អ្នកនាំពាក្យស្ថានទូតចិនប្រចាំកាណាដា បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ប្រទេសចិនបានថ្កោលទោសកាណាដា ចំពោះការគាំទ្រហ្វីលីពីនជុំវិញការប៉ះទង្គិចគ្នាថ្មីៗនេះនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សេចក្តីថ្លែងការណ៍លើកឡើងថា៖«សមុទ្រចិនខាងត្បូង គឺជាផ្ទះរួមរបស់ប្រទេសក្នុងតំបន់ ហើយមិនគួរក្លាយជាកន្លែងដែលផ្ដល់ឱ្យកាណាដា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ទាញយកផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ពួកគេនោះទេ»។
អ្នកនាំពាក្យរបស់ស្ថានទូតចិន បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ដដែលថា៖«ក្នុងនាមជាប្រទេសនៅក្រៅតំបន់ កាណាដាបានពង្រឹងការរំលោភបំពានរបស់ហ្វីលីពីន លើអធិបតេយ្យភាពរបស់ប្រទេសចិន រំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ចិន និងហ្វីលីពីនមានការប្រឈមមុខដាក់គ្នាជាច្រើន ដែលផ្តោតលើឆ្នេរប៉ប្រះទឹកនៃតំបន់កោះជម្លោះស្រ្ពាតលី ក្នុងសមុទ្រចិនខាងត្បូង ដែលចិនទាមទារថាជាទឹកដីរបស់ខ្លួនស្ទើរទាំងស្រុង ទោះបីសហគមន៍ក្នុងតំបន់ និងអន្តរជាតិច្រានចោលក៏ដោយ។
ទីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រ និងនាវាកងជីវពលដែនសមុទ្រចិន ថាបានបាញ់កាណុងបាញ់ទឹកម្តងហើយម្តងទៀតទៅកាន់នាវាដឹកគ្រឿងផ្គត់ផ្គង់របស់ខ្លួន ហើយបានរារាំងដោយចេតនាលើទូកហ្វីលីពីនជិតដែនទឹកដែលមានជម្លោះ។ ចិនច្រានចោលការណ៍នេះ ដោយនិយាយថា នាវាហ្វីលីពីនចូលដែនទឹកខ្លួនដោយគ្មានការអនុញ្ញាត។
សហរដ្ឋអាមេរិក កាណាដា និងប្រទេសផ្សេងទៀត បានបញ្ចេញសំឡេងប្រឆាំងនឹងចិន ហើយស្រុះស្រួលគ្នាបង្ហាញការគាំទ្រសម្រាប់ហ្វីលីពីន។ ការប្រឈមមុខដាក់គ្នាថ្មីនេះរវាងចិន និងហ្វីលីពីន ក្នុងដែនទឹកជម្លោះ បានទាក់ទាញការថ្កោលទោសពីប្រទេសកាណាដា ដែលនិយាយថា ចិនបានធ្វើសកម្មភាពប្រឆាំងនឹងនាវាស៊ីវិល និងរដ្ឋាភិបាលហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង៕