សហភាព​អឺរ៉ុប​បានប្រកាស​ឱ្យដឹង នៅ​​ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៣ ថា ពួកគេ​កំពុងបើក​ការស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា Twitter ជុំវិញ​ការសង្ស័យថា​បាន​បំពាន​ទៅលើ​កាតព្វកិច្ច​មួយចំនួន​ដែល​មានចែង​នៅក្នុង​ច្បាប់​ស្ដីពី​សេវាកម្ម​ឌីជីថល ឬ​ហៅ​កាត់​ថា DSA ។

កាលពី​ខែវិច្ឆិកាឆ្នាំមុន ច្បាប់​ស្ដីពី​សេវាកម្ម​ឌីជីថល​បាន​ចូល​ជា​ធរមាន ហើយ​បានចាប់ផ្តើម​តម្រូវឱ្យ​វេទិកា​អន​ឡាញធំៗជាច្រើន ក៏ដូចជា​ម៉ាស៊ីន​ស្វែងរក​ជាដើម ចូលរួម​ប្រឆាំងនឹង​ខ្លឹមសារ ឬ​មាតិកា​ទាំងឡាយណា​ដែល​ខុសច្បាប់ ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់។

ថ្មីៗនេះ សហភាព​អឺរ៉ុប​បាន​ព្រមាន​ក្រុមហ៊ុន X ក្រុមហ៊ុន Meta ក្រុមហ៊ុន​TikTokនិង​ក្រុមហ៊ុន Google អំពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ក្នុង​ការដែល​ត្រូវ​លុប​ខ្លឹមសារ​ដែល​បង្ក​គ្រោះថ្នាក់ ជាពិសេស​បន្ទាប់ពី​ព្រឹត្តិការណ៍​ផ្ទុះ​ការវាយប្រហារ​នៅ​ប្រទេស​អ៊ីស្រាអែល។

ក្រោយ​ច្បាប់​ខាងលើ​ចូល​ជា​ធរមាន ក្រុមហ៊ុន​ទាំងអស់​ខាងលើ និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ដទៃទៀត​បានដាក់​ចេញ​នូវ​វិធានការផ្សេងៗដើម្បី​បង្ហាញថា​ពួកគេ​បាននិងកំពុង​ព្យាយាម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត។ យ៉ាងណាក៏ដោយ លោក អេ​ឡុ​ន ម៉ា​សក៍ (Elon Musk) បានធ្វើ​ការបដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​ស​ហ​ភាព​អឺរ៉ុប​ដែលថា បណ្ដាញ​សង្គម X របស់លោក ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

ក្រុមហ៊ុន​បណ្ដាញ​សង្គម X របស់លោក អេ​ឡុ​ន ម៉ា​សក៍ ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការត្រួតពិនិត្យ​បន្ថែមទៀត​នៅក្រោម​ច្បាប់​ស្ដីពី​សេវាកម្ម​ឌីជីថល​នេះ។ គិត​មកទល់ពេលនេះ មានតែ​ក្រុមហ៊ុន X ប៉ុណ្ណោះ​ដែល​ទទួលបាន​សំណើសុំ​ជា​ផ្លូវ​ការឱ្យ​ផ្ដល់នូវ​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន។

យ៉ាងណាមិញ ក្រុមហ៊ុន X បានលើកឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ប្រកាន់ខ្ជាប់​ទៅនឹង​ច្បាប់​ស្ដីពី​សេវាកម្ម​ឌីជីថល និង​បាន​សហការ​ជាមួយ​និយតករ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ។ ក្រុមហ៊ុន X ក៏បាន​សង្កត់ធ្ងន់​ទៅលើ​ដំណើរការ​ស្នើសុំ​ព័ត៌មានផ្សេងៗ សូមឱ្យ​ធ្វើឡើង​ប្រកបដោយ​យុត្តិធម៌ និង​អនុវត្ត​តាមច្បាប់ មិនត្រូវ​ពាក់ព័ន្ធ​ជាមួយ​រឿង​នយោបាយ​នោះទេ។

