អាជ្ញាធរចិន ដុតដៃដុតជើងប្រឹងជួយសង្គ្រោះជនរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅចិន និងបន្តរកឃើញសាកសពជនរងគ្រោះក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦,២ រ៉ិចទ័រ ដែលរហូតដល់ពេលនេះរកឃើញជនរងគ្រោះបានកើនដល់ ១១៦ នាក់និងអ្នករងរបួសជាង ៥០០ នាក់ ខណៈដែលអាកាសធាតុចុះត្រជាក់កាន់តែខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃទី១៩ខែធ្នូថា គ្រោះរញ្ជួយដីដែលមានកម្លាំងខ្លាំងនេះបានបណ្តាលឱ្យដួលរលំអគារនៅភាគពាយព្យនៃប្រទេសចិន ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានប្រឹងជម្នះដើម្បីចាប់ផ្តើមជីកយកគំនរបាក់បែកក្នុងស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំង។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំងចុងក្រោយ មន្ត្រីក្នុងតំបន់បាននិយាយថា គ្រោះរញ្ជួយដីបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រនៅក្នុងខេត្ត Gansu ភាគពាយព្យចិន បណ្តាលឱ្យមានអ្នកស្លាប់ ១០៥ នាក់ និងអ្នករបួសជិត៤០០នាក់។ យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា មនុស្ស ១១ នាក់ ផ្សេងទៀតបានស្លាប់ និងជាង ១០០ នាក់បានរងរបួសនៅក្នុងទីក្រុង Haidong ក្នុងខេត្ត Qinghai ជិតខាង។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាននិយាយថា គ្រោះរញ្ជួយដីនេះបានធ្វើឱ្យផ្ទះដួលរលំ និងបណ្តាលឱ្យខូចខាតយ៉ាងដំណំ ដោយបានបញ្ជូនមនុស្សរត់ចូលទៅក្នុងផ្លូវដើម្បីសុវត្ថិភាព។
តាមសេចក្តីរាយការណ៍ ការងារជួយសង្គ្រោះកំពុងដំណើរការនៅព្រឹកព្រលឹមថ្ងៃទី១៩ ខែធ្នូ ដោយប្រធានាធិបតីចិន ស៊ី ជិនភីង (Xi Jinping) បានអំពាវនាវឱ្យ «កិច្ចខិតខំប្រឹងប្រែងទាំងអស់» ក្នុងការងារស្វែងរក និងសង្គ្រោះ។
យោងតាមទូរទស្សន៍ CCTV លោកប្រធានាធិបតី បាននិយាយថា សីតុណ្ហភាពទាបជាងត្រជាក់នៅក្នុងតំបន់ដែលមានកម្ពស់ខ្ពស់ ហើយអ្នកជួយសង្គ្រោះគួរតែប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយបន្ទាប់បន្សំ៕