សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ ទី ១៦ ខែធ្នូ បានចេញមុខព្រមានកូរ៉េខាងជើងជាថ្មីថា ការវាយប្រហារនុយក្លេអ៊ែរណាមួយលើអាមេរិកនឹងធ្វើឱ្យរបបគ្រប់គ្រងត្រកូល គីម ត្រូវបញ្ចប់។ ការលើកឡើងនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង។
ខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍នេះបានអះអាងម្តងទៀតដែរថារាល់ការវាយប្រហារនុយក្លេអ៊ែរដោយទីក្រុងព្យុងយ៉ាងទៅលើកូរ៉េខាងត្បូងនឹងត្រូវឆ្លើយតបវិញយ៉ាងឆាប់រហ័ស ក្នុងចំនួនលើសលប់ និងប្រកបដោយសេចក្តីសម្រេចចិត្តខ្ពស់។
សេចក្តីថ្លែងការណ៍ចេញដោយសេតវិមាន បានលើកឡើងថា៖ «សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងកិច្ចការពារកូរ៉េខាងត្បូង ដែលត្រូវទទួលការគាំទ្រពេញលេញពីសហរដ្ឋអាមេរិក រួមទាំងអាវុធនុយក្លេអ៊ែរផង»។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិនធ្លាប់បានចេញសារព្រមានដោយប្រើពាក្យសម្តីធ្ងន់ៗប្រហាក់ប្រហែលគ្នានេះម្តងរួចមកហើយកាលពីខែមេសា ដោយនិយាយថាការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើងជាលទ្ធផលរដ្ឋាភិបាលក្រុងព្យុងយ៉ាងគឺត្រូវបញ្ចប់។
កាលពី ៥ខែមុន រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីនក៏បានចេញមុនព្រមានដែរថាការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិកនឹងមានន័យថាវាជាទីបញ្ចប់នៃរបបគ្រប់គ្រងកុម្មុយនីស្តព្យុងយ៉ាង។
កាលពីឆ្នាំមុនប្រទេសកូរ៉េខាងជើងបានប្រកាសខ្លួនឯងថាជាមហាអំណាចនុយក្លេអ៊ែរ និងបានបញ្ជាក់ជាថ្មីទៀតថានឹងមិនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលជាកត្តាចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់របបព្យុងយ៉ាងឡើយ។
ក្រៅពីនេះ កាលពីខែវិច្ឆិកា ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបយោធាចារកិច្ចទៅក្នុងគន្លងតារាវិថី។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានអះអាងថាផ្កាយរណបនៅលើមេឃ បានផ្តល់នូវរូបភាពនៃទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដល់ខ្លួនរួចហើយ៕