រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលអ៊ីរ៉ង់ កាលពីថ្ងៃទី១៨ខែធ្នូ បានបញ្ជាក់ថា បញ្ហារអាក់រអួលនៅស្ថានីយ៍ប្រេងឥន្ធនៈនៅទូទាំងប្រទេសគឺបណ្ដាលមកពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត (Cyber-attack)។
លោក Javad Owji រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថាសេវាកម្មនៅតាមស្ថានីយ៍ទូទាំងផ្ទៃប្រទេសប្រមាណជា ៧០% បានទទួលការរំខានដែលលោកដាក់ការសន្និដ្ឋានថាអាចជាការជ្រៀតជ្រែកពីក្រៅប្រទេស។
ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះស្ថានីយប្រេងចំនួន១៦៥០ត្រូវបានដំណើរការឡើងវិញរីឯក្រសួងក៏បានគ្រប់គ្រងស្ថានីយប្រេងចំនួន៣៨០០កន្លែងរួចរាល់ហើយដែរ។
ទាក់ទិននឹងបញ្ហានេះទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ ដោយចោទប្រកាន់ថាក្រុមដែលវាយប្រហារខាងលើមានជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល។
ព័ត៌មានទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បាននិយាយទៀតថាក្រុមដែលមានឈ្មោះថា Gonjeshke Darande ឬ «Predatory Sparrow» បានអះអាងថាខ្លួននៅពីក្រោយការវាយប្រហារនេះរីឯប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែលក៏បានរាយការណ៍ពីការអះអាងនេះផងដែរ។
ក្រុមខាងលើនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម Telegram ថាការវាយប្រហារតាមអ៊ីនធឺណិតនេះត្រូវបានអនុវត្តក្នុងគោលបំណងបញ្ចៀសការខូចខាតដែលអាចកើតមានចំពោះសេវាសង្គ្រោះបន្ទាន់ណាមួយនៅក្នុងប្រទេសអ៊ីស្រាអែល។
ប៉ុន្តែយ៉ាងណាភាគីអ៊ីរ៉ង់បានសង្កត់ធ្ងន់ថាក្រុម Hacker ទាំងនោះក៏ធ្លាប់បានវាយប្រហារប្រឆាំងនឹងស្ថានីយប្រេងឥន្ធនៈបណ្តាញផ្លូវដែកនិងរោងចក្រដែករបស់អ៊ីរ៉ង់កាលពីពេលកន្លងទៅផងដែរ។
កាលពីឆ្នាំមុនក្រុម Predatory Sparrow ក៏ធ្លាប់បានបង្កភាពរអាក់រអួលនៅក្នុងរោងចក្រដែកមួយកន្លែងរបស់អ៊ីរ៉ង់ផងដែរ។មិនត្រឹមតែប៉ុណ្ណោះនៅក្នុងឆ្នាំ២០២១ការវាយប្រហារស្រដៀងគ្នាទៅលើស្ថានីយ៍ប្រេងឥន្ធនៈបានរំខានដល់ការលក់ប្រេងនិងនាំឱ្យមានការប្រជ្រៀតគ្នាដើម្បីចាក់ប្រេងសាំងផង។
តាមរយៈការវាយប្រហារម្ដងហើយម្ដងទៀតអ៊ីរ៉ង់បាននិយាយថាអ៊ីស្រាអែលនិងអាមេរិកជាពិរុទ្ធជនដែលនៅពីក្រោយរឿងទាំងនោះ។
បើទោះជាយ៉ាងនេះក្ដីក្រសួងរ៉ែនិងថាមពលនាពេលនេះក៏បានបញ្ជាក់ប្រាប់ទូរទស្សន៍រដ្ឋដែរថាការរអាក់រអួលខាងលើមិនទាក់ទងនឹងផែនការដំឡើងថ្លៃប្រេងឥន្ធនៈ ដែលអាចនឹងបង្កទៅជាការតវាហិង្សានោះទេ៕