ខណៈពេលដែលអាស៊ាន និងជប៉ុនរំឭកខួបនៃទំនាក់ទំនងកន្លះសតវត្សរ៍ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (Lee Hsien Loong) នៅថ្ងៃទី ១៧ ខែធ្នូ បាននិយាយកោតសរសើរជប៉ុន ថា ប្រទេសរីកចម្រើនសេដ្ឋកិច្ចលំដាប់លេខ ៣ ក្នុងពិភពលោកនេះ បានរួមចំណែកច្រើនណាស់ដល់សន្តិសុខ និងសន្តិភាពនៅក្នុងតំបន់។
ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ ប្រមុខដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់កំពូលទាំង ២ បានសន្យាធ្វើការងារជាមួយគ្នាឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតជាពិសេសក្នុងវិស័យការពារជាតិដែលពួកគេជឿថា វានឹងជួយលើកកម្ពស់សន្តិភាព និងស្ថិរភាព។
តាមការដកស្រង់របស់សារព័ត៌មាន The Straits Times នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលរំឭកខួបមួយដែលបានធ្វើឡើងនៅទីក្រុងតូក្យូ ដើម្បីរំឭកខួប ៥០ ឆ្នាំនៃទំនាក់ទំនងជប៉ុន-អាស៊ាន ដោយជំរុញឱ្យជប៉ុន និងអាស៊ានធ្វើការងាររួមគ្នាឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់«សណ្តាប់ធ្នាប់តំបន់ និងអន្តរជាតិប្រកបដោយស្ថិរភាព បើកចំហ និងបរិយាបន្ន ដោយផ្អែកលើច្បាប់ (នីតរដ្ឋ (Rule of Law))»។
នៅក្នុងកិច្ចប្រជុំទ្វេភាគីរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និងជប៉ុន ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃទី ១៦ ខែធ្នូ ប្រមខុរដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវិស័យការពារជាតិកាន់តែស៊ីជម្រៅ។ នេះបើយោងតាមឯកសារដែលចែកចាយដោយក្រសួងការបរទេសរបស់សិង្ហបុរី និងជប៉ុន ប៉ុន្តែមន្ត្រីនៃប្រទេសទាំង ២ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ នេះបើយោងតាម The Straits Times។
ក្នុងខែមេសា ឆ្នាំ ២០២៣ កងទ័ពជើងទឹកនៃប្រទេសទាំង ២ បានធ្វើសមយុទ្ធឆ្លងកាត់ក្នុងដែនទឹកអន្តរជាតិនៅតំបន់ទំនាបនៃសមុទ្រចិនខាងត្បូង។
លោកបាននិយាយថា ប្រទេសសិង្ហបុរី ដែលកាន់តំណែងជាអ្នកសម្របសម្រួលទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ជប៉ុន ពីប្រទេសថៃក្នុងខែកក្កដា ឆ្នាំ ២០២៤ នឹងប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បី «ឆ្ពោះទៅមុខក្នុងការភ្ជាប់ទំនាក់ទំនងរបស់ជប៉ុននៅក្នុងតំបន់»។
ចាប់តាំងពីលោក គីស៊ីដា ចូលដឹកនាំរដ្ឋាភិបាលជប៉ុន ជប៉ុនបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យការពារជាតិ ដោយបន្ថែមការចំណាយយ៉ាងច្រើនលើវិស័យការពារជាតិ និងការធ្វើទំនើបកម្មយោធាស្វ័យការពាររបស់ខ្លួន។
មិនតែប៉ុណ្ណោះ ជប៉ុនក៏បង្កើនការផ្តល់ជំនួយយោធាដល់ប្រទេសនានាក្នុងតំបន់អាស៊ាន ដូចជាការសហការជាមួយហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។
នាយករដ្ឋមន្ត្រី លី បានកត់សម្គាល់ថា ការរួមចំណែករបស់ប្រទេសជប៉ុនបាន «ក្លាយជាតម្រូវការបន្ទាន់បន្ថែមទៀត ដោយសារតែការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព»។
លោកបាននិយាយថា៖«ភាពតានតឹងនៃប្រទេសមហាអំណាចធំៗ បង្កើនហានិភ័យនៃឧប្បត្តិហេតុ និងការកើនឡើងនៅក្នុងចំណុចសំខាន់ៗក្នុងតំបន់ដូចជានៅសមុទ្រចិនខាងត្បូងច្រកសមុទ្រតៃវ៉ាន់និងសមុទ្រចិនខាងកើត»។
ការគំរាមកំហែងផ្សេងទៀត រួមមានការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ដែលបំពានគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប្រមុខដឹកនាំសិង្ហបុរីបានថ្កោលទោសជាបន្តបន្ទាប់ចំពោះការបាញ់មីស៊ីលផ្លោងអន្តរទ្វីប និងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់កូរ៉េខាងជើងផងដែរ៕