កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២៣ កន្លងទៅ​ថ្មីៗ​នេះ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​ការសុំ​ទោស​ដ៏​កម្រ​មួយ នៅពេលដែល​និវត្តជន​ម្នាក់​បាន​ត្អូញត្អែរ​នៅ​ចំពោះ​លោក​អំពី​តម្លៃ​ស៊ុត និង​សាច់មាន់​ឡើងថ្លៃ​។

ក្នុងអំឡុងពេល​សួរ​សំណួរ និង​ចម្លើយ ប្រចាំឆ្នាំ​របស់​ពូ​ទីន​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជាមួយ​សាធារណជន​ដែល​ចូល​មកពី​ទូទាំងប្រទេស​រុស្ស៊ី និវត្តជន​ម្នាក់​ឈ្មោះ Irina Akopova ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បានបង្ហាញ​ឱ្យឃើញថា​ខ្លួន​អង្គុយ​នៅ​តុ​ផ្ទះបាយ ហើយ​និយាយ​អំពី​កង្វល់​របស់ខ្លួន​ទៅកាន់​ប្រធានាធិបតី​តាមរយៈ​តំណ​ភ្ជាប់​វីដេអូ​នោះ​។

នៅ​ចំពោះមុខ​ប្រធានាធិបតី​របស់ខ្លួន អ្នកស្រី Irina Akopova បាន​ត្អូញត្អែរ​ទៅកាន់ លោក ពូ​ទីន ថា​ទាំង​តម្លៃ​ស៊ុត ទ្រូង​មាន់ និង​ស្លាប​ក្តី​សុទ្ធតែ​បាន​ឡើងថ្លៃ​ទាំងអស់​។ អ្នកស្រី​បាន​បន្ត​និយាយ​ទៅកាន់​លោកពូ​ទីន​ដូច្នេះ​ថា​៖ « Vladimir Vladimirovich សូម​អាណិត​ដល់ និវត្តជន​ផង​! យើង​មិនមាន​ប្រាក់​សោធន​របស់​យើង​រាប់លាន​ទេ​។ ដូច្នេះ​សូមជួយ​ដោះស្រាយ​ផង យើង​មិនដឹង​ត្រូវ​ពឹង​នរណា​ទេ ខ្ញុំ​ពិតជា​ដឹងគុណ​លោក​ខ្លាំងណាស់ ខ្ញុំ​ពឹង​លោក​ឱ្យជួយ​»​។

សំណួរ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការព្រួយបារម្ភ​ពិតប្រាកដ​ក្នុងចំណោម​ប្រជាជន​រុស្ស៊ី​ចំពោះ​ការកើនឡើង​តម្លៃ​ក្នុង​ការរស់នៅ ហើយ​បន្ទាប់ពី​សំណូមពរ​នេះ​បានកើត​ឡើង លោកពូ​ទីន​ក៏បាន​ទទួលស្គាល់​ដែរ​ថា​អតិផរណា​រុស្ស៊ី​អាច​នឹង​ឈានដល់ ៨​ភាគរយ​នៅ​ឆ្នាំនេះ​។

ឆ្លើយតប​ទៅនឹង​និវត្តជន លោកពូ​ទីន​បាន​និយាយថា​៖ «​ខ្ញុំ​សុំទោស​ចំពោះ​រឿងនេះ នេះ​គឺជា​ការបរាជ័យ​នៃ​ការងារ​របស់​រដ្ឋាភិបាល ខ្ញុំ​សន្យាថា​ស្ថានភាព​នឹងត្រូវ​បាន​កែប្រែ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​»​។

វេទិកា​សំណួរ និង​ចម្លើយ ចុងឆ្នាំ​នេះ​បាន​ក្លាយជា​ទម្រង់​មួយ​ដែល​ផ្តល់ឱកាស​ឱ្យ​លោកពូ​ទីន បង្ហាញថា​ខ្លួន​មានការ​អាណិតអាសូរ ក៏ដូចជា​ការព្រួយបារម្ភ​ទៅកាន់​ប្រជាជន​សាមញ្ញ ហើយ​កំពុង​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ដោះស្រាយ​ជូន​ពួកគេ​ផងដែរ​។

បន្ទាប់ពី​វេទិកា​នេះដែរ រដ្ឋាភិបាល​រុស្ស៊ី​បាន​និយាយថា ខ្លួន​នឹង​បើក​ការ​នាំចូល​ស៊ុត​ចំនួន ១,២ ពាន់​លាន​គ្រាប់​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំក្រោយ ដើម្បី​ព្យាយាម​ធ្វើយ៉ាងណា រក្សា​តម្លៃ​ដែល​បាន​កើនឡើង​ច្រើនជាង ៤០​ភាគរយ​នៅ​ឆ្នាំនេះ​។

ក្រៅពី​ដំណោះស្រាយ​រឿង​ស៊ុត​នេះ សាធារណជន​មួយចំនួន​ដែល​បានលើកឡើង​ពី​បញ្ហា​របស់ខ្លួន​ទៅកាន់​ប្រធានាធិបតី ក៏​ទទួល​ដំណោះស្រាយ​ភ្លាមៗ​ក្នុងអំឡុង​វេទិកា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ​៕