កូរ៉េខាងជើង​ នៅ​ថ្ងៃទី១៧​ខែធ្នូ​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ដែល​ជាការ​សម្ញែង​សាច់ដុំ​​ដាក់​និង​​ព្រមាន​យោធា​អាមេរិក​និង​ផ្គើន​ចំពោះ​វត្ត​មាននៃ​នាវាមុជទឹក​ថ្មី​របស់​កូរ៉េខាងត្បូង​ផង។

បើ​យោងតាម​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង (JCS) មី​ស៊ី​ល ​នោះ​ ត្រូវបាន​បាញ់​ឆ្ពោះទៅកាន់​សមុទ្រ​ដោយ​ហោះ​ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​កូរ៉េខាងជើង​និង​ហោះ​បាន​ចម្ងាយ​ប្រហែល៥៧០គីឡូម៉ែត្រ (៣៥០ម៉ា​យល៍) មុនពេល​ធ្លាក់​ក្នុង​សមុទ្រ។

​ការបាញ់​បង្ហោះ​នេះ​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​របស់​ទីក្រុង​សេ​អ៊ូ​ល​និង​​ទីក្រុង​តូ​ក្យូ​ព្រមាន​កូរ៉េខាងជើង ​ពី​ការធ្វើសកម្មភាព​រៀបចំ​បាញ់​សាកល្បង​មី​ស៊ី​ល ​ដែល​រួមមាន​ទាំង​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​មួយ (ICBMs) របស់​ពួកគេ​នៅក្នុង​ខែ​នេះ។

តិចជាង​កន្លះ​ម៉ោង​បន្ទាប់ពី​ការបាញ់​បង្ហោះ​មី​ស៊ី​ល​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ដែល​រិះគន់​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ចំពោះ​ការបង្កើន​ភាព​តានតឹង​ជាមួយ​ខ្លួន​តាមរយៈ​ការបង្ហាញ​កម្លាំង​និង​ការធ្វើផែនការ​ស​ង្គ្រា​មនុ​យ​ក្លេ​អ៊ែរ។

ក្នុងនោះ​ក៏មាន​ការលើកឡើង​ពី​ការមកដល់​នៃ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​ឈ្មោះ Missouri នៅក្នុង​កំពង់ផែ​ទីក្រុង​ប៊ូសាន​របស់​កូរ៉េខាងត្បូង​ផងដែរ។

បន្ថែម​ពី​នោះ​កូរ៉េខាងជើង​បាន​រិះគន់​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​ចំពោះ​ការប្រជុំ​ក្រុមប្រឹក្សា​នុយក្លេអ៊ែរ​លើក​ទី២របស់​ពួកគេ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ​ដែល​ទីក្រុង​ព្យុងយ៉ាង​អះអាងថា ជា​ផ្នែក​មួយ​នៃ​ការចង​មេត្រីភាព​និង​រួមគ្នា​ធ្វើ​ផែនការ​សង្គ្រាម​នុយក្លេអ៊ែ។

ប៉ុន្តែ​យ៉ាងណា​រាល់​សកម្មភាព​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​ត្រូវបាន​ហាមឃាត់​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទោះបីជា​ទីក្រុង​ព្យុងយ៉ាង​ព្យាយាម​ការពារ​ថា​ជា​សិទ្ធិ​អធិបតេយ្យភាព​ក្នុងការ​ការពារ​ខ្លួន​ក៏ដោយ។

ដោយ​យោងតាម​ការហាម​ឃាត់​ខាងលើនេះ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ការបាញ់​មី​ស៊ី​ល​ផ្លោង​នាពេលថ្មីៗនេះ​របស់​កូរ៉េខាងជើង​គឺជា​ការរំលោភ​យ៉ាងច្បាស់​ក្រឡែត​ទៅលើ​ចំណាត់ការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ហាមឃាត់​ការប្រើប្រាស់​បច្ចេកវិទ្យា​មី​ស៊ី​ល​ផ្លោង​និង​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យា»៕