ក្រុមប្រយុទ្ធតំណាងជនជាតិភាគតិចមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃទី ១៣ ខែធ្នូថា ពួកគេនឹងប្រយុទ្ធតតាំងជាមួយរបបយោធាដើម្បីបញ្ចប់ របបផ្តាច់ការនៅក្នុងប្រទេស។ ការលើកឡើងរបស់ក្រុមជនជាតិភាគតិចបែបនេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរបបយោធាជួបពិភាក្សាជាមួយពួកគេក្រោមការសម្របសម្រួលពីប្រទេសចិន។
យ៉ាងណាមិញការប៉ះទង្គិចគ្នាបានផ្ទុះឡើងពាសពេញរដ្ឋ Shan ដែលស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ព Arakan កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិ Ta'ang បានបើកការវាយលុកកាលពីចុងខែតុលា។
ក្រុមទាំងនេះបានដណ្តើមយកទីតាំងយោធានិងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗជាមួយប្រទេសចិនដែលអ្នកវិភាគនិយាយថា នេះគឺជាការរើបំរាសដ៏ធំបំផុតចំពោះរបបយោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មកនោះ។
តាមរយៈសកម្មភាពប្រឆាំងជាបន្តបន្ទាប់នេះ ក្រុមសម្ព័ន្ធជនជាតិភាគតិចបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់ភាពផ្តាច់ការដោយថា៖«ដើម្បីអាចសម្រេចបាននូវគោលដៅរបស់យើងដោយពេញលេញគឺត្រូវការពេលវេលានិងកិច្ចខិតខំប្រឹងប្រែងបន្តហើយការលះបង់របស់យើងនៅតែរឹងមាំដើម្បីប្រជាជនមីយ៉ាន់ម៉ាទាំងមូល»។
បើទោះជាយ៉ាងនេះក្ដីអ្នកនាំពាក្យនៃរបបយោធាគឺលោកZaw Min Tun បាននិយាយកាលពីថ្ងៃទី ១១ ខែធ្នូដែរថាមេដឹកនាំនៃរបបយោធាបានស្វះស្វែងជួបពិភាក្សាជាមួយក្រុមទាំងបីក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្របមួយចំពោះជម្លោះខាងលើ។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថាកិច្ចពិភាក្សាទាំងនោះត្រូវបានធ្វើឡើងដោយមានជំនួយពីប្រទេសចិនប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណាឬនៅទីណានោះទេ។
ទាក់ទងនឹងរឿងនេះក្រសួងការបរទេសចិនក៏បានបញ្ជាក់អំពីការសម្របសម្រួលកិច្ចចរចារវាងក្រុមយោធានិងក្រុមជនជាតិភាគតិចផងដែរ។ ជាលទ្ធផលការចរចានាពេលនោះប្រព្រឹត្តទៅដោយរលូនមានផលវិជ្ជមានប៉ុន្តែក្រសួងការបរទេសមិនបានបញ្ជាក់លម្អិតថាយ៉ាងណានោះទេ។
បើយោងតាមអង្គការសហប្រជាជាតិការប៉ះទង្គិចគ្នារវាងក្រុមយោធានិងក្រុមជនជាតិភាគតិចបានរីករាលដាលដល់ភាគខាងកើតនិងខាងលិចនៃប្រទេសហើយបានបង្ខំឱ្យមនុស្សជាងកន្លះលាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