ទីភ្នាក់ងារសារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama បានរាយការណ៍កាលពីយប់ថ្ងៃពុធថា អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនមនុស្ស ៣១ នាក់ រួមទាំងជនបរទេស ២១ នាក់ ពីបទសង្ស័យពាក់ព័ន្ធនឹងការជីកយករ៉ែកម្រខុសច្បាប់នៅរដ្ឋPerak ភាគខាងលិច។
មេប៉ូលិសរដ្ឋ Perak លោក Mohd Yusri Hassan Basri បាននិយាយថា ការចាប់ខ្លួននេះ ធ្វើឡើងនៅក្នុងការវាយឆ្មក់ចំនួន២ ដែលចាប់ផ្តើមពីថ្ងៃទី០៨ ខែធ្នូ។ ក្រៅពីជនជាតិម៉ាឡេស៊ី អ្នកដែលត្រូវបានចាប់ខ្លួនរួមមានជនជាតិចិនចំនួន១៦ នាក់ពលរដ្ឋមីយ៉ាន់ម៉ា៤ នាក់ និងស្ត្រីវៀតណាមម្នាក់។
គ្រប់អ្នកចាប់ខ្លួន រងការចោទប្រកាន់ពីបទជីកយករ៉ែដ៏កម្រដែលគ្មានផ្ទុកធាតុវិទ្យុសកម្ម (NR-REE) នៅឯព្រៃអភិរក្ស Bintang Hijau នៃរដ្ឋPerak ហើយរំពឹងថានឹងត្រូវកាត់ទោសក្រោមច្បាប់ព្រៃឈើរបស់ប្រទេសម៉ាឡេស៊ី។
សារព័ត៌មាន Bernama បានស្រង់សម្ដីលោក Mohd Yusri ដែលនិយាយបន្តថា ជនបរទេសដែលពាក់ព័ន្ធមិនមានកាន់កាប់ឯកសារធ្វើដំណើរត្រឹមត្រូវទេ ហើយការស៊ើបអង្កេតក៏នឹងបើកនៅក្រោមច្បាប់អន្តោប្រវេសន៍ផងដែរ។
ទិន្នន័យពីការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩បានបង្ហាញថាម៉ាឡេស៊ី គឺជាប្រទេសមួយដែលមានរ៉ែដ៏កម្រក្រោមស្រទាប់ផែនដី។
ការចាប់ខ្លួននាពេលនេះ ធ្វើឡើងខណៈម៉ាឡេស៊ីចង់ហាមឃាត់ការនាំចេញរ៉ែកម្រ ដែលគេយកទៅប្រើប្រាស់ក្នុងបន្ទះឈីប បច្ចេកវិទ្យាទំនើប រថយន្តអគ្គិសនី និងឧបករណ៍យោធាផ្សេងៗ ដើម្បីចៀសវាងការកេងប្រវ័ញ្ច និងការបាត់បង់ធនធាន៕