨០ ភាគរយនៃប្រជាជនដែលបច្ចុប្បន្នស្ថិតក្នុងស្ថានភាពពិបាកផ្នែកស្បៀង ស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះ»។
លោកបានព្រមានថា បើគ្មានការអន្តរាគមន៍ទេ ស្ថានការណ៍អាចនឹងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតក្នុងតំបន់មួយចំនួន ដោយសារមនុស្សជាង ២,៦ លាននាក់រួចទៅហើយ កំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សស្រាប់ទៅហើយ៕