សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ បានប្រកាសបង្កើតសម្ព័ន្ធភាពនៃប្រទេសចំនួន ១០ ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ូធីលើកប៉ាល់ដឹកជញ្ជូនទំនិញឆ្លងកាត់សមុទ្រក្រហម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «បណ្តាប្រទេសដែលស្វែងរកការពង្រឹងគោលការណ៍គ្រឹះនៃសេរីភាពធ្វើនាវាចរណ៍ ត្រូវតែរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយតួអង្គក្រៅរដ្ឋនេះ»។
លោក Austin បាននិយាយថា សម្ព័ន្ធសន្តិសុខនឹងធ្វើប្រតិបត្តិការជាមួយនឹងគោលដៅធានានូវសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រទេសទាំងអស់ និងពង្រឹងសន្តិសុខ និងវិបុលភាពក្នុងតំបន់។ លោកបន្តថា៖ «ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះការវាយប្រហាររបស់ហ៊ូធី លើនាវាពាណិជ្ជកម្មត្រូវតែបញ្ឈប់»។
ប្រទេសដែលជាសមាជិកនៃសម្ព័ន្ធភាពបង្កើតថ្មីនេះ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវែស កោះសីស្ហែល និងអេស្ប៉ាញ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូធី របស់ប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការវាយប្រហាររបស់ខ្លួនលើនាវាដឹកប្រេង កប៉ាល់ដឹកទំនិញ និងនាវាផ្សេងទៀតៗនៅក្នុងសមុទ្រក្រហម ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក។
ក្រុមហ៊ូធីបានប្រកាសថា ខ្លួនដាក់គោលដៅតែលើកប៉ាល់ណាដែលបោះក្បាលឆ្ពោះទៅអ៊ីស្រាអែលប៉ុណ្ណោះ ហើយថានឹងបញ្ឈប់សកម្មភាពរបស់ខ្លួន លុះត្រាតែអ៊ីស្រាអែលលែងវាយប្រហារនៅហ្គាហ្សា។ ប៉ុន្តែកប៉ាល់ដឹកជញ្ជូនមួយចំនួន ដែលរងការវាយប្រហារនាពេលកន្លងមក មិនមានគោលដៅឆ្ពោះទៅអ៊ីស្រាអែលនោះទេ។
ភាពអសន្តិសុខនេះ បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនធំៗមួយចំនួនរបស់ពិភពលោក ផ្អាកការធ្វើនាវាចរណ៍កាត់សមុទ្រក្រហម ដែលបង្កជាព្រួយបារម្ភផ្សេងៗ រួមទាំងការឡើងថ្លៃនៃតម្លៃដឹកជញ្ជូនពាណិជ្ជកម្ម៕