សម្រាប់ប្រជាជនឥណ្ឌូនេស៊ីម្ទេសគឺជាគ្រឿងផ្សំដ៏សំខាន់មួយនៅក្នុងមុខម្ហូបរបស់ពួកគេ។ជាក់ស្ដែងសាច់គោម្ទេស (Chili Beef) ដែលជាម្ហូបប្រចាំតំបន់ dendeng balado (កោះស៊ូម៉ាត្រាខាងលិច) និងស៊ុបមាន់ហឹរដែលជាម្ហូបប្រចាំតំបន់ Sulawesi គឺមិនអាចមានឱជារសឆ្ងាញ់នោះទេបើសិនជាគ្មានម្ទេស។
មិនត្រឹមតែបែបនេះទេសូម្បីតែហាងអាហារ (Fast food) ដូចជា McDonald's និង KFC ក៏កំពុងតែតម្លើងថ្លៃនៅក្នុងបញ្ជីមុខម្ហូបរបស់ពួកគេព្រមទាំងបានដកចេញនូវមុខម្ហូបមាន់បំពងប្រឡាក់គ្រឿងសាំបាល់ (Sambal) ទៀតផង។
យ៉ាងណាមិញការឡើងថ្លៃនៃម្ហូបអាហារដែលមានគ្រឿងផ្សំពីម្ទេសនេះគឺដោយសារតែការផ្គត់ផ្គង់ម្ទេសបានធ្លាក់ចុះយ៉ាងគំហុក។រីឯការផ្គត់ផ្គង់ធ្លាក់ចុះនេះទៀតសោតគឺបណ្ដាលមកពីគ្រោះរាំងស្ងួតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ក្រោមហេតុផលនេះតម្លៃម្ទេសបានកើនឡើងលើសពីបីដងពីតម្លៃធម្មតាពោលគឺដល់ជាង១០០,០០០រូពី (ជាង៦ដុល្លារ) ក្នុងមួយគីឡូក្រាមដែលជំរុញឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Amran Sulaiman កាលពីចុងខែតុលាកន្លងទៅបានជំរុញឱ្យប្រជាជនដាំដំណាំម្ទេសនៅជុំវិញទីធ្លាផ្ទះរបស់ពួកគេ។
តាមរយៈការជំរុញរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មបែបនេះប្រជាជនឥណ្ឌូនេស៊ីនាំគ្នាយកគ្រាប់ម្ទេសទៅដាំក្នុងធុងស្នោរឬបាវចាស់ៗនៅលើដំបូលផ្ទះនិងសំយ៉ាបផ្ទះរៀងៗខ្លួន។ដោយសារតែដំណាំម្ទេសជាប្រភេទដំណាំដែលងាយស្រួលដាំផងនោះផ្ទះរបស់ប្រជាជនឥណ្ឌូនេស៊ីនាពេលនេះពោរពេញទៅដោយដំណាំម្ទេសតែម្ដង។
ឥណ្ឌូនេស៊ីជាធម្មតាមានលទ្ធភាពផលិតទិន្នផលម្ទេសបានប្រហែលពីរលានតោនក្នុងមួយឆ្នាំដោយភាគច្រើនដាំនៅកោះជ្វានិងស៊ូម៉ាត្រា។ការដាំរបស់ឥណ្ឌូនេស៊ីនេះដែរមិនត្រឹមតែសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកប៉ុណ្ណោះទេតែក៏សម្រាប់នាំចេញផងដែរប៉ុន្តែក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣នេះឥណ្ឌូនេស៊ីបានប្រឈមនឹងបញ្ហាអាកាសធាតុរាំងស្ងួតខុសពីធម្មតាដែលបណ្តាលមកពីបាតុភូត El Nino។
ដោយឡែកសិង្ហបុរីក៏ស្ថិតក្នុងចំណោមប្រទេសដែលនាំចូលម្ទេសឥណ្ឌូនេស៊ីផងដែរក្រៅពីនោះក៏មានប្រទេសអារ៉ាប៊ីសាអូឌីតម៉ាឡេស៊ីនិងនីហ្សេរីយ៉ា។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានឱ្យដឹងថាការនាំចេញម្ទេសរបស់ឥណ្ឌូនេស៊ីទៅកាន់ប្រទេសសិង្ហបុរីបានធ្លាក់ចុះជិត១៥ភាគរយគិតជាទឹកប្រាក់ប្រមាណ១៨០,០០០ដុល្លារចាប់តាំងពីខែមករាដល់ខែតុលាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គិតជាបរិមាណការនាំចេញម្ទេសទៅកាន់ប្រទេសសិង្ហបុរីមានការថយចុះ១១ភាគរយមកនៅត្រឹម២៣៨,៥៣តោនក្នុងរយៈពេលប្រៀបធៀបដូចគ្នា៕