ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រំកិលទៅរករយៈពេល ២ ឆ្នាំក្នុង ២ ខែខាងមុខ សហរដ្ឋអាមេរិកដែលជាអ្នកនៅពីក្រោយអ៊ុយក្រែនបានបញ្ចេញរបាយការណ៍ស៊ើបការណ៍សម្ងាត់មួយដែលមិនបានចាត់ថ្នាក់ ដោយបានវាយតម្លៃថា សង្គ្រាមអ៊ុយក្រែនបានធ្វើឱ្យទាហានរុស្ស៊ីស្លាប់ និងរបួសចំនួន ៣១៥០០០ នាក់ ឬជិត ៩០ ភាគរយនៃចំនួនកងទ័ពដែលរុស្ស៊ីមាននៅពេលជម្លោះបានចាប់ផ្តើម។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់ការអះអាងរបស់ប្រភពដែលដឹងពីកិច្ចការចារកម្មបាននិយាយនៅថ្ងៃទី ១២ ខែធ្នូ ដោយអះអាងថារបាយការណ៍ក៏បានវាយតម្លៃផងដែរថា ការខាតបង់របស់ទីក្រុងម៉ូស្គូក្នុងផ្នែកកងកម្លាំងប្រយុទ្ធនិងរថពាសដែកដល់យោធាអ៊ុយក្រែនដោយធ្វើឱ្យធ្លាក់ថយក្រោយនូវសមត្ថភាពយោធារបស់រុស្ស៊ីក្នុងរយៈពេល ១៨ ឆ្នាំ។
រ៉យទ័រក៏បានសាកសួរការអត្ថាធិប្បាយពីស្ថានទូតរុស្ស៊ីដែលបង្វែរសំណើសុំការអត្ថាធិប្បាយទៅកាន់ក្រសួងការពារជាតិរុស្ស៊ីនៅទីក្រុងម៉ូស្គូវិញ ហើយក៏គ្មានការឆ្លើយតបពីក្រសួងការពារជាតិរុស្ស៊ីឡើយ។
មន្ត្រីរុស្ស៊ីបាននិយាយថា ការប៉ាន់ប្រមាណលោកខាងលិចនៃចំនួនអ្នកស្លាប់របស់រុស្ស៊ីនៅក្នុងសង្គ្រាមគឺជាការបំផ្លើសយ៉ាងធំធេង ហើយស្ទើរតែមើលរំលងការខាតបង់របស់ភាគីអ៊ុយក្រែន ដែលមន្ត្រីរុស្ស៊ីនិយាយថាមានចំនួនច្រើន។
ប្រភពទម្លាយព័ត៌មាននេះគឺនៅពេលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានធ្វើការអង្វរកចុងក្រោយសម្រាប់ជំនួយយោធាបន្ថែមទៀតដល់ប្រមុខស្ថាប័នអាមេរិក ដូចជា រដ្ឋសភា ព្រឹទ្ធសភា និងប្រធានាធិបតីនៅក្នុងសប្តាហ៍នេះ ដើម្បីជាប្រយោជន៍ក្នុងការទទួលបានការគាំទ្រកញ្ចប់ជំនួយយោធាដ៏ក្រាស់ក្រែលរហូតជាង ៦០ ពាន់លានដុល្លារដែលរដ្ឋបាលលោក ចូ បៃដិន ធ្លាប់ស្នើទៅកាន់រដ្ឋសភាកាលពីខែវិច្ឆិកា ប៉ុន្តែសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមិនគាំទ្រឡើយ។
ប្រភពបាននិយាយថា របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកដែលទើបតែបានបំបែកចំណាត់ថា្នក់បានវាយតម្លៃថា រុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ដោយមានកងកម្លាំងសរុប ៣៦ ម៉ឺននាក់។
ប្រភពដដែលបាននិយាយថា ចាប់តាំងពីពេលនោះមក របាយការណ៍បានរកឃើញថា ទាហានរុស្ស៊ី ៣១៥ ០០០ នាក់ ឬប្រហែល ៨៧ ភាគរយនៃចំនួនសរុបដែលរុស្ស៊ីបានចាប់ផ្តើមសង្គ្រាមត្រូវបានសម្លាប់ ឬរងរបួស។
ប្រភពបានបន្ថែមថា ការខាតបង់ទាំងនោះគឺជាហេតុផលដែលរុស្ស៊ីបានបន្ធូរបន្ថយលក្ខខណ្ឌជ្រើសរើសកងកម្លាំងសម្រាប់ការដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន។ក្រោយសង្គ្រាមកន្លះឆ្នាំ រុស្ស៊ីបានដាក់ចេញផែនការកែនទ័ពបម្រុង ៣០ ម៉ឺននាក់៕