មេដឹកនាំរបស់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ និងជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានព្រមព្រៀងគ្នាជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខដែនសមុទ្រ ខណៈដែលពួកគេកំពុងប្រឈមមុខនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែបានទាមទារ ចង់គ្រប់គ្រងស្ទើរតែទាំងស្រុងទៅលើតំបន់សមុទ្រចិនខាងត្បូង ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់ ហើយចិនក៏បានបង្កើនការដាក់ពង្រាយនាវានិងសកម្មភាពយោធាផ្សេងៗទៀត ដែលបានធ្វើឱ្យប្រទេសនានានៅក្នុងតំបន់ និងទីក្រុងវ៉ាស៊ីនតោន មានការមិនពេញយ៉ាងខ្លាំង។
ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន បានព្រមព្រៀងគ្នា ក្នុងការបង្កើនកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការដើម្បីរក្សាសន្តិសុខដែនសមុទ្រ តាមរយៈការអនុវត្តតាមនីតិរដ្ឋ ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរប្រកបដោយសុវត្ថិភាព ព្រមទាំងការធ្វើពាណិជ្ជកម្មដោយរលូន នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីចប់កិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងដោយមិនសរសេរចំឈ្មោះប្រទេសចិនថា ពួកគេនឹងជំរុញលើកកម្ពស់ការយល់ដឹងអំពីតំបន់សមុទ្រ ធ្វើការរួមគ្នាជាមួយឆ្មាំឆ្នេរសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពដែនសមុទ្រ និងធានាដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី មិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ដែលទាំងអស់នេះគឺស្របតាមគោលការណ៍ច្បាប់អន្តរជាតិដែលទទួលស្គាល់ជាសកល។
ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក កំពុងបង្កើនការចំណាយថវិកាជាតិទៅលើវិស័យការពារជាតិ និងពង្រីកភាពជាដៃគូសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងការដោះស្រាយជម្លោះមួយចំនួនជាមួយប្រទេសចិន។
កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ប្រទេសជប៉ុនបានលើកឡើងថា ខ្លួននឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី និងផ្តល់ជំនួយប្រហែលជា ២,៨ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រៀបចំឧបករណ៍ប្រកាសអាសន្ន និងឃ្លាំមើលស្ថានភាពដែនសមុទ្រ។
កាលពីខែមុន ជប៉ុនក៏បានយល់ព្រមជួយប្រទេសហ្វ៊ីលីពីនក្នុងការទិញកប៉ាល់ការពារឆ្នេរសមុទ្រ និងប្រព័ន្ធរ៉ាដា ហើយថែមទាំងបានបើកកិច្ចពិភាក្សាដើម្បីឈានទៅរកកិច្ចព្រមព្រៀងអនុញ្ញាតឱ្យភាគីទាំងពីរដាក់កងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមកទៀតផង។
កាលពីសប្តាហ៍មុន ជប៉ុនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពយ៉ាងប្រថុយប្រថាន និងតានតឹងខ្លាំង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកប៉ាល់ហ្វ៊ីលីពីន និងចិននៅតំបន់ថ្មប៉ប្រះទឹកដែលជាតំបន់មានជម្លោះស្រាប់។ ឧបទ្ទវហេតុនេះបានបណ្ដាលមកពីការប៉ះទង្គិចគ្នា ហើយកប៉ាល់ចិនបានប្រើកាណុងបាញ់ទឹកសំដៅទៅកាន់កប៉ាល់របស់ហ្វីលីពីន។
ប្រធានាធិបតី ហ្វ៊ីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បាននិយាយនៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ថាស្ថានភាពនៅសមុទ្រចិនខាងត្បូង កាន់តែមានភាពស្មុគស្មាញជាងមុន។
ការិយាល័យរបស់លោកបានដកស្រង់សម្ដីរបស់លោកថា កាលណាប្រទេសចិនកាន់តែបង្ហាញអំនួតកាន់តែខ្លាំងបញ្ហាប្រឈមសម្រាប់ប្រទេសជិតខាងនៅអាស៊ីក៏ខ្លាំងដូចគ្នា ដូច្នេះហើយ រដ្ឋាភិបាលក្រុងម៉ានីលនឹងពង្រឹងទំនាក់ទំនងជាមួយទីក្រុងតូក្យូ ទីក្រុងវ៉ាស៊ីនតោន និងបណ្ដាប្រទេសសម្ព័ន្ធមិត្តដទៃទៀតដើម្បីធ្វើសមយុទ្ធរួមគ្នា៕