រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបពិភាក្សាគ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅទីក្រុងប៉េកាំងនាថ្ងៃចន្ទ ទី១៨ ធ្នូ នេះ ស្របពេលដែលទីក្រុងព្យុងយ៉ាង បាញ់មីស៊ីល ផ្លោងអន្តរទ្វីបដែលមានសមត្ថភាពទៅដល់គ្រប់ទីកន្លែងនៃទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក វ៉ាង បាននិយាយនៅពេលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Pak Myong Ho ថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលទ្វេភាគី និងធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យផ្សេងៗ។
លោក វ៉ាង និង លោក Pak បានផ្លាស់ប្តូរទស្សនៈលើបញ្ហានៃក្តីបារម្ភរួម ប៉ុន្តែសេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេសចិនមិនបានរៀបរាប់លម្អិតស្ដីពីកិច្ចប្រជុំនោះទេ។
ចំណែកឯ លោក Pak វិញ បាននិយាយថា កូរ៉េខាងជើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយចិន ដើម្បីការពារផលប្រយោជន៍រួម និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដដែល។
កូរ៉េខាងជើងជាសម្ព័ន្ធមិត្តផ្លូវការតែមួយគត់របស់ចិន។ ក្រោមសន្ធិសញ្ញាឆ្នាំ ១៩៦១ ប្រទេសទាំង២ ត្រូវចាត់វិធានការចាំបាច់ទាំងអស់ រួមទាំងជំនួយផ្នែកយោធា ដើម្បីជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារ ឬការប៉ុនប៉ងវាយប្រហារដោយប្រទេសទី៣។
ជំនួបចុងក្រោយ ដែលរ៉យទ័ររាយការណ៍ថាជាជំនួបថ្នាក់ខ្ពស់ នាថ្ងៃចន្ទនេះ ធ្វើឡើងស្របគ្នានៃការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង ដែលកើតឡើងបន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីយប់ថ្ងៃអាទិត្យ។
កូរ៉េខាងជើងនិយាយថា ការបាញ់សាកល្បងរបស់ខ្លួនធ្វើឡើង ដើម្បីប្រឆាំងទៅនឹងសកម្មភាពយោធាក្នុងតំបន់របស់អាមេរិក ដែលកាលពីថ្ងៃអាទិត្យ បានបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅកាន់កូរ៉េខាងត្បូង។ កូរ៉េខាងជើងថ្កោលទោសសកម្មភាពនេះថាជាការគៀងគរអាវុធដើម្បីធ្វើសង្រ្គាម។
រាល់សកម្មភាពមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ត្រូវបានហាមឃាត់ក្នុងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុន្តែកូរ៉េខាងជើងនិយាយថា ខ្លួនមានសិទ្ធិអធិបតេយ្យក្នុងប្រតិបត្តិការកម្មវិធីមីស៊ីលផ្លោងសម្រាប់ការពារខ្លួន ហើយច្រានចោលការហាមឃាត់របស់ក្រុមប្រឹក្សាសន្តិសុខ ដែលខ្លួននិយាយថា ជាផលិតផលនៃគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក៕