ទីភ្នាក់ងារព័ត៌មានរុស្ស៊ីកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ បានរាយការណ៍ដោយដកស្រង់សម្តីរបស់អ្នកគាំទ្រលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)ថា លោក ពូទីន នឹងឈរឈ្មោះជាប្រធានាធិបតីឯករាជ្យមិនចំណុះគណបក្សនយោបាយណាមួយឡើយសម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីដដែលបានឱ្យដឹងថា ក្រុមអ្នកនយោបាយ និងបុគ្គលល្បីៗមកពីវិស័យកីឡា និងវប្បធម៌ ចំនួន ៧០០ នាក់ បានជួបប្រជុំគ្នានៅទីក្រុងម៉ូស្គូ ហើយបានព្រមព្រៀងគ្នាគាំទ្រការតែងតាំងរបស់លោកពូទីនជាបេក្ខជនប្រធានាធិបតីឯករាជ្យតែម្នាក់គត់។
លោក ពូទីន បានដឹកនាំប្រទេសរុស្ស៊ី ក្នុងនាមជាប្រធានាធិបតីផង និងជានាយករដ្ឋមន្ត្រីផង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ លោកនឹងឈរឈ្មោះសម្រាប់អាណត្តិ ៦ ឆ្នាំទៀតនៅក្នុងការបោះឆ្នោតនៅខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ដែលគេរំពឹងថា លោកនឹងឈ្នះការបោះឆ្នោតយ៉ាងងាយស្រួលបំផុត។
ជាក់ស្ដែង លោកពូទីន មានការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សរបស់លោក ឈ្មោះថា គណបក្សសហព័ន្ធរុស្ស៊ី (United Russia Party) ដែលជាគណបក្សកាន់អំណាច ប៉ុន្តែលោកសម្រេចមិនឈរ ឈ្មោះជាបេក្ខជនមកពីគណបក្សនេះទេ។ ផ្ទុយទៅវិញ លោកនឹងឈរឈ្មោះជាបេក្ខជនឯករាជ្យ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់មកពីគណបក្សកាន់អំណាច លោក Andrei Turchak។
ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់រដ្ឋរុស្ស៊ី RIA បានដកស្រង់សម្ដីរបស់លោក Turchak ថា សមាជិក និងអ្នកគាំទ្រគណបក្សជាង ៣,៥ លាននាក់នឹងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការបោះឆ្នោត។ លោកក៏បានគូសបញ្ជាក់ដែរថា លោក ពូទីន គឺជាសហស្ថាបនិកម្នាក់របស់គណបក្សសហព័ន្ធរុស្ស៊ី។
លោក ស៊ែហ្គៃ មីរ៉ូណូវ (Sergei Mironov) អ្នកនយោបាយជាន់ខ្ពស់១រូបនៅក្នុងគណបក្សយុត្តិធម៌រុស្ស៊ី (Just Russia) ដែលគាំទ្រលោក ពូទីនផងដែរនោះ បាននិយាយទៅកាន់សារព័ត៌មាន RIA ថា លោក ពូទីននឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដោយឯករាជ្យ ហើយពួកគេនឹងប្រមូលហត្ថលេខាដើម្បីគាំទ្ររូបលោក។
បច្ចុប្បន្ន លោក ពូទីន មានអាយុ ៧១ ឆ្នាំ ហើយការបោះឆ្នោតខាងមុខនេះគឺហាក់បីដូចជាការធ្វើឡើងដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ពោលគឺជាការចង់បង្ហាញឱ្យឃើញថា លោកមានការគាំទ្រទាំងប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ រីឯសំឡេងប្រឆាំងវិញ គឺមានតិចតួចបំផុត៕