តួលេខអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីបានកើនឡើងបន្ថែមទៀតដល់យ៉ាងហោចណាស់ ១១៨ នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រ បានវាយប្រហារនៅតំបន់ចុងប៉ូចភាគខាងជើងនៃខ្ពង់រាបទីបេរបស់ប្រទេសចិន កាលពីពាក់កណ្ដាលអាធ្រាត្រជិតចូលថ្ងៃទី១៩ ខែធ្នូ។
យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឱ្យដឹងថាគ្រោះរញ្ជួយដីដ៏សាហាវចុងក្រោយនេះ បានវាយប្រហារនៅក្នុងស្រុក Jisishanនៃខេត្ត Gansu ភាគពាយ័ព្យនៃប្រទេសចិន ក្នុងជម្រៅដី ១០ គីឡូម៉ែត្រក្បែរព្រំប្រទល់ជាប់ខេត្ត Qinghai។
អាជ្ញាធរខេត្ត Gansu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃអង្គារ ការរញ្ជួយដីបានសម្លាប់មនុស្សចំនួន ១០៥ នាក់ និងបានបំផ្លាញផ្ទះជាង ៤៧០០ ខ្នង។ ក្រៅពីនេះ ចំនួនអ្នករងគ្រោះនៃខេត្តរងគ្រោះដដែល មានប្រមាណ ៣៩៧ នាក់ដោយមានជាង ៩០ នាក់ក្នុងនោះរបួសធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិចិន CCTV។
នៅខេត្តជិតខាង Qinghai ឯណោះវិញ មនុស្ស ១៣ នាក់បានស្លាប់ និង១៨២ បានរងរបួស។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ គេមិនទាន់ដឹងពីចំនួនពិតប្រាកដនៃអ្នកបាត់ខ្លួននៅឡើយទេ ខណៈអាជ្ញាធរ និងក្រុមអ្នករុករក និងជួយសង្រ្គោះចិនកំពុងដុតដៃដុតជើងធ្វើប្រតិការរបស់ខ្លួនពេញតំបន់រងគ្រោះទាំងមូល។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួ បានរាយការណ៍ថា ដោយសារតែតំបន់គ្រោះមហន្តរាយស្ថិតនៅក្នុងតំបន់ខ្ពស់រាប ដែលមានធាតុអាកាសនារដូវរងាត្រជាក់ខ្លាំងក្រោមសូន្យអង្សាសេ ក្រុមអ្នកជួយសង្គ្រោះត្រូវបានដាក់ពង្រាយដើម្បីការពារគ្រោះមហន្តរាយបន្ទាប់បន្សំ ដែលបណ្តាលមកពីកត្តាផ្សេងៗលើសពីការរញ្ជួយដី។
គ្រោះរញ្ជួយដីកើតឡើងជារឿយៗនៅតំបន់ភាគខាងលិចនៃប្រទេសចិន ដូចជាខេត្ត Gansu ដោយសារតែវាស្ថិតនៅលើតំបន់ទង្គិចគ្នានៃផ្លាកតិកតូនិកអឺរ៉ាស៊ី និងផ្លាកតិកតូនិកឥណ្ឌា។
ក្នុងឆ្នាំ ២០១៤ ការរញ្ជួយដីនៅខេត្តយូណានភាគនិរតី បានសម្លាប់មនុស្សប្រហែល ៦០០ នាក់ ហើយគ្រោះធម្មជាតិដដែលដ៏សាហាវបំផុតរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បានកើតឡើងនៅក្នុងឆ្នាំ ២០០៨ នៅពេលដែលការរញ្ជួយដីកម្រិត ៨,០ រ៉ិចទ័រវាយប្រហារនៅខេត្តSichuan ដោយបានសម្លាប់មនុស្សជិត ៧០ ០០០ នាក់៕