ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌឺណង់ ម៉ាកូស ជូនៀ បាននិយាយថា ហ្វីលីពីន កំពុងធ្វើការដោះស្រាយ ដើម្បីបើកផ្លូវឱ្យខ្លួនអាចចាប់ផ្តើមគម្រោងរុករកថាមពលថ្មីនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសម្បូរទៅដោយធនធាន ដើម្បីបំពេញតម្រូវការថាមពលរបស់ប្រទេស។ យោងសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ។
ហ្វីលីពីន និងចិន បានបន្តការពិភាក្សាគ្នាអំពីការរួមគ្នារុករកធនធានប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង ដែលភាគីទាំង ២ បានខ្វែងគំនិតគ្នាអស់ជាច្រើនទសវត្សរ៍ លើសិទ្ធិអធិបតេយ្យភាពក្នុងការទាញយកធនធានធម្មជាតិនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។
ប៉ុន្តែ ប្រធានាធិបតីហ្វីលីពីនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការវិវឌ្ឍដែលកើតចេញពីការពិភាក្សាគ្នានោះមានតិចតួចណាស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យរបស់លោក ខណៈប្រធានាធិបតីហ្វីលីពីនរូបនេះ ចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្រុងតូក្យូរវាងជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោកម៉ាកូស បាននិយាយថា៖«យើងនៅតែស្ថិតក្នុងភាពជាប់គាំងនៅពេលនេះ» ប៉ុន្តែបន្តថា ហ្វីលីពីនមានសិទ្ធិក្នុងការទាញយកថាមពលបម្រុងនៅក្នុងសមុទ្រហ្វីលីពីនខាងលិច នៅពេលដែលប្រទេសចង់កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងធ្យូងថ្ម ហើយផ្លាស់ប្តូរទៅប្រើឧស្ម័នធម្មជាតិពង្រាវ។ ហ្វីលីពីនហៅផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលរួមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ថា សមុទ្រហ្វីលីពីនខាងលិច។
កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកមធ្យោបាយស្របច្បាប់ក្នុងកិច្ចសហប្រតិបត្តិការលើការរុករកថាមពល បានជាប់គាំងម្តងហើយម្តងទៀត ដោយរដ្ឋបាលហ្វីលីពីនអាណត្តិមុនបានបោះបង់ចោលការពិភាក្សាកាលពីខែមិថុនា ឆ្នាំ ២០២២ ដោយលើកឡើងពីឧបសគ្គរដ្ឋធម្មនុញ្ញ និងបញ្ហានៃអធិបតេយ្យភាព។
ការប្រកាសពីបំណងចង់រុករកថាមពលថ្មីនាពេលនេះ ធ្វើឡើងចំពេលដែលភាពតានតឹងនៅសមុទ្រចិនខាងត្បូងកើនឡើង។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនកាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា ភាពតានតឹងនៅតំបន់ជម្លោះបានកើនឡើង ជាជាងការថយចុះ ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារចិនគឃ្លើនកាន់តែខ្លាំង ដែលបង្កឱ្យមានបញ្ហាប្រឈមពិតប្រាកដដល់ប្រទេសជិតខាងអាស៊ាន។
ថ្មីៗនេះ ហ្វីលីពីន និងចិនបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការប៉ះទង្គិចគ្នានៃនាវារបស់ពួកគេនៅជិតថ្មប៉ប្រះទឹកក្នុងប្រជុំកោះជម្លោះស្ព្រាតលី៕