អាជ្ញាធរថៃបាននិយាយថា ខ្លួនបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៥០ លានគ្រាប់នៅជិតព្រំដែនជាប់មីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ដែលជាកំណត់ត្រារឹបអូសគ្រឿងញៀនដ៏ធំបំផុតនៅថៃ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប៉ូលិសថៃនិយាយថា គ្រាប់ថ្នាំទាំងអស់ត្រូវបានគេច្រកបាវដឹកឡាន មុនពេលមន្ត្រីប៉ូលិស និងទាហានថៃស្ទាក់ចាប់កាលពីថ្ងៃអង្គារ នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្នុងខេត្តភាគខាងលិច Kanchanaburi។ ប៉ូលិសបន្ថែមថា បុរសនិងស្ត្រីដែលបើកឡាននោះ ត្រូវបានចាប់ខ្លួន។
ជុំវិញបញ្ហានេះ អ្នកតំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ពីការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម លោក Jeremy Douglas បាននិយាយប្រាប់រ៉យទ័រថា ការរឹបអូសមេតំហ្វេតាមីន របស់អាជ្ញាធរថៃនាពេលនេះ ជាប់ក្នុងកំណត់ត្រារឹបអូសគ្រឿងញៀនដ៏ធំបំផុតទី ២ នៅអាស៊ី ពោលគឺធំបំផុតបន្ទាប់ពីការរឹបអូសគ្រឿងញៀនប្រភេទដូចគ្នា ៥៥ លានគ្រាប់នៅក្នុងប្រទេសឡាវ នៅជិតតំបន់ត្រីកោណមាស។
លោក Douglas អះអាងថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ធ្វើការជាមួយកងជីវពលប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដើម្បីរត់ពន្ធមេតំហ្វេតាមីនដែលផលិតនៅរដ្ឋ Shan មីយ៉ាន់ម៉ា ឆ្ពោះទៅភាគខាងត្បូងនៃប្រទេសនេះ។ លោកបន្ថែមថា បណ្តាញចែកចាយ បានទៅដល់រហូតដល់ប្រទេសជប៉ុន និងនូវែលសេឡង់។
មន្ត្រី UN ដដែលបន្តទៀតថា ភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ មក ក៏បានអនុញ្ញាតឱ្យមានការកើនឡើងនៃការដឹកជញ្ជូន ចែកចាយ និងពង្រីកផ្លូវ និងប្រតិបត្តិការរបស់ពួកគេផងដែរ៕