ប្រទេសចិន បានកាត់បន្ថយការប្រើប្រាស់យន្តហោះចម្បាំងដើម្បីស្ទាក់ចាប់យន្តហោះរបស់សហរដ្ឋអាមេរិក ចាប់តាំងពីពេលមានកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងសមភាគីចិន លោក ស៊ី ជីនភីង (Xi Jinping) កាលពីខែមុន។ នេះបើយោងតាមការរាយការណ៍ដោយប្រមុខមេបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការកាត់បន្ថយសកម្មភាពយោធារបស់ចិននេះ បានកើតឡើងបន្ទាប់ពីមេដឹកនាំប្រទេសទាំង ២ បានជួបប្រជុំគ្នានៅទីក្រុងសាន់ ហ្រ្វាន់ស៊ីស្កូ (San Francisco) កាលពីខែមុន និងបានយល់ព្រមផ្សះផ្សាទំនាក់ទំនងយោធាឡើងវិញ។
ទីក្រុងប៉េកាំងបានកាត់ផ្ដាច់ទំនាក់ទំនងយោធាជាផ្លូវការជាមួយអាមេរិកកាលពីខែសីហាឆ្នាំ ២០២២ ដោយសារដំណើរទស្សនកិច្ចការទូតរបស់អតីតប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ដែលចិនចាត់ទុកថាគ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។
កាលពីខែមុនមន្ទីរបញ្ចកោណអាមេរិកបានរាយការណ៍ថា យន្តហោះចម្បាំងរបស់ចិនបានហោះធ្វើសមយុទ្ធប្រឆាំងនឹងយន្តហោះអាមេរិកចំនួន ១៨០ ដង និង ១០០ ដងប្រឆាំងនឹងយន្តហោះរបស់សម្ព័ន្ធមិត្តគិតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ សកម្មភាពនេះបានបង្កើនហានិភ័យខ្លាំងដែលអាចបង្កឱ្យមានការប៉ះទង្គិចគ្នា ឬគ្រោះថ្នាក់លើដែនអាកាសណាមួយកើតមានឡើង។
ឧត្តមនាវីឯក លោក ចន អាគីលីណូ (John Aquilino) ប្រធានបញ្ជាការដ្ឋានប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ (Tokyo) កាលពីថ្ងៃចន្ទថា៖ «ចាប់តាំងពីមានជំនួបនោះមក សកម្មភាពយោធា (របស់ចិន) ហាក់ដូចជាបានស្រាកស្រាន្ត ហើយស្ថានភាពនឹងមានភាពប្រសើរឡើងជាវិជ្ជមាន បើសិន (ចិន) អាចបន្តកាត់បន្ថយសកម្មភាពយោធារបស់ខ្លួន»។
ជាទូទៅ ការហោះស្ទាក់ចាប់នឹងកើតឡើងនៅពេលដែលយន្តហោះរបស់ប្រទេសមួយចូលទៅកៀកប្រទេសមួយផ្សេងទៀត។ កន្លងមក ប្រទេសចិនធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទធ្វើចារកម្មដោយប្រើយន្តហោះស៊ើបការណ៍ ប៉ុន្តែសហរដ្ឋអាមេរិកបានឆ្លើយតបថា ខ្លួនគ្រាន់តែធ្វើការហោះហើរក្នុងដែនកំណត់ដោយច្បាប់ក្នុងដែនអាកាសអន្តរជាតិប៉ុណ្ណោះ។
លោក អាគីលីណូបានរំលេចថា ឥរិយាបថរបស់ទីក្រុងប៉េកាំងមួយចំនួននៅតែមិនផ្លាស់ប្តូរ ដោយលោកបានថ្កោលទោសទៅលើទង្វើរបស់យោធាចិន ដែលបានប្រើកាណុងបាញ់ទឹកដើម្បីបាញ់រារាំងដំណើររបស់នាវាផ្គត់ផ្គង់ស្បៀង និងគ្រឿងសម្ភររបស់ហ្វីលីពីន នៅជិតតំបន់ថ្មប៉ប្រះទឹកដែលជាតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ហើយភាគីទាំង ២ បានទាមទារចង់គ្រប់គ្រងតំបន់នេះដូចគ្នា។
លោក អាគីលីណូ ក៏បានរិះគន់ចិនថា៖ «មិនមែនបានតែពាក្យសម្ដីនោះទេ ពោលគឺចិនត្រូវធ្វើឱ្យចេញជាសកម្មភាពផងដែរ។ ខ្ញុំមិនបានឃើញចិនធ្វើការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនចំពោះហ្វីលីពីននៅឡើយទេ»។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់លោក អាគីលីណូ នោះទេ។
ដោយឡែក កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា បាឡុងរបស់ចិនចំនួន ២ បានហោះឆ្លងកាត់ខ្សែបន្ទាត់ច្រកព្រំដែនសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ហើយយន្តហោះរបស់ចិន ៦ គ្រឿងនិងនាវាកងទ័ពជើងទឹក ២ គ្រឿងបានធ្វើដំណើរចូលក្នុងតំបន់ជុំវិញកោះតៃវ៉ាន់។
ជិត ៣ ឆ្នាំមកនេះដែលអាមេរិកបានព្យាយាមបង្កើតឱ្យមានជំនួបរវាងលោក អាគីលីណូ និងសមភាគីចិន ប៉ុន្តែមិនបានសម្រេច។ លោក អាគីលីណូ បានបញ្ជាក់ថា ចិនមិនបានយល់ព្រមទេ ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា៖«ពួកគេនឹងឆ្លើយតបក្នុងពេលឆាប់ៗនេះ ហើយយើងនឹងអាចជួបនិយាយគ្នាបាន»។
ចិននិងអាមេរិកកំពុងពិភាក្សាអំពីការរៀបចំជំនួបប្រជុំកម្រិតយោធាជាន់ខ្ពស់នៅឆ្នាំ ២០២៤ នេះបើយោងតាមសំណើរបស់សហរដ្ឋអាមេរិកដែលបានដាក់ស្នើទៅកាន់ទីក្រុងប៉េកាំ ប៉ុន្តែដំណើរការហាក់មានភាពយឺតយ៉ាវ ដោយសារតែនីតិវិធីឯកសាររដ្ឋបាលច្រើន៕