ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla កំពុងប្រមូលរថយន្តជាង ២លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិកដើម្បីដំឡើងប្រព័ន្ធការពារថ្មីជំនួយអ្នកបើកបរនៅក្នុងប្រព័ន្ធ Autopilot (បើកបរដោយស្វ័យប្រវត្តិ) បន្ទាប់ពីនិយតករសុវត្ថិភាពសហព័ន្ធបានលើកឡើងពីកង្វល់អំពីសុវត្ថិភាពនៃប្រព័ន្ធនេះ។
នេះគឺជាការប្រមូលរថយន្ត Tesla ដ៏ធំបំផុតមិនធ្លាប់មានពីមុនមកដែលហាក់ដូចជាគ្របដណ្តប់យានយន្ត Tesla ស្ទើរតែទាំងអស់នៅលើផ្លូវក្នុងសហរដ្ឋអាមេរិកដើម្បីដំឡើងប្រព័ន្ធជំនួយថ្មីក្នុងគោលដៅធានាថាអ្នកបើកបរយកចិត្តទុកដាក់កាន់តែប្រសើរឡើងនៅពេលប្រើប្រាស់ប្រព័ន្ធនោះ។
បើតាមឯកសារ របស់ក្រុមហ៊ុន Tesla បានឱ្យដឹងថាការគ្រប់គ្រងប្រព័ន្ធសូហ្វវែររបស់ Autopilot ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់អ្នកបើកបរប្រើខុសនោះហើយកំហុសនោះនឹងបង្កើនហានិភ័យនៃការគាំង។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក (NHTSA) បានចំណាយពេលជាង ២ ឆ្នាំដើម្បីស៊ើបអង្កេតថា តើរថយន្តដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលដឹកនាំដោយមហាសេដ្ឋី Elon Musk អាចធានាឱ្យអ្នកបើកបរយកចិត្តទុកដាក់បានគ្រប់គ្រាន់នៅពេលប្រើប្រព័ន្ធ Autopilot ទេ។
អ្នកគ្រប់គ្រងស្តីទី NHTSA អ្នកស្រី Ann Carlson បានសរសើរក្រុមហ៊ុន Tesla ចំពោះការយល់ព្រមប្រមូលរថយន្តរបស់ខ្លួនត្រឡប់មកវិញ។ ចំពោះបញ្ហានៃប្រព័ន្ធនេះវិញអ្នកស្រីបាននិយាយនៅក្នុងសវនាការរបស់សភាអាមេរិកថា «រឿងមួយដែលយើងកំណត់បានគឺថាអ្នកបើកបរមិនយកចិត្តទុកដាក់សោះ នៅពេលដែលប្រើប្រព័ន្ធនោះ»។
អ្នកស្រី Carlson បានឱ្យដឹងដែរថា ទីភ្នាក់ងាររបស់ខ្លួនបានបើកការស៊ើបអង្កេតសុវត្ថិភាពតាំងតែពីខែសីហា ឆ្នាំ ២០២១ នៅពេលដែលបន្តឃើញគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ Autopilot។
យ៉ាងណាសម្រាប់ ក្រុមហ៊ុន Tesla បាននិយាយថាខ្លួនមិនយល់ស្របនឹងការវិភាគរបស់ NHTSA ទេ ប៉ុន្តែការប្រមូលរថយន្តត្រលប់ទៅវិញគឺដើម្បីអាប់ដេតកម្មវិធីពីលើអាកាសដែលនឹងរួមបញ្ចូលការត្រួតពិនិត្យបន្ថែម និងការដាស់តឿនបន្ថែមដល់អ្នកបើកបរដែលកំពុងប្រើប្រាស់ប្រព័ន្ធនេះស្រាប់ ដើម្បីលើកទឹកចិត្តឱ្យពួកគេប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវក្នុងការបើកបរ។
ដោយឡែកនៅកាណាដាឯណោះវិញនាយកដ្ឋានដឹកជញ្ជូនបាននិយាយថាក្រុមហ៊ុន Tesla នឹងប្រមូលរថយន្តចំនួន ១៩៣,០០០ គ្រឿងដើម្បីដោះស្រាយបញ្ហា Autopilot។ ចំណែកក្រុមហ៊ុនរថយន្តចិននាយកដ្ឋានមិនច្បាស់ទេថាតើចិននឹងទាមទារប្រមូលរថយន្តខ្លួនទៅកែសម្រួល ឬយ៉ាងណា៕