ការស៊ើបអង្កេត​នេះ​គឺធ្វើឡើង​ដើម្បី​បញ្ឈប់​ឱ្យមាន​ខ្លឹមសារ​ខុសច្បាប់​នៅក្នុង​សហភាព​អឺរ៉ុប និង​ចង់ដឹងថា​តើ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ទាំងអស់នោះ កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​បាន​កម្រិតណា។

មនុស្ស​ភាគច្រើន​បាន​ងាក​ទៅ​ចាប់អារម្មណ៍​ជាពិសេស​ទៅលើ​កម្មវិធី​បណ្ដាញ​សង្គម X ត្រង់ចំណុច​ដែល​អាច​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាចដាក់​កំណត់សម្គាល់​ថា​ជា​ព័ត៌មាន​មិន​ពិត​បាន​ដោយ​ខ្លួនឯង ជំនួស​ឱ្យ​ការពឹង​ផ្អែកទៅលើ​ក្រុម​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន​ផ្ទាល់។

មន្ត្រីជាន់ខ្ពស់​មួយរូប​បាន​លើកឡើងថា គណៈកម្មការ​ទទួលបន្ទុក​បញ្ហា​នេះ​មិនបាន​មើលឃើញថា​ប្រព័ន្ធ​កំណត់ចំណាំ​នេះ ជា​រឿង​ដែល​ខុស​នោះទេ ប៉ុន្តែ​ពួកគេ​កំពុង​ពិនិត្យ​មើលថា​តើ​ការអនុវត្ត​ជាក់ស្ដែង វា​ដំណើរ​ការល្អ​ប្រកបដោយ​ប្រសិទ្ធភាព​ដែរឬទេ។ បន្ថែម​លើ​នេះ ពួកគេ​នឹង​ជីក​កកាយ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​តាមរយៈ​ការស្នើសុំ​ព័ត៌មាន​បន្ថែម ការសម្ភាស និង​ការត្រួតពិនិត្យ​ឱ្យបាន​ដិតដល់។

គណៈកម្មការ​ទទួលបន្ទុក​ក៏​នឹង​ពិនិត្យឡើងវិញ​ពី​វិធាន​ការដែល​ក្រុមហ៊ុន X បាន​ដាក់ចេញ​ដើម្បី​បង្កើន​តម្លាភាព និង​ភាពច្បាស់លាស់ ឬថា​តើ​ពួកគេ​កំពុង​ប្រើល្បិច​ណាមួយ​ក្នុងការ​រចនា ដែល​តម្រូវឱ្យ​មនុស្ស​បង់ប្រាក់​ទៅលើ​រឿង​ដែល​ពួកគេ​មិន​ត្រូវការ ដូចជា​សញ្ញា​សម្គាល់​ពណ៌​ខៀវ ដែល​នៅជាប់​ឈ្មោះ​អ្នកប្រើប្រាស់​មួយចំនួន​ជាដើម។

ជារួម​គឺថា​សហភាព​អឺរ៉ុប​បាន​ត្រួតពិនិត្យ​មើល​ទៅលើ​ចំណុច ៣ សំខាន់ៗរួមមាន របាយការណ៍​របស់​ក្រុមហ៊ុន X ដែល​បាន​ផ្ញើ​ក្នុង​ខែកញ្ញា របាយការណ៍​អំពី​តម្លាភាព​កាលពី​ខែវិច្ឆិកា និង​ចម្លើយ​របស់​ពួកគេ​អំពី​ខ្លឹមសារ​ខុសច្បាប់​ក្នុងអំឡុងពេល​ជម្លោះ​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន X មិនបាន​ឆ្លើយតបភ្លាមៗចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​របស់​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ (Reuters)នោះទេ។

ច្បាប់​ស្ដីពី​សេវាកម្ម​ឌីជីថល បាន​បង្កើតឱ្យមាន​របៀប​ដែល​មាតិកា​ត្រូវបាន​គ្រប់គ្រង ភាព​ឯកជន​របស់​អ្នកប្រើប្រាស់ និង​តម្លាភាព។ ក្រុមហ៊ុន​ដែល​បំពាន​ច្បាប់​ទាំងនេះ​អាច​ត្រូវបាន​ផាកពិន័យ​រហូតដល់ ៦%នៃ​ប្រាក់ចំណូល​សរុប​របស់​ពួកគេ៕