តុលាការក្រុងហូជីមិញ កាលពីថ្ងៃអង្គារ បានកាត់ទោសប្រហារជីវិតបុរស៣នាក់ ពីបទរត់ពន្ធហេរ៉ូអ៊ីន និងមេតំហ្វេតាមីនចំនួន ១០០ គីឡូក្រាម ក្នុងអំឡុងវិបត្តិកូវីដ១៩ ដោយក្លែងបន្លំវាថាជាទំនិញសប្បុរសធម៌។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress នៅថ្ងៃពុធ។
ម្នាក់ក្នុងចំណោមនោះ គឺលោក Nguyen Thanh Hung អាយុ ៣១ ឆ្នាំត្រូវបានតុលាការរកឃើញថាមានតួនាទីសំខាន់ក្នុងករណីនេះដោយលោកទទួលបញ្ជាដោយផ្ទាល់ពីបុរសម្នាក់ ដែលគេមិនដឹងអត្តសញ្ញាណលម្អិត ហើយស្គាល់តែឈ្មោះថា Jimmy ដែលរស់នៅក្នុងប្រទេសកម្ពុជា។
ពិរុទ្ធជនម្នាក់ទៀត ឈ្មោះ Huynh Van Thong អាយុ ៤៨ ឆ្នាំ ដែលសកម្មនឹងការងារសប្បុរសធម៌ បានធ្វើការឱ្យ លោកJimmy ដោយដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាចូលទៅវៀតណាម ដោយក្លែងបន្លំវាដាក់នៅក្នុងកន្ត្រកត្រីងៀត និងផ្អកដើម្បីយកទៅបរិច្ចាគដល់ប្រជាជនក្រីក្រ ឬជាប់ក្នុងការបិទខ្ទប់ អំឡុងវិបត្តិកូវីដនៅវៀតណាម។
បុរសម្នាក់ទៀត ឈ្មោះ Ho Hoang Nam អាយុ ៣១ ឆ្នាំ បានរួមដៃគ្នា ដោយយកផ្ទះរបស់លោកនៅសង្កាត់១២ នៃក្រុងហូជីមិញ ធ្វើជាកន្លែងរក្សាទុកគ្រឿងញៀន។
យោងតាមការចោទប្រកាន់ក្រុមអ្នកស៊ើបអង្កេតនៃប៉ូលិសក្រុងហូជីមិញបានរកឃើញប្រតិបត្តិការដែលដឹកនាំដោយលោកHung នៅពាក់កណ្តាលឆ្នាំ ២០២១។ ពួកគេបានរកឃើញថា លោកHung រស់នៅក្នុងទីក្រុងហូជីមិញ ហើយពេលខ្លះបានធ្វើដំណើរទៅជាយក្រុង ដើម្បីទទួលបានកញ្ចប់ស្បៀងអាហារពីលោក Thong។
លោក Thong រស់នៅក្នុងខេត្តតៃនិញ ដែលមានព្រំប្រទល់ជាប់កម្ពុជា ហើយត្រូវបានគេស្គាល់ថាជាអ្នកចូលចិត្តការងារសប្បុរសធម៌។លោកសកម្មក្នុងការស្វែងរកអំណោយស្បៀងអាហារ ដើម្បីជួយដល់ប្រជាជនរងផលប៉ះពាល់ដោយកូវីដនៅក្រុងហូជីមិញ។
ដោយសារតែជាប់ឈ្មោះថាជាសប្បុរសជនលោក Thongបានដឹកជញ្ជូនទំនិញតាមឡានពីកម្ពុជាដោយផ្ទាល់តាមព្រំដែនក្នុងខេត្តដុងថាប ទៅកាន់ទីក្រុងហូជីមិញដោយរួចផុតពីរនាំងរឹតបណ្ដឹងកូវីដ។ រាល់ការធ្វើដំណើរម្ដងៗ លោកដឹកមេតំហ្វេតាមីនពី ៣០-៤០ គីឡូក្រាម និងហេរ៉ូអ៊ីនពី ១៦-២០ គីឡូក្រាម។
ប៉ូលិសបានរកឃើញថ្នាំញៀន បន្ទាប់ពីបានបញ្ឈប់ឡានរបស់លោកThong ម្ដងហើយធ្វើការវាយឆ្មក់ចូលកន្លែងស្តុក ក្នុងខែសីហា ឆ្នាំ ២០២១ ដោយរឹបអូសបានថ្នាំញៀនជិត១០០គីឡូក្រាម។
បើតាម VnExpress លោក Hung បាននិយាយថាលោកបានស្គាល់បុរសឈ្មោះ Jimmy ក្នុងខែកក្កដា ឆ្នាំ ២០២១ហើយបានធ្វើការជាមេគ្រឿងញៀនឱ្យលោកJimmyចំនួន៣ដងហើយថែមទាំងទិញថ្នាំញៀនពីមនុស្សដដែល ដើម្បីយកទៅលក់បន្ត៕