អាជ្ញាធរព្រែកជីកស៊ុយអេរបស់ប្រទេសអេហ្ស៊ីប បានឱ្យដឹងថា ខ្លួនបានពង្រឹងការតាមដានយ៉ាងដិតដល់លើផលប៉ះពាល់នៃភាពតានតឹងនៅសមុទ្រក្រហម បន្ទាប់ពីមានការវាយប្រហារថ្មីៗនេះលើកប៉ាល់ដឹកទំនិញពីក្រុមសកម្មប្រយុទ្ធហ៊ូធីរបស់យេម៉ែន ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនតាមព្រែកស៊ុយអេ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានអាជ្ញាធរព្រែកជីកនេះ លោក Osama Rabie បាននិយាយថា អាជ្ញាធរកំពុងតាមដានយ៉ាងដិតដល់ពីផលលំបាកនៃភាពតានតឹងនាពេលបច្ចុប្បន្ន។ លោកបានបន្ថែមថា ចរាចរណ៍តាមសមុទ្រក្នុងព្រែកជីកស៊ុយអេបច្ចុប្បន្នមានលក្ខណៈធម្មតា ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមទេ។
ការឱ្យដឹងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនដឹកទំនិញធំៗចំនួន ២ រួមទាំងក្រុមហ៊ុន MSC ដែលជាបណ្តាញដឹកជញ្ជូនកុងតឺន័រដ៏ធំបំផុតរបស់ពិភពលោក បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងមិនដឹកជញ្ជូនទំនិញតាមច្រកព្រែកជីកស៊ុយអេនោះទេ។ ការប្រកាសនេះ ធ្វើឡើងខណៈក្រុមសកម្មប្រយុទ្ធហ៊ូធី នៅប្រទេសយេម៉ែនបង្កើនការវាយលុករបស់ខ្លួនលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។
យោងតាមក្រុមហ៊ូធី ខ្លួនបានប្រើដ្រូនដើម្បីវាយប្រហារកប៉ាល់ MSC Palatium III ដែលមានទង់ជាតិលីបេរីយ៉ា កាលពីថ្ងៃសុក្រ នៅច្រកសមុទ្រ Bab alMandab នៃប្រទេសយេម៉ែន ពោលគឺនៅតំបន់ភាគខាងត្បូងនៃចុងសមុទ្រក្រហម។
ក្រុមហ៊ុន MSC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មិនមានអ្នករងរបួសក្នុងហេតុការណ៍បាញ់ប្រហារទ ប៉ុន្តែកប៉ាល់របស់ខ្លួនបានរងការខូចខាត ហើយត្រូវដកចេញពីសេវាកម្មដឹកជញ្ជូន។ ចំណែកឯយោធាអាមេរិកវិញ បាននិយាយថា កប៉ាល់ Al Jasrah ដែលមានទង់ជាតិលីបេរីយ៉ាមួយទៀតពីក្រុមហ៊ុនដឹកជញ្ជូន Hapag Lloyd ក៏បានរងការវាយប្រហារដោយមីស៊ីលពីក្រុមហ៊ូធីដែរ។
ក្រោមកង្វល់ដូចគ្នា ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំ A.P. Moller Maersk របស់ប្រទេសដាណឺម៉ាក កាលពីថ្ងៃសុក្រ បានប្រកាសផ្អាកការដឹកជញ្ជូនកុងតឺន័រទាំងអស់តាមរយៈច្រកសមុទ្រ Bab alMandab ឆ្ពោះទៅព្រែកជីកស៊ុយអេរហូតដល់មានការជូនដំណឹងបន្ថែម។
បន្ទាប់មកនៅថ្ងៃសៅរ៍ ក្រុមហ៊ុនដឹកជញ្ជូន MSC និង CMA CGM ដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស បានប្រកាសចំណាត់ការផ្អាកការដឹកជញ្ជូនកុងតឺន័រក្រោយការវាយប្រហារជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Hapag Lloyd និយាយថា ខ្លួនប្រហែលជានឹងផ្អាកដូចគ្នា។ ក្រុមហ៊ុន CMA CGM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ហើយការព្រួយបារម្ភចំពោះសុវត្ថិភាពកំពុងកើនឡើង»។
ក្រុមហ៊ូធី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បានសន្យាបន្តការវាយប្រហាររបស់ខ្លួនរហូតដល់អ៊ីស្រាអែលបញ្ឈប់ការវាយលុកនៅតំបន់ហ្គាហ្សា ប៉ុន្តែបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេផ្តោតការវាយប្រហារលើតែកប៉ាល់ ឬនាវា ដែលធ្វើដំណើរឆ្ពោះទៅកាន់អ៊ីស្រាអែលប៉ុណ្ណោះ។ យ៉ាងណាមិញ មុនរងការវាយប្រហារ កប៉ាល់ Palatium III របស់ក្រុម MSC កំពុងធ្វើដំណើរទៅក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ព្រែកជីកស៊ុយអេ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក ដែលតភ្ជាប់ការដឹកជញ្ជូនរវាងពិភពលោកខាងលិច និងខាងកើត។ ព្រែកជីកនេះ តភ្ជាប់ពីសមុទ្រមេឌីទែរ៉ាណេ ទៅកាន់សមុទ្រក្រហម មុនឆ្លងកាត់ឈូងសមុទ្រ Bab alMandab របស់យេម៉ែន ឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា។ ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនមិនប្រើផ្លូវនេះទេ ពួកគេអាចប្រើផ្លូវដឹកជញ្ជូនមួយទៀត ដែលមានរយៈឆ្ងាយ ពោល គឺតាមរយៈច្រក Cape of Good Hope ភាគខាងត្បូងនៃអាហ្រ្វិកខាងត្បូង៕