ក្រុមប្រឹក្សាអឺរ៉ុបដែលតំណាងមកពីប្រទេសជាសមាជិកទាំង ២៧ កាលពីថ្ងៃចន្ទ បានអនុម័តលើកញ្ចប់ទណ្ឌកម្មលើកទី១២ ប្រឆាំងនឹងរុស្ស៊ី ដោយរាប់បញ្ចូលទាំងការប្រឆាំងបុគ្គល និងគ្របដណ្តប់លើពាណិជ្ជកម្ម ព្រមទាំងការបង្កកសាច់ប្រាក់។
តាមសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប បុគ្គលនិងអង្គភាពជាង ១៤០ ត្រូវបានបង្កកទ្រព្យសម្បត្តិ។ បុគ្គលដែលត្រូវបង្កកទ្រព្យនោះមានពីក្នុងវិស័យយោធា ក្រុមហ៊ុនផលិតសម្ភារយោធា និងក្រុមហ៊ុនឯកជន។
កញ្ចប់ទណ្ឌកម្មនេះក៏ផ្តោតលើការហាមប្រាមការនាំចូលពេជ្រដែលមានដើមកំណើតពីរុស្ស៊ី ក៏ដូចជាការដាក់បម្រាមនាំចូល និងនាំចេញបន្ថែមលើប្រទេសរុស្ស៊ី ប្រយុទ្ធប្រឆាំងនឹងការគេចវេះពីទណ្ឌកម្ម។
ការហាមប្រាមលើការទិញពេជ្រមិនមែនឧស្សាហកម្មដោយផ្ទាល់ពីប្រទេសរុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ឆ្នាំក្រោយអមដោយការហាមឃាត់ជាដំណាក់កាលលើការនាំចូលដោយប្រយោលដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ១ ខែកញ្ញា។
ការហាមប្រាមពេជ្រនឹងត្រូវធ្វើឡើងនៅក្នុងការសម្របសម្រួលជាមួយក្រុមប្រទេសលូតលាស់ឧស្សាហកម្មទាំងប្រាំពីរ (G7) ដែលបានប្រកាសការហាមឃាត់ស្រដៀងគ្នាកាលពីដើមខែនេះ។ អាជីវកម្មគ្រឿងអលង្ការពេជ្រធម្មជាតិសកលមានតម្លៃ ៨៧ ពាន់លានដុល្លារ។
កញ្ចប់ទណ្ឌកម្មនេះក៏រឹតបន្តឹងលើក្រុមហ៊ុនទិញប្រេងរុស្ស៊ីតាមរយៈយន្តការកំណត់តម្លៃ របស់ប្រទេស G7 ដែលបានអនុម័តកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសសហភាពអឺរ៉ុបបានច្រានចោលសំណើដំបូងមួយដើម្បីហាមឃាត់ការលក់នាវាដឹកប្រេងចាស់ទៅឱ្យប្រទេសរុស្ស៊ី ឬក្រុមហ៊ុនដែលទាក់ទងជាមួយរុស្ស៊ីដោយយោងទៅលើការជូនដំណឹងផ្សេងទៀត៕