រដ្ឋមន្ត្រីកូរ៉េខាងជើងមួយរូប បានជួបជាមួយអភិបាលតំបន់មួយរបស់រុស្ស៊ីដែលស្ថិតនៅជាប់ព្រំដែនប្រទេសទាំងពីរដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងឈ្មោះថា KCNA បានរាយការណ៍កាលពីថ្ងៃពុធ។
កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រទេសរបស់កូរ៉េខាងជើងលោកយុន ចុងហូ (Yun Jong Ho)និង លោក អូឡេក កូហ្សេមីយ៉ាកូ (Oleg Kozhemyako) អភិបាលតំបន់ព្រីម៉ូស្គី (Primorsky) ភាគខាងកើតរុស្ស៊ីបានផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។
យោងតាមការរាយការណ៍របស់ KCNA បានលើកឡើងថាភាគីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់អំពីកិច្ចព្រមព្រៀង និងខ្លឹមសារទាំងស្រុងនៃជំនួបប្រជុំនោះទេ។យ៉ាងណាក៏ដោយ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបានរកឃើញថាកូរ៉េខាងជើងអាចនឹងបញ្ជូនកម្មករទៅប្រទេសរុស្ស៊ីមួយចំនួន។
ប្រទេសណាក៏ដោយឱ្យតែជួលកម្មករកូរ៉េខាងជើងហើយបើកប្រាក់ឈ្នួលឱ្យពួកគេនោះគឺជាការបំពានការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការដាក់ទណ្ឌកម្មទាំងនេះ មានគោលបំណងបញ្ឈប់ទីក្រុងព្យុងយ៉ាងពីការផ្ដល់មូលនិធិគាំទ្រដល់គម្រោងផលិតអាវុធដែលត្រូវបានហាមឃាត់ ដោយប្រើប្រាស់ប្រាក់ចំណូលរបស់កម្មករ។
លោក កូហ្សេមីយ៉ាកូ បានលើកឡើងនៅលើប៉ុស្តិ៍តេឡេក្រាម(Telegram)របស់លោកថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីការផ្អាកទំនាក់ទំនងដ៏យូរដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដូច្នេះផែនការបន្ទាប់គឺផ្តោតលើវប្បធម៌ទេសចរណ៍កីឡានិងការសិក្សាមើលថាតើអាចអនុញ្ញាតឱ្យកសិករកូរ៉េខាងជើងប្រើប្រាស់ដីមួយចំនួននៅតំបន់ ព្រីម៉ូស្គីសម្រាប់ធ្វើកសិកម្មឬក៏យ៉ាងណា។
ដំណើរទស្សនកិច្ចរបស់លោកកូហ្សេមីយ៉ាកូ លើកនេះ គឺជាដំណើរទស្សនកិច្ចមួយក្នុងចំណោមជំនួបរវាងកូរ៉េខាងជើងនិងរុស្ស៊ីជាច្រើនលើកមកហើយនាពេលថ្មីៗនេះ។ដំណើរទស្សនកិច្ចនេះ ក៏បានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន(Kim Jong Un)ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាកន្លងទៅ។
ក្នុងដំណើរទស្សនកិច្ចនោះលោកបានពិភាក្សាជាមួយប្រធានាធិបតីពូទីនអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ខណៈដែលសហរដ្ឋអាមេរិកបានអះអាងថាមានការជួញដូរអាវុធរវាងកូរ៉េខាងជើងនិងរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងជម្លោះនៅអ៊ុយក្រែន។
កូរ៉េខាងជើងបានចាប់ផ្តើមបើកច្រកព្រំដែនប្រទេសជាបណ្តើរៗ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតកូវីដ១៩ បានស្រាកស្រាន្ដ។ពួកគេបានអនុញ្ញាតឱ្យមន្ត្រីចិននិងរុស្ស៊ីធ្វើទស្សនកិច្ចនិងចាប់ផ្តើមជើងហោះហើរឡើងវិញរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងប៉េកាំងថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍ឈ្មោះថាAir Koryo បានបើកជើងហោះហើរទៅកាន់ទីក្រុង ហ្សិនយ៉ាង (Shenyang) ប្រទេសចិនបន្ទាប់ពីរបិទយៈពេលជិត៤ឆ្នាំនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
លោក កូហ្សេមីយ៉ាកូ បានលើកឡើងថា គណៈប្រតិភូកូរ៉េខាងជើងនឹងធ្វើទស្សនកិច្ចនៅតំបន់ព្រីម៉ូស្គីនៅរុស្ស៊ីក្នុងខែធ្នូនេះ។ គួរបញ្ជាក់ថា រុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើងខណៈភាពឯកោរបស់ខ្លួនជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែនកាន់តែកើនឡើង។ ដោយឡែក មេដឹកនាំកូរ៉េខាងជើងនិងរដ្ឋមន្ត្រីធនធានធម្មជាតិរបស់រុស្ស៊ីបានជួបគ្នាកាលពីខែមុន ក្នុងន័យបង្កើនមិត្តភាពរបស់ពួកគេផងដែរ។
ប្រទេសកូរ៉េខាងជើងក៏បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងសេន ផេថឺស្បឺក (Saint Petersburg)ក្នុងខែវិច្ឆិកាដើម្បីចូលរួមក្នុងវេទិកាវប្បធម៌មួយ។កាលពីដើមខែតុលាពួកគេបានបញ្ជូនគណៈប្រតិភូមួយផ្សេងទៀត ទៅចូលរួមវេទិកាកីឡានៅទីក្រុង ផឺម(Perm) ប្រទេសរុស្ស៊ី៕