សាលា​អន្តរជាតិ​ជាច្រើន​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ត្រូវបាន​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ដោយ​ប៉ូលិស​ជាមួយនឹង​សត្វ​ឆ្កែ​ហិតក្លិន​ស្របពេល​ដែល​សាលា​ជាច្រើន​ផ្សេងទៀត​បាន​បិទទ្វារ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ពួកគេ​បានទទួល​ការគំរាមកំហែង​បំផ្ទុះ​គ្រាប់បែក​តាម​អ៊ីមែ​ល​អនាមិក​ដែល​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ​បកស្រាយ​ថា​ជា​ការបោក​បញ្ឆោត​។​

​ប្រភពពី​ប៉ូលិស​នៅក្នុង​ទីក្រុង Zaragoza បានបញ្ជាក់​ថា​សាលា​អន្តរជាតិ​ចំនួន​ ៤​ នៅក្នុង​ទីក្រុង​នេះ​ទទួលបាន​សារ​គំរាមកំហែង​បែបនេះ​ចំណែក​សាលា​បារាំង Lycee Molier ក៏​មិន​បើក​ដូចគ្នា​កាល​ថ្ងៃ​ចន្ទ​។​

​ក្រៅពី​ទីក្រុង​ខាងលើនេះ​នៅ​ទីក្រុង​ម្រ៉ា​ឌី​ដ​ក៏មាន​សាលារៀន​បី​ផ្សេងទៀត​ដែលមាន​គណៈ​គ្រប់គ្រង ជា​ជនជាតិ​អង់គ្លេស​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា​ពួកគេ​បានទទួល​ការ​គំរាម​កំហែង​ស្រដៀង​គ្នា​នេះ​កាលពី​សប្តាហ៍​មុន​ឬ​នៅ​ថ្ងៃ​ចន្ទ​។​

​ចំណែកឯ​នៅលើ​កោះ Tenerife សាលារៀន​ឈ្មោះ French Lycee និង​សាលា​អន្តរជាតិ​អាល្លឺម៉ង់​ក៏បាន​ទទួល​ការ​គំរាម​កំហែង​តាម​សារ​ដូចគ្នា​ហើយ​មិនបាន​បើក​សាលារៀន​ទេ​កាលពី​ថ្ងៃ​ចន្ទ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដដែល​នេះ​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ​បាន​និយាយថា​៖«​ទាក់ទង​នឹង​រលក​នៃ​ការគំរាមកំហែង​តាម​អ៊ី​មែ​ល​នេះ​ពាក្យបណ្តឹង​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​ហើយ​ការស៊ើបអង្កេត​កំពុង​ត្រូវបាន​ប្រមូលផ្តុំ​ខណៈ​សារ​គំរាមកំហែង​នោះ​ទំនងជា​ការបោក​បញ្ឆោត​»​។​

​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ទីក្រុង​ម្រ៉ា​ឌី​ដ​ក៏បាន​បញ្ជាក់ថា​មានការ​គំរាមកំហែង​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និក (E-mail) ទៅ​សាលា​បារាំង​ជាច្រើន​និង​សាលា​អន្តរ​ជាតិ​ផ្សេងទៀត​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ហើយ​ទោះបីជា​ប៉ូលិស​បាន​រកឃើញ​វត្ថុ​សង្ស័យ​ក៏​ដោយ​ក៏​នៅតែ​ស្នើឱ្យ​សាលារៀន​រក្សា​ការប្រុងប្រយ័ត្ន​។​

​បើតាម​កាសែត El Mundo​ បានឱ្យដឹងថា​គិត​មកទល់ពេលនេះ​សាលារៀន​សរុប​ចំនួន​ ១៨​ នៅតាម​ទីក្រុង​ដូចជា​៖​ទីក្រុង​ Pontevedra ទីក្រុង Tenerife ទីក្រុង Zaragoza ទីក្រុង Reus ទីក្រុង Tarragona ទីក្រុង ​Villarreal និង Castellon សុទ្ធតែ​បានទទួល​ការគំរាមកំហែង​តាមរយៈ​សារ​អេឡិចត្រូនិក​។​

​ប្រភពពី​សាលា​មួយ​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា សារ​គំរាម​​កំហែង​ទាំងនោះ​មិនបាន​បញ្ជាក់​ពី​ហេតុផល​ណាមួយ​ជុំវិញ​ការ​ចេញ​សារ​គំរាមកំហែង​ដែល​នាំទៅដល់​ការបិទ​សាលារៀន​អន្តរ​​ជាតិ​ក្នុង​ទីក្រុង​នានា​នោះទេ​។​

​ខណៈ​ប្រភព​សាលា​មួយ​ផ្សេងទៀត​បាន​និយាយថា​សារ​អ៊ីមែ​ល​នោះ​ខ្លី​បំផុត​។ វា​សំដៅលើ​តែ​គ្រឿងផ្ទុះ​ដែល​ដាក់​នៅតាម​សាលារៀន​ដោយ​មិន​បង្ហាញថា​ជា​សកម្មភាព​របស់​ក្រុម​ណាមួយ​ឬ​ហេតុផល​អ្វី​នោះទេ​។​

​អឺរ៉ុប​ធ្លាប់​ប្រកាស​ពី​ការ​គំរាម​​កំហែង​ដោយ​អំពើ​ភេរវកម្ម​កើនឡើង​ក្នុង​តំបន់​បន្ទាប់ពី​សង្គ្រាម​អ៊ី​ស្រា​អែល​-​ហា​ម៉ាស់​ផ្ទុះ​៕