ក្រុមរដ្ឋអាជ្ញាទីក្រុងតូក្យូ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានបានចុះឆែកឆេរការិយាល័យរបស់សមាជិកសភាដែលមកពីក្រុមដ៏មានឥទ្ធិពលចំនួន ២ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន NHK។
ការចុះឆែកឆេរនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកនយោបាយទាំងអស់នេះ ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវនៃការរៃអង្គាសប្រាក់យ៉ាងច្រើនដែលគណបក្សប្រមូលបានអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ក្រុមរដ្ឋអាជ្ញាបានដាក់ការសង្ស័យថា ក្រុមអ្នកនយោបាយដែលជាបក្សពួក អាបេ (Abe) មិនបានរាយការណ៍អំពីចំនួនទឹកប្រាក់រហូតដល់ទៅ ៣,៥ លានដុល្លារអាមេរិក ដែលជាមូលនិធិក្នុងរយៈពេល ៥ឆ្នាំ។ រីឯបក្សពួករបស់ក្រុមនីកៃ (Nikai) ដែលជាក្រុមតូចជាងត្រូវបានគេសង្ស័យថាមិនបានរាយការណ៍អំពីទឹកប្រាក់ប្រហែល ៧សែនដុល្លារសហរដ្ឋអាមេរិកនេះបើយោងតាម NHK ដដែល។
យ៉ាងណាក៏ដោយ ការិយាល័យរបស់រដ្ឋអាជ្ញាក្រុងតូក្យូមិនបានធ្វើការបញ្ជាក់អំពីរបាយការណ៍ខាងលើទៅតាមសំណើសុំអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រ (Reuters) នោះទេ។
រឿងអាស្រូវជុំវិញថវិការៃអង្គាសនេះបានធ្វើឱ្យការគាំទ្រពីសាធារណៈជនចំពោះគណបក្សកាន់អំណាចបានធ្លាក់ចុះនិងជាពិសេសការគាំទ្ររដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហានេះ លោក គីស៊ីដា បានដកតំណែងរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនកាលពីសប្តាហ៍មុន។
យោងតាមការស្ទង់មតិមួយ ធ្វើឡើងដោយកាសែត Asahi កាសែត Yomiuri និងកាសែត Nikkei នៅចុងសប្តាហ៍នេះបានបង្ហាញពីចំនួនអ្នកគាំទ្ររបស់នាយករដ្ឋមន្ត្រី បានធ្លាក់ចុះរហូតដល់ទៅត្រឹម ២០% ដែលជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងដប់ឆ្នាំមកនេះ។
កាលពីថ្ងៃអង្គារ លោក គីស៊ីដា បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា គណបក្សប្រជាធិបតេយ្យសេរីត្រូវការការទទួលបានទំនុកចិត្តពីប្រជាជនឡើងវិញជាបន្ទាន់។ លោកមិនបានលើកឡើងលម្អិតអំពីការស៊ើបអង្កេតជុំវិញរឿងអាស្រូវនេះទេ ប៉ុន្តែបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ការស៊ើបអង្កេតឱ្យបានហ្មត់ចត់។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក គីស៊ីដាបានលើកឡើងពីការពិចារណាលើការកែទម្រង់ច្បាប់ ដើម្បីទទួលបានការជឿទុកចិត្តពីសាធារណៈជនឡើងវិញ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានជាក់លាក់បន្ថែមនោះទេ។
ទន្ទឹមនឹងនោះ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានឱ្យដឹងក្រុមរដ្ឋអាជ្ញាបានអះអាងថា ក្រុមបក្សពួករបស់បក្សកាន់អំណាចបានលាក់បាំងថវិកានយោបាយយ៉ាងច្រើន ដែលបានពីការលក់សំបុត្រនៃព្រឹត្តិការណ៍គណបក្សរបស់ពួកគេ។
ក្រុមបក្សពួក អាបេ ដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ (Shinzo Abe) គឺជាក្រុមធំជាងគេនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលក្នុងនោះក៏មានទាំងរដ្ឋមន្ត្រីឧស្សាហកម្ម លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) ដែលត្រូវបានបណ្ដេញចេញថ្មីៗនេះនិងអតីតប្រធានគណៈរដ្ឋមន្ត្រី លោក ហ៊ីរ៉ូកាស៊ូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Jiji បានដកស្រង់សម្ដីរបស់លោកតូស៊ីហ៊ីរ៉ូ នីកៃ (ToshihiroNikai)ដែលដឹកនាំក្រុមបក្សពួក នីកៃថា ៖ «ខ្ញុំសុំទោសជាខ្លាំងហើយយើងនឹងសហការដោយស្មោះត្រង់ជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះ»៕